នៅថ្ងៃពុធនេះ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បានសន្យាថា នឹងរក្សាការប្រើប្រាស់គោលការណ៍របស់លោក ដោយនឹងធ្វើការវាយសម្រុកលើក្រុម Liverpool ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ 8ក្រុមចុងក្រោយ ជើងទី1 របស់ពួកគេ បើទោះបីទទួលស្គាល់ថា លោកត្រូវលេងក្នុងក្រញាំដៃគូប្រជែងរបស់លោកក៏ដោយ។
Liverpool គឺជាក្រុមតែមួយគត់ដែលបានផ្តួលក្រុមខ្លាំង Man City ក្នុងក្របខ័ណ្ឌ Premier League ក្នុងរដូវកាលនេះ ក្រោយពីបានយកឈ្នះក្នុងលទ្ធផល 4-3 នាកីឡដ្ឋាន Anfield កាលពីខែមករា។ ខ្សែប្រយុទ្ធដ៏មុតស្រួចទាំង3 របស់ក្រុមម្ចាស់ផ្ទះដែលរួមមាន Mohamed Salah, Roberto Firmino និងSadio Mane សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីទាំងអស់ ដោយទាំង3 នាក់នេះរកបានគ្រាប់បាល់សរុបដល់ទៅ៧៥គ្រាប់ឯណោះក្នុងរដូវកាលនេះ។
ប៉ុន្តែ ទោះបីជាយ៉ាងណា បច្ចេកទេសលេងប្រកបដោយការវាយសម្រុករបស់លោក Guardiola តែងបានទទួលជោគជ័យក្នុងរាល់ក្លិបដែលលោកបានដឹកនាំក្នុងអាជីពជាគ្រូបង្វឹករបស់លោក ពោលគឺចាប់ពីក្លិប Barcelona, Bayern Munich និងបច្ចុប្បន្នជាមួយនឹង Man City។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះជឿជាក់ថា បច្ចេកទេសលេងបែបវាយសម្រុក គឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ Man City ក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកទី2 របស់ពួកគេ ប៉ុន្តែជាលើកទី8 ក្នុងចំណោម 9រដូវកាលរបស់លោកក្នុងនាមជាគ្រូបង្វឹក។ លោក Guardiola បាននិយាយកាលពីថ្ងៃអង្គារថា៖ «ខ្ញុំដឹងថា របៀបដែលយើងលេងគឺល្អសម្រាប់ Liverpool ពីព្រោះពួកគេជាក្រុមមួយដែលវាយសម្រុកបែបនេះ មិនដូចក្រុមផ្សេងក្នុងពិភពលោកឡើយ ជាពិសេស Mane, Salah, Firmino ដែលសុទ្ធតែជាខ្សែប្រយុទ្ធឆ្នើមទាំងអស់»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ប៉ុន្តែ មធ្យោបាយដ៏ល្អបំផុតក្នុងការឈ្នះ គឺត្រូវធ្វើតាមរបៀបដែលយើងបានធ្វើចាប់តាំងពីយើងស្ថិតនៅទីនេះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង1:45ទៀបភ្លឺ៕
ប្រភពព័ត៌មាន៖ Sky Sports