ការសន្និដ្ឋានរបស់ Albert Einstein បានឱ្យដឹងថាដើម្បីឱ្យមានចិត្តស្រឡះល្អ និងមានថាមពលដ៏អស្ចារ្យនោះ គឺត្រូវធ្វើខ្លួនឱ្យរីករាយដូចកូនក្មេង។ ចាប់ផ្តើមពីសេចក្ដីសន្និដ្ឋានខាងលើនេះ មានស្ថាប័នស្រាវជ្រាវមួយបានចាប់ផ្តើមធ្វើការសាកល្បងសិក្សាកាន់តែសីុជម្រៅឡើងពីភាពរីករាយ ឬចរិតកំប្លែងលេងរបស់មនុស្សជាមួយនឹងភាពវៃឆ្លាត របស់ពួកគេក្នុងការគិតលើបញ្ហានានា។
តាមការស្រាវជ្រាវនៅក្នុងប្រទេសអូទ្រីស កាលពីពេលថ្មីៗនេះបានរកឃើញថា មនុស្សដែលចូលចិត្តកំប្លែង ឬលេងសើចច្រើន ភាគច្រើនជាមនុស្សដែលមានកម្រិតនៃភាពវៃឆ្លាត (IQs) ខ្ពស់ជាងមនុស្សដែលមិនសូវលេងសើចឬមិនសូវមានភាពរីករាយក្នុងជីវិត។ របាយការណ៍នៃការស្រាវជ្រាវបានបង្ហាញជាភ័ស្តុតាងថា ដើម្បីធ្វើឱ្យមនុស្សមានគំនិតសប្បាយរីករាយបាន គឺត្រូវមានភាពឆ្លាតវៃនិងសមត្ថភាពក្នុងការគិតយ៉ាងវិជ្ជមានជាមុនសិនបន្ទាប់មកពួកគេនឹងបញ្ចេញសកម្មភាព ប្រកបដោយភាពរស់រវើក ហើយធ្វើការងារបានលឿន និងមិនចេះនឿយហត់។ ពួកគេបានបង្ហាញពីលទ្ធផលនៃការវិភាគផងដែរថា មនុស្សកំប្លែងក៏មានភាពវៃឆ្លាតផ្នែកការដោះស្រាយបញ្ហាយ៉ាងពិត-ប្រាកដដែរ (verbal and non-verbal intelligence)។
ក្រៅពីនេះ បុគ្គលដែលមានភាពឆ្លាតវៃទាំងអស់នោះក៏មានលក្ខណៈពិសេសមួយផ្សេងទៀតផងដែរ គឺមនុស្សគ្រប់គ្នាចូលចិត្តទាក់ទងជាមួយគាត់ ព្រោះការសិក្សាស្រាវជ្រាវបានបង្ហាញភ័ស្តុតាងឱ្យឃើញយ៉ាងច្បាស់ថា អ្នកដែលមានអារម្មណ៍រីករាយពីខាងក្នុងមិនត្រឹមតែមាន IQ ខ្ពស់ប៉ុណ្ណោះទេ តែពួកគេថែមទាំងមានកម្រិតភាពឆ្លាតវៃខាងអារម្មណ៍ (Emotional intelligence, EQ) និងទទួលពិន្ទុល្អផ្នែកទំនាក់ទំនងថែមទៀតផង។
មិនថា ពួកគេជានារី ឬបុរសនោះទេ បុគ្គលដែលមានអារម្មណ៍រីករាយច្រើន តែងតែទទួលបានពិន្ទុខ្ពស់នៅពេលដែលពួកគេបង្ហាញខ្លួនជាសាធារណៈ ឬទទួលបានការចាប់អារម្មណ៍ច្រើននៅក្នុងការទំនាក់ទំនង ដែលគេអាចក្លាយជាដៃគូល្អសម្រាប់រយៈពេលយូរអង្វែងលើរាល់ការងារសំខាន់ៗ ក៏ដូចជាអាជីវកម្មជាដើម។
នៅក្នុងផ្នែកចិត្តវិទ្យា គេប្រើប្រាស់ភាពវិជ្ជមាននៃគំនិតរីករាយដើម្បីជំរុញមនុស្សឱ្យមានទំនាក់ទំនងល្អ ហើយបង្កើតភាពខ្លាំងនៅក្នុងអារម្មណ៍ដើម្បីលើកទឹកចិត្តឱ្យពួកគេក្លាយជាមនុស្សដែលមានសក្តានុពលលើគ្រប់ការងារ ទាំងផ្នែកឯកជន និងការធ្វើការងារជាក្រុម។ អ្នកជំនាញបានរកឃើញផងដែរថា មនុស្សដែលអាចរកឃើញនូវការងារដែលមានភាពសប្បាយរីករាយច្រើន ភាគច្រើនជាអ្នកដែលអាចរកឃើញសេចក្តីសុខយ៉ាងពិតប្រាកដ ហើយមិនចូលចិត្តធ្វើការងារទាំងឡាយណាដែលគេមិនស្រឡាញ់ ឬការងារបែបមានសម្ពាធនោះទេ ព្រោះគេអាចឆាប់ធុញទ្រាន់។ ភាគច្រើនគេជាមនុស្សដែលស្វែងរកសេចក្តីសុខ និងបន្តអភិវឌ្ឍលើផ្លូវដែលគេពេញចិត្ត ដោយមិនបង្ខំចិត្តធ្វើរឿងសាំញ៉ាំដើម្បីតែលុយកាក់ ឬមុខមាត់នោះទេ៕