ពិព័រណ៍អចលនទ្រព្យកម្ពុជាដែលរៀបចំដោយ Realestate.com.kh នៅសាលធំនៃសណ្ឋាគារ ណាហ្គាវើល កាលពីថ្ងៃសុក្រ និងថ្ងៃសៅរិ៍សប្តាហ៍មុនមានអ្នកចូលរួមប្រមាណ៣០០០នាក់ រួមមានអ្នកវិនិយោគជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ជុំវិញព្រឹត្ដិការណ៍នេះត្រូវបានលោកThomas O’Sullivanនាយកប្រតិបត្តិគេហទំព័រអចលនទ្រព្យ Realestate.com.khលើកឡើងថា តាមរយៈពិព័រណ៍អចលនទ្រព្យរបស់យើងបានធ្វើឲ្យវិនិយោគិនកាន់តែមើលឃើញឱកាសវិនិយោគកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ថែមទៀតថា “នៅពេលដែលវិនិយោគិនមកក្នុងកម្មវិធីពិព័រណ៍អចលនទ្រព្យរបស់យើង ពួកគេអាចស្វែងយល់អំពីទីផ្សារកម្ពុជាដែលបានផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេស។ ក្នុងនោះដែរ ពួកគេបានធ្វើដំណើរមកដើម្បីស្វែងយល់បន្ថែមពីភាពរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលបាន និងកំពុងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ដែលការអភិវឌ្ឍទាំងនេះបានបង្កើន ទំនុកចិត្តដល់អ្នកវិនិយោគផ្នែកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាជាខ្លាំង។”
នាយកប្រតិបត្តិគេហទំព័រអចលនទ្រព្យ Realestate.com.khបញ្ជាក់ថា៖”តាមរយៈលទ្ធផលដែលយើងទទួលបានអាចនិយាយបានថា ជាជោគជ័យមួយដ៏ធំធេងសម្រាប់យើងដែលជាអ្នករៀបចំព្រឹត្ដិការណ៍នេះ និងយើងមានគម្រោងរួចជាស្រេចហើយសម្រាប់ព្រឹត្តិការណ៍បន្ទាប់ដែលនឹងកាន់តែធំ និងកាន់តែពិសេសជាងនេះទៅទៀត”។
ដោយសារពួកយើងជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេស ទើបអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះភាគច្រើនជាអតិថិជនគោលដៅរបស់គេហទំព័រ Realestate.com.kh និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។ ដូច្នេះក្នុងព្រឹត្ដិការណ៍នេះ យើងទទួលបានអ្នកចូលរួមទស្សនា និងម្ចាស់គម្រោងជាច្រើនចូលរួមសហការជាមួយ ។
តាមរយៈព្រឹត្ដិការណ៍នេះមាន៣០ កិច្ចសន្យាទិញត្រូវបានធ្វើនៅក្នុងកន្លែងពិព័រណ៍តែម្តង ដែលតម្លៃនៃយូនីតសរុប ស្មើនឹងចំនួនទឹកប្រាក់សរុបប្រមាណជាង៣លានដុល្លារអាមេរិក។
ក្នុងនោះអតិថិជនដែលបានទិញលំនៅដ្ឋានចំនួន៣នាក់បានឈ្នះរង្វាន់សំបុត្រយន្តហោះទៅក្រៅប្រទេសពីក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ។ អ្នកចូលរួមប្រមាណ ៤០ភាគរយជាជនជាតិចិន ឬអ្នកចេះនិយាយភាសាចិន និងចំនួន២០ភាគរយជាបរទេសចម្រុះជាតិសាសន៍ ចំណែកឯចំនួន៤០ភាគរយទៀតជាជនជាតិខ្មែរ។
អ្នកនាង Kelly ជានាយករងផ្នែកទីផ្សារ និងផ្នែកលក់នៃក្រុមហ៊ុនអភិវឌ្ឍន៍ Creed Group បានឲ្យដឹងថា “ក្រុមហ៊ុន Creed Group បានដាក់បង្ហាញគម្រោងអភិវឌ្ឍន៍ចំនួន៣មានដូចជា៖ គម្រោង Bodaiju គម្រោងបុរីមហាសែនសុខ និងគម្រោង Arata Garden Residences ហើយទទួលបានលទ្ធផលដ៏ប្រសើរបំផុត ដោយទទួលបានការកក់ទិញចំនួន២១យូនីត ពីគម្រោងអភិវឌ្ឍន៍បច្ចុប្បន្ន និងគម្រោងថ្មីបន្ទាប់គឺ Arata Garden Residences”។
ចំណែកអ្នកស្រី Intan Kosem ម្ចាស់គម្រោងខុនដូ Habitat Condos បាននិយាយថា “យើងមានសេចក្តីសោមនស្ស រីករាយយ៉ាងខ្លាំងក្នុងការធ្វើការបង្ហាញអំពីគម្រោងលំនៅដ្ឋានខុនដូ Habitat នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។ ជាក់ស្តែង ពួកយើងលក់ខុនដូបានចំនួន ១យូនីតទៅឲ្យអតិថិជនម្នាក់មកពីបរទេសនៅក្នុងព្រឹត្តិការណ៍នេះ។ ក្រៅពីនេះយើងទទួលបានអ្នកចាប់អារម្មណ៍ទិញ និងអ្នកចូលមកទស្សនាគម្រោងរបស់យើងជាច្រើននាក់ផ្សេងទៀត។ យើងរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះលើកក្រោយទៀត!”។
អ្នកស្រីបន្ដថា យើងមានការពេញចិត្តយ៉ាងខ្លាំងដែលពួកយើងបានចូលរួមជាមួយព្រឹត្តិការណ៍បង្ហាញអចលនទ្រព្យ ដែលរៀបចំឡើងដោយ Realestate.com.kh នៅសណ្ឋាគារណាហ្គាវើលនេះ។ ព្រឹត្តិការណ៍នេះអាចឲ្យពួកយើងបានទទួលការលក់ដោយផ្ទាល់យ៉ាងច្រើន និងទទួលបានអ្នកដែលមានបំណងទិញពិតប្រាកដជាច្រើននាក់ពីព្រឹត្តិការណ៍នេះ។
លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុន LK Development Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងខុនដូ The Elements បានលើកឡើងថា “ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យដ៏ធំមួយនេះ គឺទទួលបានលទ្ធផលល្អលើសពីការរំពឹងទុករបស់យើង Realestate.com.kh បានបំពេញនូវអ្វីដែលពួកគេបានសន្យាជាមួយនឹងម្ចាស់គម្រោងទាំងអស់។ យើងបានជួបអ្នកទិញដែលមានសក្តានុពល ក៏ដូចជាវិនិយោគិនសំខាន់ៗជាច្រើនលើសពីការចង់បានរបស់យើងទៅទៀត។ យើងប្រាកដ ណាស់ថា ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យជាកម្មវិធីដ៏ល្អបំផុតនៅក្នុងទីផ្សារ ហើយយើងមានភាពរីករាយនឹងធ្វើការជាមួយ Realestate.com.kh នាពេលអនាគត”៕