អ្នកសិក្សាមួយចំនួនហាក់កំពុងមានការយល់ច្រឡំថា អ្នកដែលខំរៀនទាំងអស់សុទ្ធតែជាអ្នករៀនចេះ ឬសុទ្ធតែជាអ្នកដែលជោគជ័យក្នុងការសិក្សា តែស្ថានភាពពិតគឺអាចខុសស្រឡះពីការគិត ព្រោះមានអ្នកខំរៀនមួយចំនួនបែរជាជោគជ័យតិចជាងអ្នកដែលមើលទៅមិនសូវខំក៏មាន។ បញ្ហាទាំងអស់នេះ អាចកើតឡើងពីវិធីសាស្ត្រក្នុងការគិត និងអនុវត្តសម្រាប់ទទួលបានភាពល្អប្រសើរក្នុងជីវិតសិក្សា។
កញ្ញា ឡាំ សុវណ្ណី និស្សិតដែលទទួលបាននិទ្ទេស A រាល់ឆ្នាំ និងជានិស្សិតដែលបានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ បានលើកឡើងថា លក្ខណសម្បត្តិរបស់និស្សិតពូកែមានច្រើនណាស់ ហើយខុសប្លែកគ្នាទៅតាមជំនាញ និងវិធីសាស្ត្ររៀងៗខ្លួន។ សម្រាប់អ្នករៀនពូកែភាគច្រើនជាអ្នកដែលមានវិធីសាស្ត្ររៀនច្បាស់លាស់ មិនមែនខំដោយគ្មានគោលគំនិតនោះទេ។ ចំណុចសំខាន់ទី1 សម្រាប់អ្នករៀនពូកែ គឺគេជ្រើសរើសយកមុខវិជ្ជាត្រឹមត្រូវ ហើយមុខវិជ្ជាទាំងអស់នោះជាមុខវិជ្ជាដែលគេស្រឡាញ់ពេញចិត្តពិតប្រាកដ។
កាលណាមនុស្សសិក្សាលើមុខវិជ្ជាដែលគេមិនស្រឡាញ់ ទោះបីជាខិតខំរៀនខ្លាំងក៏មានការលំបាកដែរ ព្រោះចិត្តយើងមិនចង់ ហេតុនេះកាន់តែជម្នះខ្លួនឯង កាន់តែមានអារម្មណ៍ថាធុញទ្រាន់ តែប្រសិនបើយើងជ្រើសរើសចំមុខវិជ្ជាដែលខ្លួនស្រឡាញ់វិញ យើងនឹងអាចរៀនដោយមិនធុញទ្រាន់ ហើយក៏ឆាប់យល់ច្បាស់ដែរ ព្រោះយើងមានទេពកោសល្យពីកំណើតស្រាប់ទៅហើយ។
កញ្ញា ឡាំ សុវណ្ណី បាននិយាយថា៖ “ចំណុចសំខាន់មួយទៀតដែលធ្វើឱ្យអ្នកខំរៀនមួយចំនួនមិនសូវទទួលបានលទ្ធផលល្អ គឺការធ្វើដោយគ្មានផែនការ។ នៅពេលដែលយើងរៀនអ្វីមួយដោយគ្មានផែនការ និងការស្រាវជ្រាវច្បាស់លាស់ វានឹងធ្វើឱ្យយើងពិបាកយល់ ហើយមេរៀនទាំងអស់នោះ នឹងគរច្រើនឡើងៗ រហូតដល់យើងមិនដឹងថាត្រូវចាប់ផ្តើមពីណាទៅណា បញ្ហានេះ អាចនឹងធ្វើឱ្យសិស្សទាំងអស់នោះមិនអាចអនុវត្តបានល្អនៅពេលប្រឡង បើទោះបីជាខំអាន ឬមើលច្រើនដងយ៉ាងណាក៏ដោយ។
និស្សិតឆ្នើមខាងលើ បានលើកឡើងផងដែរថា ការកំណត់ផែនការច្បាស់លាស់សម្រាប់សិក្សាគឺជារឿងសំខាន់ណាស់ ព្រោះថា នៅក្នុងអំឡុងពេលសិក្សា យើងចាំបាច់ត្រូវតែដឹងឱ្យបានច្បាស់ជាមុនថា យើងនឹងត្រូវរៀនពីអ្វីខ្លះ ហើយរាល់មេរៀនទាំងអស់នោះត្រូវតែស្រាវជ្រាវឱ្យបានច្បាស់លាស់មុនដល់ម៉ោងសិក្សា។ នៅពេលដែលយើងស្រាវជ្រាវបានមុន យើងនឹងមានសំណួរជាច្រើនដែលអាចសួរនៅក្នុងម៉ោងរៀន ហើយក្រោយពេលសួរអស់ហើយ យើងនឹងអាចដឹងពីហេតុផលនៃមេរៀន ហើយចងចាំដោយមិនបាច់ខំប្រឹងដាច់យប់ដើម្បីរត់តាមមេរៀនដែលចេះតែទៅមុខរាល់ថ្ងៃនោះទេ។
ចំណុចសំខាន់មួយទៀតដែលត្រូវដឹងនោះគឺ ការជឿជាក់ខ្លួនឯង។ អ្នករៀនដែលពូកែ ភាគច្រើនជាអ្នកដែលមានទំនុកចិត្តលើខ្លួនឯង មានភាពច្បាស់លាស់ពីហេតុផលនៃមេរៀនត្រឹមត្រូវ ហើយមិនងាយប្រែប្រួលទៅតាមស្ថានការណ៍ណាមួយ ឬទៅតាមគេនោះទេ។ ខុសគ្នាស្រឡះពីអ្នកដែលរៀនមិនសូវពូកែ ពេលខ្លះខំប្រឹងប្រែងអានចាំមាត់ តែងាយនឹងជឿតាមអ្នកផ្សេងដែលមើលទៅពូកែជាង បើទោះបីជាអ្នកនោះពេលខ្លះធ្វើខុសក៏ដោយ។
និស្សិតកំពុងសិក្សានៅប្រទេសជប៉ុន និងជាអតីតសិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យា លោកសុខ ពិសី បានលើកឡើងថា ការរៀនពេលខ្លះមិនលំបាកខ្លាំងពេកនោះទេ ប្រសិនបើយើងឧស្សាហ៍អនុវត្តតាមដំណាក់កាល។ ការដែលយើងមានភាពឈឺក្បាលខ្លាំងលើលំហាត់លំបាកៗ ភាគច្រើន មកពីយើងមិនបានចាប់ផ្តើមពីដំណាក់កាលដំបូងៗឬមើលងាយលំហាត់តូច។ ពេលខ្លះលំហាត់លំបាកៗហើយមានភាពស៊ីជម្រៅ ឬក្បួនច្រើន ភាគច្រើនគេប្រមូលផ្តុំប្រភេទក្បួនតូចៗបញ្ចូលគ្នា ហើយបង្កើតជាលំហាត់ធំតែប៉ុណ្ណោះ ប្រសិនបើយើងតាមទាន់គ្រប់ដំណាក់កាលឱ្យជាប់ យើងនឹងអាចធ្វើវាបានដោយងាយ។
លោក សុខ ពិសី បាននិយាយថា៖ “ការតាមដាននិងស្វែងយល់ពីឫសគល់នៃមេរៀននីមួយៗ ជាវិធីល្អមួយសម្រាប់អ្នកខំរៀន ព្រោះថា នៅពេលដែលយើងយល់មកពីក្នុងសាលាហើយ យើងអាចចំណាយពេលនៅផ្ទះច្រើនដើម្បីអនុវត្ត ហើយមិនចាំបាច់ត្រូវខំអាន ឬមើលលំហាត់ច្រើនពេកនោះទេ។
និស្សិតពូកែខាងលើបានលើកឡើងផងដែរថា នៅពេលយើងមានវិធីឆ្លាតវៃក្នុងការរៀនហើយ យើងនឹងអាចសល់ពេលច្រើនក្នុងការគិត ឬធ្វើអ្វីៗជាច្រើនផ្សេងទៀតដែលផ្តល់ផលវិជ្ជមានសម្រាប់ការសិក្សា។ ហេតុនេះប្រសិនបើយើងចង់ចំណាយពេលឱ្យមានប្រយោជន៍ ហើយអាចចងចាំបានល្អ ការផ្តោតអារម្មណ៍នៅក្នុងម៉ោងរៀន និងព្យាយាមដោះស្រាយនូវចម្ងល់ដែលជាមន្ទិល ហើយលំបាកដោះស្រាយ យើងនឹងអាចរៀនដោយភាពសប្បាយរីករាយ ហើយមិនលំបាកស្មុគស្មាញពេកនោះទេ៕