មមាញ គឺជារុក្ខជាតិអាហារមួយប្រភេទដែលប្រជាពលរដ្ឋខ្មែរយើងនិយមបេះយកដើមខ្ចីៗយកទៅធ្វើជាបន្លែជ្រក់ លាយជាមួយសណ្តែកបណ្តុះមានរសជាតិឆ្ងាញ់ពិសា ពិសេសញ៉ាំផ្ទាប់ជាមួយត្រីអាំង (ជាម្ហូបខ្មែរសុទ្ធ) ពិតជាមានឱជារសគួរឱ្យចង់ទទួលទានខ្លាំងណាស់។
កសិករដែលដាំដើមមមាញនៅភូមិក្បាលកោះ ឃុំកោះខ្សាច់ជន្លា ស្រុកស្អាង ខេត្តកណ្តាល គឺអ្នកស្រីឯក សៀកគីម បានឱ្យដឹងថា គ្រួសារគាត់បានប្រកបរបរដាំដើមមមាញលក់ អស់រយៈពេល 3ឆ្នាំមកហើយនៅលើផ្ទៃដី 50 គុណនឹង70ម៉ែត្រ។ ក្នុងមួយថ្ងៃអាចកាត់លក់បានចន្លោះពី20ម៉ឺនរៀល ទៅ30ម៉ឺនរៀល និងងាយស្រួលថែទាំជាងដំណាំដទៃទៀត ហើយថែមទាំងឆាប់ទទួលបានផលទៀតផង។
អ្នកស្រីបញ្ជាក់ថា ដាំដើមមមាញមិនសូវជាមានសត្វល្អិតមកយាយីនោះទេ គ្រាន់តែប្រើជីអាចម៌គោរោយលើថ្នាលពេលដាំដំបូង ហើយស្រោចទឹកឱ្យបានជាប់ជាប្រចាំ ត្រឹមតែរយៈពេល1ខែប៉ុណ្ណោះ ដើមមមាញនឹងផ្តល់ផលអាចច្រូតបាន មានម៉ូយមកទទួលទិញដល់ចម្ការ ឬយកទៅបោះឱ្យម៉ូយនៅផ្សារនាគមាសក្នុងក្រុងភ្នំពេញក៏បាន។
ចំពោះវិធីសាស្ត្រដាំដុះ មុនដំបូងគេគ្រាន់តែភ្ជួរដីហាលចោលមួយសប្តាហ៍ ដើម្បីឱ្យដីបានឆ្អិនល្អ សម្លាប់មេរោគ និងកុំឱ្យស្មៅដុះច្រើន រួចហើយគេលើកជាថ្នាល ចន្លោះមួយម៉ែត្រពីរងមួយទៅរងមួយទៀត បន្ទាប់មកទើបយកចំបើងទៅក្រាលពីលើស្តើងៗដើម្បីការពារឱ្យដីរក្សាសំណើមបានយូរ រួចទើបយកគ្រាប់មមាញទៅរោយពីលើថ្នាល ហើយស្រោចទឹកព្រឹក-ល្ងាច។ រយៈពេល 3ថ្ងៃគ្រាប់មមាញនឹងដុះពន្លកចេញស្លឹកពីរ បន្ទាប់ពីនោះមិនបាច់ស្រោចទឹកជាប្រចាំទេ ត្រូវស្រោចទឹកមួយថ្ងៃរំលងមួយថ្ងៃ ដោយមិនបាច់ថែទាំបាញ់ថ្នាំសម្លាប់សត្វល្អិតនោះទេ ព្រោះដើមមមាញមិនមានពពួកដង្កូវ ឬសត្វល្អិតផ្សេងៗមកយាយីច្រើនទេ ហើយត្រឹមតែមួយខែដើមមមាញក៏នឹងលូតលាស់ធំឡើង និងអាចកាត់យកទៅលក់បានហើយ។
អ្នកស្រីបន្ថែមថា ក្នុងទំហំដី 50ម៉ែត្រគុណនឹង 70ម៉ែត្រ គ្រួសារគាត់អាចច្រូតលក់បានចន្លោះពី200គីឡូក្រាម ទៅ300គីឡូក្រាមក្នុងមួយថ្ងៃ ដោយលក់ក្នុងតម្លៃ1,000រៀល ទៅ1,200រៀលក្នុងមួយគីឡូក្រាម ទៅតាមការកុម្ម៉ងទិញរបស់ម៉ូយ។ ដើមមមាញមិនមែនច្រូតលក់តែមួយដងហើយអស់នោះទេ ពេលច្រូតម្តងរួចហើយ ត្រូវស្រោចទឹកថែទាំដាក់ជីឡើងវិញម្តងទៀត ពេលនោះដើមមមាញនឹងបែកមែកលូតលាស់សាជាថ្មី និងអាចកាត់លក់បានទៀត។
ពោលគឺកាត់វិលជុំនៅលើផ្ទៃដីទំហំ 50គុណនឹង70ម៉ែត្រនេះ គេអាចកាត់មួយថ្ងៃខានមួយថ្ងៃបាន ប៉ុន្តែទោះយ៉ាងណាវាមានអាយុកាលត្រឹមតែពីរខែប៉ុណ្ណោះ ព្រោះពេលនោះដើមមមាញនឹងចាស់ លែងឱ្យផល តែគេអាចទុកឱ្យវាចេញផ្លែទុកធ្វើពូជបន្ត ឬយកគ្រាប់លក់បន្តបាន ដែលជាទូទៅគ្រាប់មមាញមួយគីឡូក្រាម មានតម្លៃពី 6ទៅ7ម៉ឺនរៀល។
ទោះយ៉ាងណា ក្រោយពីមមាញចាស់ដើម គេអាចភ្ជួរដីហាលចោលសាជាថ្មី ដើម្បីដាំវាឡើងវិញម្ដងទៀត ដោយប្រើរយៈពេលត្រឹមតែ1ខែដូចមុន ដើមមមាញថ្មីនឹងឱ្យហុចផលអាចកាត់លក់បានបន្តទៀតហើយ ឯតម្លៃទៀតសោតក៏នៅនឹងមិនសូវប្រែប្រួលទេ ពោលគឺនៅត្រឹម1,000រៀល ទៅ1,200រៀលក្នុងមួយគីឡូក្រាមរហូត ដោយសារតែមិនសូវមានអ្នកដាំច្រើន៕