ហ្សាការតា៖ រដ្ឋមន្ត្រីទូរគមនាគមន៍ និងទំនាក់ទំនងឥណ្ឌូណេស៊ី លោក Rudiantara បានគំរាមបិទបណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook ចោល បើសិនទិន្នន័យ ឬព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានរំលោភបំពាន និងបែកធ្លាយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃទី03 ខែមេសា ឆ្នាំ2018។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Bloomberg លោក Rudiantara បាននិយាយថា «ប្រសិនបើខ្ញុំតម្រូវឱ្យបិទ (Facebook) នោះខ្ញុំនឹងធ្វើវា»។ លោកបានបញ្ជាក់បន្ថែមទៀតថា «ខ្ញុំបានបិតកម្មវិធី Telegram ដូច្នេះខ្ញុំគ្មានអ្វីស្ទាក់ស្ទើក្នុងការបិទ (Facebook) នោះទេ»។
រដ្ឋមន្ត្រីជាន់ខ្ពស់រូបនេះ បានឱ្យដឹងទៀតថា ប្រសិនបើខ្លួនទទួលបានព័ត៌មានថា ទិន្នន័យនៃអ្នកប្រើប្រាស់ Facebook នៅឥណ្ឌូណេស៊ី ត្រូវបានរំលោភបំពាន នោះលោកនឹសម្រេចចិត្តបិទ Facebook។
គួរបញ្ជាក់ថា ថ្មីៗនេះ Facebook បានទទួលរងការចោទប្រកាន់ ថាបានអនុញ្ញាតឱ្យមានការលូកដៃចូលយកព័ត៌មានសម្ងាត់របស់អ្នកប្រើប្រាស់ប្រមាណជាង ៥០លាននាក់ ដែលទើបត្រូវបានបែកធ្លាយកាលពីខែមុននេះ ជាពិសេស លោក Mark Zuckerberg សហបិតាស្ថាបនិក និងនាយកប្រតិបត្តិ ក៏កំពុងប្រឈមមុខនឹងការឡើងស្រាយបំភ្លឺ មុខសភាអាមេរិក និងអង់គ្លេស ព្រមទាំងបានសុំទោសដល់ពិភពលោកទាំងមូលថែមទៀត ហើយក្រោយពីបែកធ្លាយព័ត៌មាននេះ បានធ្វើឱ្យ Facebook ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ក្នុងតម្លៃជាភាគហ៊ុន៕