Skip to content

សម្ពាធ​កំពុង​កើតមាន​លើ Real និង​លោក Zidane ពេល​ប៉ះ Juventus រាត្រី​នេះ

សម្ពាធផ្សេងៗ នឹងត្រូវ​កើតមានឡើង​ចំពោះ​លោក Zinedine Zidane ម្តងទៀត នៅពេលដែល​ក្រុម Real Madrid របស់លោក​ត្រូវធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Turin ក្នុងការ​ប្រកួត​ដ៏​សំខាន់​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ។ លោក Zidane បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា លោក​ចង់​បន្ត​ដឹកនាំ​ក្លិប Real ប៉ុន្តែ បច្ចុប្បន្ន​បំណង​របស់លោក​នឹងត្រូវ​អាស្រ័យទៅលើ​ការប្រកួត​ក្របខ័ណ្ឌ Champions League របស់​ក្រុម​ដ៏​ធំ​មួយ​នេះ ជាមួយនឹង​ក្រុម Juventus។

Real នឹងត្រូវ​ប៉ះ​ជាមួយ​អតីត​ក្លិប​របស់លោក Zidane ក្នុងការ​ប្រកួត​ជើង​ទី1 នៃ​វគ្គ 8ក្រុម​ចុងក្រោយ​នា​រាត្រី​នេះ ដោយ​ដឹងថា រដូវ​កាល​របស់​ពួកគេ និង​អនាគត​របស់​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ នឹង​ស្ថិត​លើ​ការឈាន​ទៅដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ឬក៏​អត់។ ការ​មានឱកាស​យ៉ាង​ស្តួចស្តើង​ក្នុងការ​ការពារ​ពាន​ក្របខ័ណ្ឌ La Liga រួមទាំង​ការធ្លាក់​ចេញពី​ពាន Copa del Rey មានន័យថា បច្ចុប្បន្ន ពួកគេ​នៅសល់​ត្រឹមតែ 1យុទ្ធនាការ​ទៀត​ប៉ុណ្ណោះ​ក្នុងការ​ប្រជែង​ដណ្តើមពាន​នៅ​រដូវ​កាល​នេះ។

ប៉ុន្តែ ទោះបីជា​យ៉ាងណា ក្រុម Real កំពុងតែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​នាពេលថ្មីៗនេះ។ Real ដណ្តើមបាន​ជ័យជម្នះ 10លើក ក្នុងចំណោម​ការប្រកួត 11លើកចុងក្រោយ​របស់​ពួកគេ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការយក​ឈ្នះ​លើ​ក្រុម PSG ផងដែរ។ ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី 36គ្រាប់​ក្នុងការ​ប្រកួត​ទាំង 11លើក​នោះ ដែល​មានន័យថា ជា​មធ្យម​ពួកគេ​រកបាន 3គ្រាប់​ក្នុង​មួយ​ប្រកួត។ ខ្សែប្រយុទ្ធ Lucas Vazquez បានឱ្យដឹងថា៖ «ការប្រកួត​នេះ​កើត​ចំពេល​ដ៏​ល្អ​សម្រាប់​យើង។

យើង​កំពុងតែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដោយ​យើង​បាន​លេង​កាន់តែ​ល្អ រកបាន​គ្រាប់​បាល់​កាន់តែច្រើន។ វា​ជា​ពេលវេលា​ដ៏​ល្អ​មួយ ហើយ​បច្ចុប្បន្ន យើង​ត្រូវតែ​ដណ្តើមយក​ប្រៀប​ក្នុងការ​ប្រកួត​នេះ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

ប្រភពពី៖ Sport24

Leave a Reply

Your email address will not be published. Required fields are marked *