Skip to content

ក្រសួង​ជំរុញ​ឱ្យ​អ្នកវិនិយោគ​គម្រោង​លំនៅឋាន​ទាំងអស់ គិតគូរ​អំពី​បរិស្ថាន

ឆ្លើយតប​ទៅនឹង​ការផ្លាស់ប្តូរ​អាកាសធាតុ និង​ការរស់នៅ​ប្រកបដោយ​ផាសុកភាព ឯកឧត្តម ជា​សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ជំរុញ​ដល់​ម្ចាស់​គម្រោងវិនិយោគ​បុរី​លំនៅឋាន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​អំពី​បរិស្ថាន ដោយ​ត្រូវ​ដាំ​ដើមឈើ​ឱ្យបាន​ច្រើន​ដើម្បី​រៀបចំ​ឱ្យមាន​ជា​តំបន់​បៃតង​នៅក្នុង​គម្រោង​បុរី​លំនៅឋាន​របស់ខ្លួន។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានលើកឡើង​ក្នុង​ពិធី​បុកគ្រឹះ​សាងសង់​ផ្សារ​ទំនើប PH Diamond Place ស្ថិតនៅលើ​ផ្ទៃដី 6ហិកតា​តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ ឬ​ផ្លូវ 60ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ កាលពី​ចុង​សប្តាហ៍​មុននេះ​ថា ដើម្បី​ផ្តល់​ទំនុកចិត្ត​ទៅដល់​អតិថិជន ម្ចាស់​គម្រោង​វិនិយោគ​បុរី​លំនៅឋាន​នានា ទាំង​បុរី​តូច និង​ធំ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​បរិស្ថាន ពិសេស​ត្រូវបង្កើត​ឱ្យ​គម្រោង​របស់ខ្លួន​ក្លាយទៅជា​តំបន់​បៃតង​ស្រស់​តាមរយៈ​ការដាំ​ដើមឈើ​ដើម្បី​ការពារ​បរិស្ថាន​ទប់ស្កាត់​ធាតុអាកាស​ក្តៅ ខណៈដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​បម្រែបម្រួល​អាកាសធាតុ​កាន់តែ​ក្តៅឡើងៗពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

ក្នុងនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី​បាន​លើកសរសើរ​ទៅដល់​គម្រោង​បុរី​ប៉េង​ហួត​ដែល​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​ស្ថាបត្យកម្ម​បានល្អ​ជាងគេ​ក្នុងចំណោម​បុរី​លំនៅឋានផ្សេងៗទៀត ដោយក្នុងនោះ​គម្រោង​បុរី ប៉េង ហួត បានរៀបចំ​ដាំ​ដើមឈើធំៗ រៀបចំ​សួនច្បារ សម្រាប់​ផ្តល់​ភាព​ម្លប់​ត្រជាក់ និង​បង្កើត​បរិស្ថាន​ល្អ​មាន​កន្លែង​សម្រាកលម្ហែ​សម្រាប់​អតិថិជន​របស់ខ្លួន​ឱ្យ​ពួកគាត់​រស់នៅ​បាន​សុខសាន្ត មាន​ផាសុកភាព ក៏ដូចជា​លើកកម្ពស់​ផ្នែក​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​បានល្អ​ទៀតផង។

កន្លងមក​គេ​សង្កេតឃើញថា ម្ចាស់​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​មួយចំនួន​តែង​ផ្សព្វផ្សាយ និង​លើកឡើង​ពី​ចំណុច​ល្អ​នៃ​គម្រោង​របស់ខ្លួន​ដើម្បី​ទាក់ទាញ​អតិថិជន​ឱ្យមក​ទិញ និង​រស់នៅក្នុង​ទីតាំង​វិនិយោគ​របស់ខ្លួន​ឱ្យបាន​ច្រើន ប៉ុន្តែ​នៅពេល​អតិថិជន​ចូលទៅ​រស់នៅ ម្ចាស់​គម្រោង​បែរជា​លែង​យកចិត្តទុកដាក់ លែងគិតគូរ ធ្វើឱ្យ​ពួកគាត់(អតិថិជន)អាក់អន់ចិត្ត​ក្នុងការ​រស់នៅ។

ត្រង់នេះ​ឯកឧត្តម​បាន​មានប្រសាសន៍​ដូច្នេះ​ថា “មុននឹង​សាងសង់​លក់​អ្នកវិនិយោគ​តែង​និយាយ​ពី​ចំណុច​ល្អ​របស់​គម្រោង​ខ្លួន​ថា ល្អ​គួរឱ្យ​ចង់​រស់នៅ ប៉ុន្តែ​ក្រោយពី​សាងសង់​រួច​បែរជា​ទុកចោល មិន​គិតពី​បរិស្ថាន​អនាម័យ​ដល់​អតិថិជន​ដែល​បាន​ទិញ​លំនៅឋាន​ចូលទៅ​រស់នៅ​ទីនោះ ដែល​នេះ​ជា​ចំណុច​មិនល្អ ធ្វើឱ្យ​ខូច​ឈ្មោះ និង​បាត់បង់​ទំនុកចិត្ត​ពី​អតិថិជន និង​លែងមាន​ការគាំទ្រ​បន្តទៀត។

បើតាម​លិខិតបទដ្ឋាន​របស់​ក្រសួង​បាន​តម្រូវឱ្យ​ម្ចាស់​អភិវឌ្ឍន៍​បុរី​លំនៅឋាន​ទាំងអស់ ពិសេស​អ្នក​អភិវឌ្ឍន៍​ដើម្បី​លក់​យកប្រាក់​ចំណេញ យ៉ាងហោចណាស់​ត្រូវ​ទុក​ដី​ឱ្យបាន 7ភាគរយ​នៃ​ផ្ទៃដីសរុប​ដើម្បី​បង្កើត​ទៅជា​តំបន់​បៃតង តាមរយៈ​ការដាំ​ដើមឈើ និង​បង្កើតជា​សួនច្បារ និង​ទីធ្លា​សម្រាប់​ហាត់ប្រាណ​ដើម្បី​ងាយស្រួល​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទៅ​កម្សាន្ត អង្គុយលេង​ស្រូបយក​អាកាសធាតុ​ត្រជាក់​បរិសុទ្ធ ផ្តល់​ផាសុកភាព និង​លើកកម្ពស់​សុខភាព។ ឯកឧត្តម​បាន​បញ្ជាក់ថា “ខ្ញុំ​ក៏មាន​ការសប្បាយ​ចិត្ត​ដែរ នៅពេល​ពលរដ្ឋ​ចូលទៅ​រស់នៅក្នុង​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​មួយ ឬ​ក្នុង​បុរី​ណាមួយ ហើយ​គ្មាន​ការតវ៉ា​ប្តឹង​ផ្ដល់ឱ្យ​ក្រសួង​ទៅ​ជួយ​ដោះស្រាយ​នោះ។

ដើម្បី​ចៀសវាង​ការតវ៉ា​នានា ក្រសួង​បានស្នើ​ដល់​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំងអស់ ត្រូវធ្វើ​ការទំនាក់ទំនង​មក​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់  ដើម្បី​ស្នើសុំ​មន្ត្រី​ជំនាញ​ឱ្យ​ចុះទៅពិនិត្យ​ការដ្ឋាន​សំណង់​របស់ខ្លួន​ជាមុនសិន មុននឹង​ធ្វើការ​បុកគ្រឹះ​សាងសង់​លំនៅឋាន​ឡើង និង​ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នក​នៅក្បែរ​ខាង​ដែលមាន​ព្រំដី​ជាប់​គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *