ក្នុងបរិបទនៃការប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន និងទ្វីបអាស៊ី ការអភិវឌ្ឍធនធានមនុស្សគឺជាចំណុចស្នូលមួយដែលកម្ពុជាត្រូវតែយកចិត្តទុកដាក់ ព្រោះវាជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញដល់ផ្នែកនានាលើគ្រប់វិស័យឱ្យមានការអភិវឌ្ឍកាន់តែខ្លាំងឡើង។
នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ប្រាក់កម្ចីប្រមាណ 60លានដុល្លារដល់កម្ពុជាដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសនានាចាប់ពីឆ្នាំ2019 ដល់ឆ្នាំ2024ខាងមុខ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អុិត សំហេង បានលើកឡើងថា ប្រាក់កម្ចីនេះនឹងជំរុញបន្ថែមនូវប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគម្រោងផ្សេងទៀតដែលនៅសល់រហូតដល់ឆ្នាំ 2024។
ទន្ទឹមនឹងនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានរៀបចំឱ្យមានគម្រោងមួយទៀតដើម្បីអភិវឌ្ឍជំនាញសម្រាប់ការប្រកួតប្រជែង ដែលគម្រោងនេះនឹងចាប់ផ្ដើមធ្វើពីឆ្នាំ2019 ដល់ឆ្នាំ2024 ក្នុងទំហំទឹកប្រាក់ប្រមាណ 60លានដុល្លារអាមេរិក។ គម្រោងនេះ ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងរៀបចំអភិវឌ្ឍគោលនយោបាយជាតិស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ច ឧស្សាហកម្ម និងគោលនយោបាយស្តីពីការអប់រំ បណ្តុះបណ្តាល។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា គម្រោងនេះពិតជាមានសារៈសំខាន់ណាស់។
ឯកឧត្តម បានបន្ថែមថា៖ “តាមរយៈគម្រោងនៃភាពជាដៃគូនេះ វានឹងបង្កើតឱ្យមានភាពជិតស្និទ្ធបន្ថែមទៀតរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ជាពិសេសវិស័យឯកជន ដើម្បីបង្កើនចំណេះដឹងក៏ដូចជាជំនាញបច្ចេកទេសបន្ថែមទៀតសម្រាប់ជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
បើតាមឯកឧត្តមរដ្ឋមន្ត្រី គម្រោងទាំងអស់នេះនឹងបង្កើតឱ្យមានឱកាសយ៉ាងល្អសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាព ហេតុនេះកម្ពុជាចាំបាច់ណាស់ត្រូវតែអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈដល់កម្លាំងពលកម្ម ដើម្បីឆ្លើយតបទៅនឹងអ្វីដែលជាទិសដៅសម្រាប់ការអភិវឌ្ឍប្រទេសនាពេលខាងមុខ៕