ក្នុងសម័យសង្រ្គាមលោកលើកទី 2 គឺជាអំឡុងពេលដែលយន្តហោះចម្បាំងមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការធ្វើសង្រ្គាម តែតើមិត្តអ្នកអានជឿដែរឬទេថា ក្នុងអំឡុងពេលទាំងនោះ បានកើតមានហេតុការណ៍ចម្លែកៗឡើងយ៉ាងអាថ៌កំបាំងនៅលើផ្ទៃមេឃជាច្រើនដង ដែលរហូតមកដល់សព្វថ្ងៃនេះហើយក៏នៅតែមិនអាចដឹងបានថា ម៉េចបានជាហេតុការណ៍ដ៍អាថ៌កំបាំងទាំងនោះកើតឡើងបាន?
ថ្ងៃនេះ ឡារ៉ែន សូមនាំរឿងរ៉ាវដ៏គួរឱ្យងឿងឆ្ងល់ និងចម្លែកចិត្តមួយចំនួនពាក់ព័ន្ធនឹងអាថ៌កំបាំងនៃយន្តហោះខ្មោចទាំងនោះមកជម្រាបជូនទុកគ្រាន់ធ្វើជាចំណេះដឹងដូចខាងក្រោម ៖
1. យន្តហោះខ្មោចឆ្លងអតីតកាល
ក្នុងអំឡុងសង្រ្គាមលោកលើកទី 2 នោះឯង ខាងកងទ័ពបានទទួលរបាយការណ៍មួយថា បានជួបយន្តហោះមួយគ្រឿងដែលត្រូវបានដាក់ឈ្មោះឱ្យថាជាយន្តហោះខ្មោច បង្ហាញខ្លួននៅលើដែនអាកាសជាច្រើនកន្លែង មុននឹងរលាយបាត់ទៅវិញយ៉ាងគ្មានតម្រុយ ដោយសូម្បីតែរ៉ាដាក៏មិនអាចចាប់បានដែរ។
និងដែលគួរចាប់អារម្មណ៍ជាងនោះទៅទៀតក៏គឺ ក្នុងអំឡុងពេល 30 – 40 ឆ្នាំតមកទៀត បានមានរបាយការណ៍ពីគូស្នេហ៍មួយគូដែលកំពុងដើរលេងតាមបណ្តោយថ្នល់ក្នុងតំបន់ជនបទមួយកន្លែង សុខៗ ក៏ស្រាប់តែពួកគេមើលឃើញយន្តហោះដែលមានលក្ខណៈចំណាស់ខុសពីយន្តហោះក្នុងយុគសម័យបច្ចុប្បន្នយ៉ាងស្រឡះកំពុងហោះនៅលើមេឃដូចយន្តហោះធម្មតាទូទៅ មុននឹងសុខៗ វាក៏រលាយបាត់ទៅវិញនៅនឹងមុខពួកគេទាំងពីរយ៉ាងគួរឱ្យភាន់ភាំងក្រៃលែង។
ប្រាកដណាស់ រឿងរ៉ាវយន្តហោះខ្មោចនេះមិនមែនត្រូវបានមនុស្សប្រទះឃើញត្រឹមតែប៉ុណ្ណឹងនោះទេ តែនៅមានរបាយការណ៍ជាច្រើនទៀតពាក់ព័ន្ធនឹងការប្រទះឃើញយន្តហោះដ៏ចំណាស់មួយគ្រឿងនោះ និងក៏មានអ្នកលើកចំណុចសន្និដ្ឋានឡើងដែរថា វាអាចជាការធ្វើដំណើរឆ្លងអតីតកាល ឬអាចនឹងជាអំឡុងពេលដែលពិភពនៃពេលវេលាវឹលមកជាន់គ្នាម្តងទៀតដូចកាលពីអតីតកាល ធ្វើឱ្យយន្តហោះខ្មោចនោះបង្ហាញខ្លួនឡើងក៏អាចថាបានដែរ។
2 . យន្តហោះដែលទទេស្អាត
ក្រោយពីយុទ្ធជនទ័ពអាកាសមួយក្រុមបាននាំយន្តហោះ ហោះចេញទៅបំពេញភារកិច្ចដ៏សែនប្រថុយនឹងគ្រោះថ្នាក់ និងទាំងអស់បានត្រឡប់មកដល់មូលដ្ឋានវិញយ៉ាងសុវត្ថិភាព លើកលែងតែយន្តហោះមួយគ្រឿងប៉ុណ្ណោះដែលបាត់ដំណឹងទៅសូន្យឈឹងតាំងពីពេលណាក៏គ្មានអ្នកណាដឹងឡើយ ទើបធ្វើឱ្យក្រុមយុទ្ធជនអ្នកបើកបរយន្តហោះទាំងនោះប្រញាប់នាំគ្នាហោះត្រឡប់ទៅតាមរកយន្តហោះមួយគ្រឿងនោះវិញ។
មិនយូរប៉ុន្មាន ទាំងអស់គ្នាក៏បានជួបនឹងយន្តហោះដែលបាត់នោះកំពុងតែហោះចុះចតនៅម្តុំបរិវេណឆ្នេរសមុទ្រមួយកន្លែងជិតនឹងខ្សែបន្ទាត់ជើងមេឃ។ ទិដ្ឋភាពដែលពួកគេទាំងអស់គ្នាមើលឃើញគឺ យន្តហោះមួយគ្រឿងនោះហាក់ដូចជាត្រូវខូចខាតយ៉ាងដំណំ តែវាក៏ទម្លាក់ខ្លួនចុះចតទៅលើដីបានយ៉ាងល្អ។
តែនៅពេលពួកគេទាំងអស់គ្នាប្រញាប់រត់ទៅដើម្បីជួយទាញអ្នកបើកចេញបន្ទប់អ្នកបើកបរនោះ ស្រាប់តែទាំងអស់គ្នាត្រូវស្រឡាំងកាំងជាខ្លាំង ព្រោះនៅក្នុងនោះគ្មានអ្នកបើកឡើយ ហើយប្រេងសាំងក៏អស់រលីងពីធុងបម្រុងទៀតផង។ មានការសន្និដ្ឋានថា យន្តហោះមួយគ្រឿងនេះអាចវង្វេងហោះចូលទៅក្នុងពិភពនៃពេលវេលាមួយទៀតរហូតដល់ប្រេងសាំងជិតអស់ទើបចេញមកវិញរួច ចំណែកអ្នកបើកប្រហែលជាបាត់ខ្លួននៅក្នុងពិភពមួយនោះ និងចាប់ពីពេលនោះមកគ្មាននរណាបានឃើញ ឬបានជួបគេទៀតឡើយ។
3 . ការបាត់ខ្លួនសូន្យឈឹងរបស់ក្រុមហោះហើរទី 19
គឺជារបាយការណ៍មួយក្នុងចំណោមរបាយការណ៍ដ៏អាថ៌កំបាំងបំផុតដែលពាក់ព័ន្ធការបាត់ខ្លួនទៅរបស់យន្តហោះ។ កើតឡើងនៅថ្ងៃទី 5 ខែ ធ្នូ ឆ្នាំ 1945 ជាអំឡុងពេល 3 ខែក្រោយពេលដែលសង្រ្គាមលោកលើកទី 2 បានបញ្ចប់។ ក្រុមហោះហើរទី 19 ដែលជាផ្នែកមួយរបស់ក្រុមហោះហើរធំ TBM Avenger របស់អាមេរិកបានចូលរួមហ្វឹកហាត់ការហោះហើរនៅក្នុងរដ្ឋ ហ្វ្លរីដា។
រឿងរ៉ាវមានដូចតទៅ ៖ បន្ទាប់ពីយន្តហោះទាំងអស់ហោះឡើងម្តងមួយៗទៅលើផ្ទៃមេឃ អនុសេនីយទោ ឆាល ថេលើរ៍ អ្នកហោះដឹកនាំក្រុមហោះហើរទី 19 បានរាយការណ៍តាមរយៈវិទ្យុទាក់ទងថា ទ្រនិចត្រីវិស័យរបស់គេលែងធ្វើការ និងរូបគេក៏មិនដឹងដែរថា តើពេលនេះពួកគេកំពុងនៅទីណា។ ទាំងអស់គ្នាព្យាយាមរកផ្លូវចេញពីតំបន់ផ្ទៃអាកាសទីនោះ តែក៏មិនបានសម្រេច។
ទីបំផុត ប្រេងសាំងនៅក្នុងយន្តហោះរបស់ពួកគេក៏អស់ តែយន្តហោះទាំងអស់ក៏មិនត្រូវបានរកឃើញដែរ។ អ្នកបើកបរទាំង 14 នាក់របស់ក្រុមហោះហើរទី 19 ត្រូវបានសន្និដ្ឋានថា ស្លាប់ទាំងអស់ ចំណែកទីកន្លែងដែលពួកគេបាត់ការទាក់ទងនោះ គឺបរិវេណត្រីកោណ ប៊ើមីវដា កណ្តាលមហាសមុទ្រហ្នឹងឯង។
4 . សង្រ្គាម UFO ពីលើដែនអាកាសរបស់ទីក្រុង ឡូស អ៊ែនជេលេស
នៅរាត្រីថ្ងៃទី24 កុម្ភៈ ឆ្នាំ 1942 មានសាក្សីជាច្រើនរយនាក់បានរាយការណ៍ចូលមកមូលដ្ឋានកងទ័ពអាកាសឡូស អ៊ែនជេលេស ដោយអះអាងថា ពួកគេបានឃើញវត្ថុចម្លែកជាច្រើនគ្រឿងបង្ហាញខ្លួនឡើងនៅលើផ្ទៃមេឃ។ មនុស្សម្នាចាប់ផ្តើមភិតភ័យវិតក្ក ព្រោះខ្លាចថាមានការវាយប្រហាខាងអាកាសម្តងទៀត ព្រោះអំឡុងពេលនោះហេតុការណ៍ដែលកងទ័ពស្ម័គ្រស្លាប់ជប៉ុនទើបតែវាយប្រហារកោះ ភើល ហាប៊ើរហើយថ្មីៗ។
ម៉ោងប្រមាណជា 3 ទៀបភ្លឺ កងពលកាំភ្លើងធំខាងឆ្នេរទី 37 ចាប់ផ្តើមមានការបាញ់ភ្លើងហ្វ៉ាស្ពត់ឡៃថ៍ឡើងទៅលើផ្ទៃមេឃ និងមានការបាញកាំភ្លើងប្រឆាំងអាកាសយានវាយប្រហាយន្តហោះអាថ៌កំបាំងទាំងនោះអស់ជាច្រើនគ្រាប់និងអស់ពេលដ៏យូរ តែក៏មិនអាចធ្វើអ្វីបានឡើយ និងគ្មានការប្រកាសថា គ្រប់យ៉ាងត្រូវបានធ្វើឱ្យល្អប្រសើរឡើងវិញដែរ។
រហូតដល់ព្រឹកថ្ងៃបន្ទាប់មក គ្រាប់កាំភ្លើងជាង 1.400 គ្រាប់ដែលបានបាញ់ទៅលើមេឃកាលពីយប់មិញនោះបានសាងនូវភាពខូចខាតដល់អគារផ្ទះសម្បែងជាច្រើន មានប្រជាជន 5 នាក់ត្រូវស្លាប់ដោយសារការបាញ់កាំភ្លើងទៅលើមេឃនោះ និងវាថែមទាំងជាមូលហេតុធ្វើឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ជំងឺបេះដូងកម្រើក និងមនុស្សម្នាជាច្រើនជ្រួលច្របល់ភ័យរន្ធត់ទូទាំងទីក្រុង តែគ្មានស្លាកស្នាម ឬតម្រុយណាមួយរបស់ UFO សូម្បីតែបន្តិច រហូតនៅពេលក្រោយមកខាងកងទ័ពត្រូវចេញមកប្រកាសថា វាបណ្តាលមកពីប្រព័ន្ធប្រកាសអាសន្នធ្វើការខុសឆ្គង តែប៉ុណ្ណឹងឯង៕