Telegram ដែលជាកម្មវិធីជជែកកម្សាន្តមួយដ៏កំពុងពេញនិយមខ្លាំងសម្រាប់ប្រទេសកម្ពុជា នៅពេលនេះ បានប្រកាសឱ្យដឹងថា ចំនួនអ្នកប្រើ-ប្រាស់របស់ខ្លួនបានកើនឡើងដល់ 200លាននាក់ ហើយនឹងកើនឡើងខ្លាំងនៅក្នុងឆ្នាំ2018 នេះ។
លោក Pavel Durov សហស្ថាបនិកកម្មវិធី Telegram បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា លោកពិតជាសប្បាយរីករាយបំផុតដែលកម្មវិធីមួយនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ ហើយលោកជឿថា វានឹងបន្តកើនឡើងទៅមុខទៀតយ៉ាងឆាប់រហ័សនៅក្នុងឆ្នាំ2018 នេះ។
ជាមួយគ្នានេះផងដែរ លោក Pavel Durov ក៏បានបញ្ជាក់បន្ថែមទៀតថា ប្រទេសដែលមានចំនួនអ្នកប្រើប្រាស់កម្មវិធី Telegram នេះច្រើនជាងគេ គឺនៅតំបន់អាស៊ី ហើយសម្រាប់ប្រព័ន្ធដំណើរការដែលប្រើច្រើនជាងគេគឺ iOS។
តែក្រុមអ្នកតាមដានពីភាពពេញនិយមប្រព័ន្ធបណ្ដាញសង្គមទាំងឡាយបាននិយាយថា បើទោះបីជាចំនួនអ្នកប្រើ Telegram បានកើនឡើងរហូតដល់ 200លាននាក់ក្ដី ប៉ុន្តែបើធៀបជាមួយនឹង WhatsApp ឃើញថា នៅតិចខ្លាំងបំផុត ព្រោះគិតត្រឹមដើមខែកុម្ភៈ ឆ្នាំ2018 WhatsApp មានចំនួនអ្នកប្រើរហូតដល់ 1.3ពាន់លាននាក់ឯណោះ រីឯ LINE វិញមានចំនួនអ្នកប្រើរហូតដល់ទៅ 700លាននាក់។
គួរបញ្ជាក់ផងដែរថា Telegram ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ2013 ដោយបងប្អូនប្រុសជនជាតិរុស្ស៊ី Nikolai និង Pavel Durov ក្នុងគោលដៅ មិនរកប្រាក់ចំណូល៕