
តារាកំប្លែងជើងចាស់ លោក មាស សាមឿន ហៅលោកតា វីតាមីនសេ បានទទួលមរណភាព ក្នុងអាយុ 69ឆ្នាំ ដោយរោគាពាធ នាអាធ្រាត្យថ្ងៃទី 29 ឈានចូល 30 ខែមីនា ឆ្នាំ 2018 នេះ ដែលដំណឹងនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្ររូបលោកតា កើតក្ដីសោកសង្រេង និងទុក្ខសោកយ៉ាងគ្រៀមក្រំ ខណៈបាត់បង់វិរៈសិល្បករកំប្លែងរូបនេះជារៀងរហូត។
សូមជម្រាបផងដែរថា អ្នកនាងប៉េងប៉ោង បានប្រាប់ពីស្ថានភាពលោកតាមុនពេលមរណៈថា ក្រុមគ្រូពេទ្យមិនហ៊ានបញ្ជាក់លទ្ធផលពីអាការៈជំងឺរបស់ឪពុករបស់នាងទេ តែបានឱ្យក្រុមគ្រួសារត្រៀមចិត្តទុកជាមុន ព្រោះជំងឺឪពុកនាងបានវិវត្តកាន់តែធ្ងន់ធ្ងរ ។ កូនស្រីរបស់លោក គឺអ្នកនាង ប៉េង ប៉ោង បានអះអាងទាំងទឹកភ្នែកថា លោកវីតាមីនសេ បានធ្លាក់ក្នុងដំណាក់កាលមួយ គួរឱ្យព្រួយបារម្ភ បន្ទាប់ពីលោកមិនអាចទទួលទានអ្វីបាន និងមិនដឹងខ្លួន ដែលតម្រូវឲ្យគ្រូពេទ្យដាក់អុកស៊ីហ្សែន ។ ក្រោយពីគ្រូពេទ្យ បានជួយអស់លទ្ធិភាពហើយនោះ កាលពីវេលាម៉ោង5 ល្ងាចថ្ងៃទី29ខែមីនា នេះដែរនាយ វីតាមីនសេ ត្រូវបានក្រុមគ្រូពេទ្យកាល់ម៉ែត្របានអនុញ្ញាត្តិឲ្យក្រុមគ្រួសារដឹកមកផ្ទះវិញ និមន្ដព្រះសង្ឃបាំងត្រកូលនិងសង្ឈទាន លុះដល់កណ្ដាលអាធ្រាត្យលោកតាក៏បានលាចាកលោកទៅហើយ។
គួរបញ្ជាក់ផងដែរថា បណ្តាំចុងក្រោយដែល នាយវីតាមីនសេ បាននិយាយប្រាប់កូនៗ មុនលោកចែកឋាននោះ លោកបាននិយាយថា «ចង់ឲ្យកូនៗក្លាយជាមនុស្សល្អ» ។ យ៉ាងណាមិញ មកទល់ពេលនេះម៉ោងនេះ គេសង្កេតឃើញថា មានសិល្បករ សិល្បការិនី ជាច្រើនរូបបានចូលរួមពិធីបុណ្យសព្វរបស់លោកតា វីតាមីនសេ និងរំលែកទុក្ខចំពោះគ្រួសារសពផងដែរ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោក បានអញ្ចើញទៅកាន់សុខគតិភព៕



