លោក Antonio Conte គ្រូបង្វឹករបស់ក្រុម Chelsea កំពុងតែរង់ចាំយ៉ាងអន្ទះសាទៅលើភាពរឹងមាំរបស់ខ្សែការពារ Andreas Christensen និងអ្នកចាំទី Thibaut Courtois នៅមុនពេលការប្រកួតដ៏សំខាន់ជាមួយនឹងក្រុម Tottenhamនៅថ្ងៃអាទិត្យនេះ។
Courtois មិនបានចូលលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកឡើយ អំឡុងពេលបំពេញកាតព្វអន្តរជាតិ ដោយសារតែបញ្ហារបួសសរសៃពួរគន្លាក់ជើង ស្របពេលដែលខ្សែការពារ Christensen ត្រូវបានបញ្ជូនត្រឡប់មកវិញ ដោយក្រុមជម្រើសជាតិដាណឺម៉ាក ក្រោយពីមានបញ្ហាទៅលើសាច់ដុំ។
កីឡាករទាំង2 សុទ្ធសឹងស្ថិតក្នុងភាពស្រពេចស្រពិលសម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះនាកីឡដ្ឋាន Stamford Bridge ខណៈដែលការបរាជ័យអាចនឹងបញ្ចប់ក្តីសង្ឃឹមរបស់ក្រុម Chelsea ក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League។ លោក Conte បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងមានបញ្ហាធំ2 ពោលគឺទៅលើ Courtois និង Christensen ហើយយើងត្រូវតែត្រួតពិនិត្យទៅលើភាពជាក់លាក់ក្នុងការលេង ហើយបន្ទាប់មកត្រូវតែលេងឱ្យបានល្អ»។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបន្ថែមទៀតថា៖ «រឿងដ៏សំខាន់បំផុតគឺការចូលលេងឱ្យបាន ប៉ុន្តែស្របពេលជាមួយគ្នានេះ ក៏ត្រូវតែមានលក្ខខណ្ឌនៃភាពរឹងមាំល្អ ក្នុងការលេងការប្រកួតដ៏ល្អមួយដែរ។ ប៉ុន្តែ ខ្ញុំត្រូវតែធ្វើការសម្រេចចិត្តផ្សេងគ្នាមួយទៀត។ នៅពេលនេះ សម្រាប់ខ្ញុំ វាពិតជាលំបាកណាស់ក្នុងការប្រាប់អ្នកឱ្យបានជាក់លាក់ទៅលើជម្រើសរបស់ខ្ញុំសម្រាប់ថ្ងៃអាទិត្យនេះ ដោយសារតែយើងត្រូវតែត្រួតពិនិត្យលើស្ថានភាពទាំង2 នេះសិន»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង 10យប់៕
ប្រភពពី៖ worldsoccertalk