នៅក្នុងប្រទេសអភិវឌ្ឍន៍ ដែលប្រជាជនមានកម្រិតនៃការយល់ដឹងខ្ពស់ ពួកគេភាគច្រើនតែងតែជ្រើសរើសប្រធានបទសំខាន់ៗនៅកន្លែងជួបជុំក្នុងសហគមន៍ ឬគ្រឹះស្ថានអប់រំ ដើម្បីផ្តល់ឱកាសឱ្យអ្នកដែលមានជំនាញសំខាន់ៗធ្វើការបកស្រាយ និងចែករំលែកដល់មនុស្សជាច្រើនផ្សេងទៀតក្នុងសង្គម។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជា សុខហ៊ី សហ-ស្ថាបនិកនៃកម្មវិធី Ignite Phnom Penh បានលើកឡើងថា ការបញ្ចេញមតិ និងការចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមក គឺជារឿងល្អបំផុតសម្រាប់មនុស្សគ្រប់គ្នាក្នុងសង្គម ព្រោះថាមនុស្សម្នាក់ៗតែងតែមានគំនិត និងការយល់ឃើញរបស់គេរៀងៗខ្លួន ដែលគន្លឹះទាំងអស់នោះសុទ្ធសឹងតែជាចំណុចដែលអាចធ្វើឱ្យអ្នកដទៃមានការអភិវឌ្ឍ។ ហេតុនេះហើយ ការបង្ហាញនូវប្រភពចំណេះដឹង និងគន្លឹះសំខាន់ៗទាំងអស់នោះ អាចក្លាយជាសិល្បៈនៃការចែករំលែកប្រកបដោយគុណតម្លៃ។
លោក ជា សុខហ៊ី បាននិយាយថា៖ “ខ្ញុំចង់ឃើញប្រជាជនគ្រប់រូប និស្សិត និងកូនខ្មែរទាំងអស់អាចពង្រឹងសមត្ថភាពក្នុងការនិយាយជាសាធារណៈដើម្បីលើកឡើងពីគំនិតរបស់ខ្លួនដែលចង់ចែករំលែកក្នុងគោលបំណង អប់រំ លើកទឹកចិត្តចែករំលែកភាពជោគជ័យ បង្ហាញពីក្តីស្រមៃប្រកបដោយភាពវិជ្ជមាន និងគោលដៅរបស់ខ្លួន។
ស្ថាបនិកកម្មវិធីនិយាយជាសាធារណៈខាងលើបានលើកឡើងផងដែរថា ការនិយាយជាសាធារណៈនៅស្រុកយើង លោកឃើញថាវាគ្មិនម្នាក់ៗនិយាយច្រើនម៉ោង ដែលអាចធ្វើឱ្យអ្នកចូលរួមមានការលំបាកក្នុងការចាប់យកអត្ថន័យសំខាន់។
តាមពិតទៅ ការនិយាយសាធារណៈក៏អាចធ្វើបានដោយប្រើប្រាស់រយៈពេលខ្លីបំផុត តែបញ្ចេញមកវិញនូវខ្លឹមសារខ្លី តែប្រកបដោយអត្ថន័យសំខាន់ៗដែលមិនធ្លាប់ជួបពីមុនមក។ ម្យ៉ាងវិញទៀត ការនិយាយពីជីវិតជាក់ស្តែងរបស់មនុស្សម្នាក់ៗ ជាមេរៀនដែលមិនមែនមានតែមនុស្សគ្រប់គ្នាសុទ្ធតែអាចនិយាយបាន ហើយត្រូវបានបង្ហាញដូចៗគ្នានៅគ្រប់វេទិកានោះទេ មានតែម្ចាស់ខ្លួនតែប៉ុណ្ណោះដែលដឹងច្បាស់ ហេតុនេះចំណេះដឹងពីក្នុងខ្លួនទាំងអស់នោះ អាចជារឿងដែលថ្មីបំផុតសម្រាប់អ្នកចូលរួម។
លោក កូវ ពុទ្ធារ័ត្នន៍ សាស្ត្រាចារ្យគណិតវិទ្យាបានលើកឡើងថា ការនិយាយដើម្បីបង្ហាញពីចំណេះដឹងជារឿងសំខាន់សម្រាប់ប្រជាជនខ្មែរ ព្រោះថា នៅពេលដែលការអប់រំ និងទម្លាប់ក្នុងការអានរបស់យើងនៅមានកម្រិត យើងមិនអាចធ្វើដូចបណ្តាប្រទេសអភិវឌ្ឍន៍ដទៃទៀតដែលគ្រាន់តែបង្ហាញពីប្រធានបទ គេអាចទៅស្រាវជ្រាវនៅក្នុងបណ្ណាល័យដែលមានសៀវភៅរាប់រយក្បាលដោយខ្លួនឯង។
សម្រាប់នៅកម្ពុជាគឺ ខុសគ្នា ប្រជាជនយើងចូលចិត្តស្តាប់ច្រើនជាងចូលចិត្តអាន ហេតុនេះប្រសិនបើជំរុញឱ្យគាត់ស្វែងរកអ្វីដែលថ្មីដោយខ្លួនឯងតាមរយៈការអានអាចមានការលំបាកបន្តិចសម្រាប់ពួកគេ តែប្រសិនបើយើងស្រាវជ្រាវហើយនិយាយឱ្យគាត់ស្តាប់គឺជារឿងល្អមួយដែលអាចធ្វើឱ្យគាត់បានយល់ដឹងពីរឿងរ៉ាវជាច្រើនដែលជាប្រយោជន៍សម្រាប់ពួកគាត់។
លោក កូវ ពុទ្ធារ័ត្នន៍ បាននិយាយថា៖ “នៅអាមេរិក យើងគ្រាន់តែបង្ហាញពីរឿងមួយ គាត់នឹងអាចចូលបណ្ណាល័យហើយស្វែងរកចម្លើយដោយខ្លួនឯង តែនៅស្រុកយើង ដោយសារតែយើងនៅមានកម្រិតក្នុងទម្លាប់នៃការអាន និងការស្រាវជ្រាវ ការនិយាយ និងការជជែកជារឿងដែលល្អមួយសម្រាប់បង្កើតចម្ងល់ ហើយបំផុសឱ្យគាត់មានភាពងាយស្រួលក្នុងការស្វែងរកអ្វីដែលថ្មីបន្ថែមទៀត។
លោក កូវ ពុទ្ធារ័ត្នន៍ បានបង្ហាញផងដែរថា ម្យ៉ាងវិញទៀត ដោយសារតែប្រជាជនយើងមិនសូវចូលចិត្តអានផង ហើយពិភពលោកបានអភិវឌ្ឍនូវវិធីនៃការផ្តល់ព័ត៌មាន និងចំណេះដឹងឱ្យកាន់តែងាយស្រួលផង មនុស្សអាចនឹងកាន់តែឆ្ងាយពីការអាន។
ជាឧទាហរណ៍ Facebook បានបង្កើត Newsfeed ដែល Feed មានន័យថា បញ្ចុក ព្រោះព័ត៌មានទាំងអស់នឹងទៅដល់យុវជនសម័យថ្មីដោយមិនបាច់ទៅរក គឺគ្រាន់តែអង្គុយតែមួយកន្លែងក៏មានព័ត៌មានទៅដល់ដែរ ហេតុនេះការចែករំលែកនូវចំណេះដឹងថ្មីៗតាមរយៈការនិយាយគឺជារឿងសំខាន់មួយដែលអាចធ្វើឱ្យគាត់ទទួលយកបានដោយងាយ ហើយក៏ជាវិធីមួយក្នុងការអប់រំដ៏ល្អផងដែរ។
ទាក់ទងនឹងបញ្ហានេះផងដែរលោក ថៃ វណ្ណថា អ្នកជំនាញថតរូប និងជាគ្រូបង្រៀននៅ Canon Imaging Academy (CIA) បានលើកឡើងផងដែរថា ក្រៅពីផលប្រយោជន៍សម្រាប់មនុស្សទូទៅក្នុងសង្គម ការនិយាយសាធារណៈក៏ជាវិធីសាស្ត្រសំខាន់មួយដើម្បីជួយឱ្យការគិតរបស់យើងខ្លួនឯងកាន់តែល្អប្រសើរឡើង។
លោក ថៃ វណ្ណថា បាននិយាយថា៖ “ការនិយាយចេញទៅជាសាធារណៈ អាចជួយឱ្យគំនិតរបស់យើងដែលបានស្តែងចេញទៅនោះ ត្រូវបានវាស់វែងដោយមនុស្សជាច្រើន ព្រោះថា យើងនឹងមិនអាចដឹងថាគំនិតនោះត្រូវ ឬខុសកម្រិតណានោះទេប្រសិនបើគ្មានប្រតិកម្ម និងការវាស់វែងត្រឹមត្រូវពីមនុស្សជាច្រើនផ្សេងទៀតនោះ។
លោក វណ្ណថា បានបន្ថែមថា យើងម្នាក់មិនអាចផ្គាប់ចិត្តមនុស្សច្រើននាក់បាននោះទេ ហើយយើងម្នាក់ៗក៏មិនប្រាកដថាគំនិតយើងប្រើប្រាស់បានទាំងស្រុងនោះដែរ តែយើងអាចប្រើប្រាស់គំនិតដែលយើងធ្លាប់អនុវត្តជាក់ស្តែងដោយខ្លួនឯង ដើម្បីទុកជាគំរូសម្រាប់អ្នកដទៃជ្រើសរើស និងសម្រាប់បន្តសិក្សាសម្រាប់ខ្លួនឯងផងដែរ។ សម្រាប់រឿងមួយក្នុងស្ថានភាពជីវិតរបស់យើង យើងបានជួបករណីជាក់ស្តែងហើយយើងប្រើវិធីរបស់យើងសម្រាប់ដោះស្រាយ តែសម្រាប់មនុស្សដទៃទៀតគេអាចនឹងជួបរឿងផ្សេងទៀតដែលពេលខ្លះវាអាចឆ្លុះបញ្ចាំងឱ្យយើងឃើញពីលទ្ធផលនៃគំនិតថ្មីបន្ថែមទៀតដែលវាកាន់តែសុក្រឹតនៅពេលដែលយើងប្រើគំនិតរបស់យើងទៅជួយបុគ្គលដទៃ៕