នៅក្នុងយុគសម័យបច្ចុប្បន្ននេះ ចង្វាក់ផលិតកម្មនានាដែលប្រើប្រាស់កម្លាំងមនុស្ស រួមទាំងការងារផ្នែកបញ្ជីស្នាមផងនោះ ត្រូវបានជំនួសដោយកម្លាំងម៉ាស៊ីន កម្មវិធីកុំព្យូទ័រ និងប្រព័ន្ធខួរក្បាលសិប្បនិម្មិត (Artificial Intelligence = AI)។ ស្របតាមបរិបទមួយនេះ មនុស្សចាំបាច់ត្រូវតែរត់ឱ្យទាន់របត់ថ្មីនៃបច្ចេកវិទ្យា ដើម្បីរក្សាបាននូវស្ថិរភាពក្នុងការរស់នៅ ការធ្វើការងារ និងជាពិសេសគឺការស្វែងរកចំណូលនៅថ្ងៃអនាគត។
យោងតាមការស្រាវជ្រាវថ្មីៗនេះដោយសាកលវិទ្យាល័យ Oxford និងសាកលវិទ្យាល័យ Yale បានឱ្យដឹងថា ប៉ុន្មានឆ្នាំខាងមុខទៀត ប្រព័ន្ធម៉ាស៊ីនឆ្លាតវៃ ឬមនុស្សយន្តនឹងចាប់ផ្តើមចូលមកជំនួសការងាររបស់មនុស្ស។ ការស្រាវជ្រាវក៏បានរកឃើញផងដែរថា រយៈពេលប្រមាណជាជាង 50ឆ្នាំទៀត មនុស្សយន្តនឹងចូលមកជំនួសការងាររបស់មនុស្សរាប់លាននាក់នៅលើពិភពលោកនេះ ដែលវាអាចធ្វើឱ្យប៉ះពាល់ដល់អាជីពជាច្រើន។
តាមរយៈការស្ទង់មតិលើអ្នកអភិវឌ្ឍន៍ប្រព័ន្ធខួរក្បាលសិប្បនិម្មិត (AI) ឬភាពវៃឆ្លាតនៃគ្រឿងម៉ាស៊ីន ចំនួន352នាក់ បានបង្ហាញពីការយល់ឃើញថា នៅថ្ងៃអនាគតគ្រឿងម៉ាស៊ីនពិតជានឹងអាចជំនួសមនុស្សលើមុខជំនាញមួយចំនួន។ ស្របពេលជាមួយគ្នានេះដែរ អ្នកដឹកនាំការស្រាវជ្រាវម្នាក់ឈ្មោះ Katja Grace និងសហការីរបស់គាត់បានរកឃើញថា រយៈពេល 10ឆ្នាំទៀតការងារភាគច្រើនជាង 50ភាគរយរបស់មនុស្សនាពេលបច្ចុប្បន្ននឹងត្រូវកែសម្រួលទៅជាការធ្វើការងារដោយម៉ាស៊ីន។
ការងារបកប្រែគ្រប់ភាសានឹងមិនបាច់ប្រើប្រាស់មនុស្សទៀតទេនៅឆ្នាំ2024 ហើយប្រហែលជាមនុស្សយន្តអាចសរសេរអត្ថបទក្នុងកម្រិតវិទ្យាល័យបានល្អជាងមនុស្សនៅក្នុងឆ្នាំ2026។ លើសពីនេះទៅទៀត ការងារដែលមនុស្សធ្វើនាពេលបច្ចុប្បន្ននេះនឹងត្រូវជំនួសដោយម៉ាស៊ីនទាំងស្រុងនៅក្នុងឆ្នាំ2136 ហើយនឹងកើតមានការងារថ្មីៗបន្ថែមផ្សេងទៀតដែលមនុស្សត្រូវធ្វើ។
របាយការណ៍មួយថ្មីទៀតបានសរសេរថាកម្រិតភាពឆ្លាតវៃរបស់គ្រឿងម៉ាស៊ីន កាន់តែកើនឡើងជារៀងរាល់ថ្ងៃ ដែលវាអាចនឹងជំរុញការរស់នៅរបស់មនុស្សក្នុងសម័យទំនើបនេះឱ្យកាន់តែប្រើប្រាស់ម៉ាស៊ីនច្រើនឡើងៗ ដូចជា វិស័យដឹកជញ្ជូន វិស័យសុខាភិបាល វិស័យហិរញ្ញវត្ថុ និងវិស័យយោធាជាដើម៕