បើទោះជាមានទ្រព្យសម្បត្តិច្រើនអនេករហូតគរដូចភ្នំយ៉ាងណាក៏ដោយ ក៏មិនប្រាកដថាមានសេចក្ដីសុខ និងសុភមង្គលក្នុងគ្រួសារនោះដែរ ខណៈបើលោកអ្នកជួបនឹងបញ្ហាអសមត្ថភាពផ្លូវភេទ។ មានពេលខ្លះ ដោយសារតែបញ្ហាអសមត្ថភាពមួយនេះ ក៏អាចបណ្តាលឱ្យកើតមានជាអំពើភិតក្បត់ផងដែរ។ បើដូច្នេះ តើមានវិធីណាអាចស្រោចស្រង់បានទេ? ពេលនេះ ឡារ៉ែន សូមឆ្លើយប្រាប់ថា ពិតជាមាន ហើយអាចជាដំណោះស្រាយយ៉ាងប្រសើរថែមទៀតផង។ ជាជំហានដំបូងលោកអ្នកគួរដឹងថា ការថមថយ ឬធ្លាក់ចុះនៃសមត្ថភាពផ្លូវ គឺបណ្តាលមកពីកត្តាជាច្រើនក្រោមសកម្មភាព និងទង្វើប្រចាំថ្ងៃរបស់ លោកអ្នកផ្ទាល់តែម្ដងដូចជា ៖
ខិតខំបំពេញការងារ
មួយថ្ងៃៗនៅតែជាមួយគំនរក្រដាស ព្រឹកឡើងបើកភ្នែកមិនទាន់ក៏កាន់ឯកសារទៅកន្លែងធ្វើការ លុះត្រឡប់មកផ្ទះវិញក៏នៅជាមួយឯកសាររហូតដល់ពាក់កណ្តាលអធ្រាត្រ។ ទង្វើបែបនេះ មិនយូរមិនឆាប់នឹងបណ្តាលឱ្យកើតមានជំងឺស្ត្រេស ដែលជាសត្រូវធំបំផុតជាមួយនឹងសម្ពន្ធផ្លូវភេទ។ ដើម្បីបញ្ចៀសបញ្ហាដ៏ធំមួយនេះ លោកអ្នកគួរតែមានការបែងចែកឱ្យបានច្បាស់លាស់រវាងពេលវេលាសម្រាប់បំពេញការងារ និងឱកាសក្នុងការបង្កើនសេចក្ដីសុខក្នុងរង្វង់គ្រួសារ ដោយការផ្តោតសំខាន់ទៅលើការរួមរស់ជាគូ ឬជីវិតសិចនេះឯង។
សេពថ្នាំពុលសម្លាប់អារម្មណ៍សិចដោយខ្លួនឯង
ព្រឹកឡើងមានកាហ្វេមួយកែវនៅលើតុធ្វើការ ពេលថ្ងៃក៏មានកាហ្វេនៅកៀកនឹងដៃ លុះពេលល្ងាចក៏មានកម្មវិធីជួបជុំជាមួយមិត្តភក្តិក្រោមវត្តមាននៃគ្រឿងស្រវឹង។ សាកគិតទៅមើលថា ទាំងអស់នេះជាភេសជ្ជៈជួយបង្កើនថាមពលសិច ឬជាឃាតករសម្លាប់អារម្មណ៍សិច? បើចង់ថែរក្សាសមត្ថភាពសិច គួរតែកាត់បន្ថយ ឬកាត់ផ្តាច់នូវទម្លាប់ដ៏អាក្រក់ទាំងនេះចោលឱ្យអស់ នោះលោកអ្នកពិតជាអាចមានថាមពលសិចយ៉ាងគ្រប់គ្រាន់ជាក់ជាមិនខាន។
អនុវត្តដោយភាពផ្អែមល្ហែមរាល់ថ្ងៃ
មិនត្រូវគិតថា ការអនុវត្តសិចជាប្រចាំ 3ដងក្នុងមួយសប្ដាហ៍ (ល្អបំផុត) ឬច្រើនជាងនេះ គឺជាទង្វើញៀនសិចនោះទេ។ ផ្ទុយទៅវិញ ជាមួយនឹងទង្វើបែបនេះ ក្រៅពីអាចជួយរក្សានូវថាមពលសិចឱ្យមានភាពស្ថិតស្ថេរយូរអង្វែង ថែមទាំងអាចរឹតបណ្តឹងសម្ពន្ធភាពជាមួយដៃគូយ៉ាងប្រសើរ ជាពិសេស អាចធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រស់- ស្រាយ សប្បាយចិត្ត និងជួយរក្សាសម្រស់ឱ្យនៅតែស្រស់ស្អាតក្មេងជាងវ័យ។
បន្ថែមថាមពល
ក្រៅពីព្យាយាមចាកចេញពីទម្លាប់អាក្រក់ខាងលើនេះ លោកអ្នកក៏អាចពង្រឹងថាមពលសិច ឬរក្សាសមត្ថភាពផ្លូវភេទដោយការទទួលទានអាហារមានប្រយោជន៍ចំពោះសុខភាពផងដែរ ដែលអាហារទាំងនោះមានដូចជា បន្លែ ផ្លែឈើ ត្រី សាច់ និងគ្រឿងសមុទ្រជាដើម៕