Skip to content

អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​អាមេរិក​លើកឡើង​ពី​ចំណុច​វិជ្ជមាន​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា

សាស្ត្រាចារ្យ Raymond Robertson នៃ​សាលា The Bush School of Government and Public Service របស់​សាកលវិទ្យាល័យ Texas A&M University បាន​សម្ដែង​ការកោតសរសើរ​នូវ​ដំណើរ​វិវឌ្ឍន៍​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា។

ការសរសើរ​នេះ​ត្រូវបាន​ធ្វើឡើង​ខណៈដែល​លោក​សាស្ត្រាចារ្យ​រួម​ដំណើរ​ដោយ​លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា។

លោក​សាស្ត្រាចារ្យ Robertson បាន​សរសើរ​អំពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ជាពិសេស​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ ដោយ​ស្ថានភាព​ដ៏​ល្អប្រសើរ​នៅ​កម្ពុជា​បានក្លាយ​ទៅជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​ពិភពលោក។ លោក​សាស្ត្រាចារ្យ​បាន​បន្តទៀតថា ស្ថានភាព​ការងារ​ល្អ​នៅក្នុង​រោងចក្រ រួមផ្សំ​ជាមួយនឹង​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​ជំរុញ​ទឹកចិត្ត​ជូន​ដល់ក​ម្មករ-កម្មការិនី ឱ្យខិត​ខំប្រឹងប្រែង និង​បង្កើន​ផលិតកម្ម​របស់​រោងចក្រ​បន្ថែមទៀត។

បន្ថែម​ពីនេះ​ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្ដិ បាន​ជម្រាបជូន​អំពី​កិច្ចប្រជុំ​ជាមួយ​កម្មវិធី Better Factories Cambodia (BFC) នៃ​អង្គការ​ពលកម្ម​អន្តរជាតិ (International Labor Organization) ដោយបាន​ពិភាក្សា​លើ​ការត្រួតពិនិត្យ​អនុលោមភាព​ជាមួយនឹង​ច្បាប់​ការងារ និង​ការជំរុញ​ឱ្យមាន​ស្ថានភាព​រឹតតែ​ប្រសើរឡើង​នៅក្នុង​រោងចក្រ​ទាំងឡាយ​នៅ​កម្ពុជា។

ឯកឧត្តម​បន្ថែមទៀតថា ក្រោម​ការត្រួតពិនិត្យ​អនុលោមភាព​ច្បាប់​ការងារ​នៅ​រោងចក្រ​ប្រមាណ 500រោងចក្រ​ក្រោម​កម្មវិធី BFC ឃើញថា រោងចក្រ​ទាំងអស់​បាន​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ជា​ធរមាន។ ជាមួយ​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​អំពី​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ពី 153ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2017 មក 170ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2018នេះ គឺ​ដើម្បី​ជាការ​លើកទឹកចិត្ត និង​ជា​គោលនយោបាយ​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

ក្នុងជំនួប​ខាងលើ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​លើ​ការបន្ត​និរន្តរភាព​ក្នុងការ​ត្រួតពិនិត្យ​អនុលោមភាព ការតភ្ជាប់​ឧស្សាហកម្ម​ក្នុងស្រុក (Backward Linkage) ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជំនាញ​កាត់ដេរ ការលើកកម្ពស់​ខ្សែចង្វាក់​តម្លៃ និង​បង្កើត​តម្លៃបន្ថែម​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *