Skip to content

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រៀម​កែសម្រួល​បរិយាកាស​ធុរកិច្ច

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​ផ្នែក​នីតិកម្ម ពន្ធដារ និង​អភិបាលកិច្ច​ក្នុង​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា ខណៈ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ទាក់ទាញ​ការវិនិយោគថ្មីៗបន្ថែមទៀត​មកកាន់​ទី​ផ្សារ​របស់ខ្លួន។

យោងតាម​ព័ត៌មាន​ដែល​បាន​ចែកចាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កិច្ចប្រជុំ​នោះបាន​ផ្តោតលើ​កិច្ចខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​របស់​វិស័យ​ឯកជន ដើម្បី​រួមចំណែក​បង្កើត​នូវ​បរិយាកាស​កាន់តែ​ល្អប្រសើរ​ឡើង​ចំពោះ​ការធ្វើ​ធុរកិច្ច និង​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បន្តទៀតថា រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​យ៉ាង​មុតមាំ​ក្នុងការ​កែលម្អ​បរិស្ថាន​វិនិយោគ និង​ធុរកិច្ច ជាពិសេស​ការបន្ត​រៀបចំ​ប្រព័ន្ធ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ទាំងឡាយ ដើម្បី​ទ្រទ្រង់​ដល់​ធុរកិច្ច និង​ពង្រឹង​ការប្រកួតប្រជែង​ដោយ​ស្មើភាព និង​យុត្តិធម៌ និង​ដើម្បី​លើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ។

តាមរយៈ​កិច្ចប្រជុំ​នោះដែរ ការងារ​ចំពោះមុខ​គឺ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានរៀបចំ​គោលការណ៍​ណែនាំ​សាមញ្ញ​មួយទៀត​សម្រាប់​ពន្យល់​ដល់​អ្នកជា​ប់​ពន្ធ​ឱ្យ​កាន់តែ​ងាយ​យល់​អំពី​សិទ្ធិ និង​កាតព្វកិច្ច​ពន្ធ ដោយ​រៀបចំ​ពង្រីក​វិសាលភាព និង​ពង្រឹង​យន្តការ​នេះ​បន្ថែមទៀត សំដៅ​ធានា​ដល់​ការផ្តល់​កិច្ចសហការ​ពេញលេញ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ចំពោះ​វិស័យ​ឯកជន​ដែល​ពាក់ព័ន្ធ​ទាំងអស់។

ជាមួយគ្នា​នោះ បច្ចុប្បន្ននេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏បាន​បង្កើត​ក្រុមការងារ​រវាង​វិស័យ​ពន្ធដារ និង​ផ្នែក​ឯកជន​ដើម្បី​បង្កើតជា​វេទិកា​សម្រាប់​ផ្តល់​ការពន្យល់​ឱ្យ​កាន់តែច្បាស់​លាស់​ឡើង​នូវ​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការបង់ពន្ធផ្សេងៗជាដើម។

ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​ពន្ធដា​រ ធ្លាប់បាន​លើកឡើង​រួចមកហើយ​ថា បន្ទាប់ពី​មានការ​ផ្តាស់​ប្តូរ​របប​យកពន្ធ​ពីរ​បប​ម៉ៅការ​មកជា​របប​ពិត​វិញ មានវិស័យ​ឯកជន​រហូតដល់​ទៅ 80% បាន​អះអាងថា ខ្លួន​រកស៊ី ឬ​ប្រកប​អាជីវកម្ម​ខាត ប៉ុន្តែ​ការ​ត្អូញត្អែរ​នេះ​ត្រូវបាន​ច្រានចោល​ដោយ​មន្ត្រីជំនាញៗនៃ​អគ្គនាយកដ្ឋាន​ពន្ធដារ។

ថ្មីៗបំផុត​នេះ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល បាន​ថ្លែង​ជា​សាធារណៈ​ថា ការប្រកាស​ពន្ធ​របស់​វិស័យ​ឯកជន​តាមរយៈ​វិក្កយបត្រ​រហូតដល់ 99% មិនមាន​ភាពត្រឹមត្រូវ ហើយ​អគ្គនាយកដ្ឋាន​ពន្ធដារត្រៀម​ដាក់ឱ្យ​ដំណើរការ​ការប្រកាស​ព​ន្ធ​តាមរយៈ​អន​ឡាញ ដើម្បី​ធ្វើឱ្យ​ការបង់ពន្ធ​កាន់​តែមាន​តម្លាភាព និង​ងាយស្រួល​ឡើង។

កាលពី​សប្តាហ៍​កន្លងទៅ​នេះ ឯកឧត្តម សុខ​ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ថ្លែង​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈប្រតិភូពាណិជ្ជកម្ម និង​សេដ្ឋកិច្ច នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ថា កម្ពុជា​ជា​ប្រទេស​ដែលមាន​លក្ខណៈ​អំណោយផល​ក្នុងការ​វិនិយោគ ជាពិសេស​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដែល​ផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម 7.7% ក្នុង​រយៈពេល​ជាង 2ទសវត្សរ៍​កន្លងមក​នេះ ក្នុងនោះ​កំណើន​នេះ​បាន​ជំរុញ​ឱ្យ​កម្ពុជា​ទទួលបាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគទុន​ប​រទេស​ឱ្យមក​បណ្តាក់ទុន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តថា ចំណែក​ការសម្រេចចិត្ត​របស់​អ្នកវិនិយោគទុន​ហុងកុង ដែល​បានជ្រើសរើស​យក​កម្ពុជា​ជា​គោលដៅ​អភិវឌ្ឍន៍​ការវិនិយោគ​ដ៏​មាន​សក្តានុពល គឺជា​ការចាប់ផ្តើម និង​ការពង្រីក​ជីវ​កម្ម​របស់ខ្លួន​ដ៏​មាន​តម្លាភាព។

យោងតាម​តួលេខ​នៃ​ការវិនិយោគ​របស់​ហុងកុង​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ1994 ដល់​ឆ្នាំ2017 មាន​ចំនួន​សរុប 257គម្រោង និង​ទុន​សរុប​ប្រមាណ 1.33ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង​ជាង2% នៃតម្លៃ​វិនិយោគទុន​សរុប។ ដោយឡែក​នៅ​ឆ្នាំ2017 វិនិយោគទុន​ហុងកុង​មាន​ចំនួន13គម្រោង ក្នុងនោះ​មាន​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ កាបូប ស្បែកជើង និង​ឧស្សាហកម្ម​ដទៃទៀត​ក្នុង​ទឹកប្រាក់​វិនិយោគ​ប្រមាណ 85លាន​ដុល្លារ​អាមេរិក​ស្មើនឹង 1.64% នៃ​ទុនវិនិយោគ សរុប​ប្រចាំឆ្នាំ2017៕

Leave a Reply

Your email address will not be published. Required fields are marked *