ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាកំពុងតែសំងំផលិតស្មាតហ្វូនដែលមានអេក្រង់កោង (Foldable) និងអាចបត់បាន ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។
កាលពីឆ្នាំ2017 មានព័ត៌មានចចាមអារ៉ាមមួយបានលេចឮមកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេ-រិកមួយនេះបានសហការជាមួយក្រុមហ៊ុន LG ក្នុងការបង្កើតស្មាតហ្វូនអេក្រង់កោង ប៉ុន្តែនៅពេលនេះបែរជាធ្លាយព័ត៌មានថ្មីមកថា ក្រុមហ៊ុន Apple បានសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ផ្សេងមួយទៀតដើម្បីផលិតស្មាតហ្វូនអេក្រង់កោង ហើយគ្រោងនឹងដាក់បង្ហាញនៅឆ្នាំ2020។
ក្រុមអ្នកវិភាគបានលើកឡើងថា ទោះជា Apple ផលិតស្មាតហ្វូនអេក្រង់កោងក្រោយ Samsung និង Lenovo ក្ដី ប៉ុន្តែបើសិនជាព័ត៌មានចចាមអារ៉ាមនេះក្លាយជាការពិតនោះ Apple នឹងអាចនាំមុខទីផ្សារស្មាតហ្វូនអេក្រង់កោង ព្រោះ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏អស្ចារ្យ និងលំដាប់លេខ1 របស់អាមេរិក ជាពិសេសគឺការអភិវឌ្ឍរបស់ Appleដែលតែងតែមានអ្វីប្លែកថ្មីខុសពីគេជានិច្ច។
យោងតាមការបញ្ជាក់របស់សារព័ត៌មាន CNBC បានឱ្យដឹងថា ក្រុមហ៊ុន Apple បានសហការជាមួយនឹងក្រុមហ៊ុនផលិតបន្ទះអេក្រង់ថ្មីមួយដែលមិនមែនជាគួប្រជែងរបស់ខ្លួន ដើម្បីផលិតស្មាតហ្វូនអេក្រង់កោងថ្មីនេះ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុនដែលផ្គត់ផ្គង់បន្ទះអេក្រង់សម្រាប់ iPad និង iPhone ធំជាងគេគឺ Samsung និង LG៕