ប្អូនប្រុសបង្កើតរបស់ខ្សែប្រយុទ្ធ Kylian Mbappe កំពុងតែស្ថិតនៅលើផ្លូវដើម្បីដើរតាមជំហានរបស់បងប្រុសរបស់ខ្លួន។
EthanMbappe កំពុងតែដណ្តើមបាននូវការចាប់អារម្មណ៍ផ្សេងៗ ក្រោយពីបានស៊ុតបាល់បញ្ចូលទី 1គ្រាប់ក្នុងការបង្ហាញខ្លួនជាលើកទី1 របស់គេសម្រាប់ក្រុម Paris Saint-Germain។ តារាឆ្នើមវ័យក្មេងរូបនេះ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Mediterranean International Cup ក្នុងប្រទេសអេស្ប៉ាញ ដែលត្រូវបានទស្សនាដោយកីឡាករឆ្នើមៗជាច្រើនដូចជា Lionel Messi, Cesc Fabregas និង Marcelo ជាដើម។
ជាមួយគ្នានេះវាហាក់បង្ហាញថា ពួកគេអាចនឹងបន្ថែមឈ្មោះថ្មីមួយទៅក្នុងបញ្ជីកីឡាករឆ្នើមៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ជាមួយនឹងការមានស្ទីលសក់វែងដ៏គួរឱ្យទាក់ទាញ Ethan ហាក់ស្ថិតក្នុងកម្រិតខុសបែ្លកពីគេក្នុងពេលលេងនៅលើទីលានប្រកួត ដោយពាក់អាវលេខ10។
ក្នុងពេលលេងក្នុងកម្រិតអាយុក្រោម 12ឆ្នាំ ក្រុមរបស់គេបានស៊ុតបាល់បញ្ចូលទីដល់ទៅ 9គ្រាប់ ដើម្បីផ្តួលក្រុម Ys Gem។ Ethan បានរកគ្រាប់បាល់ទី7 ក្នុងការប្រកួតនោះ ហើយក្រុមរបស់គេកំពុងតែស្ថិតក្នុងចំណោមក្រុមដែលមានក្តីសង្ឃឹមច្រើនជាងគេក្នុងការលើកពានក្នុងយុទ្ធនាការនោះ។ បើរូបគេឈានដល់កម្រិតលេងត្រឹមតែពាក់កណ្តាលនៃបងប្រុសរបស់គេ នោះរូបគេនឹងត្រូវឈ្នះពានជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតមិនខាន៕
ប្រភពពី៖ The Sun