ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងក្រោមការអនុគ្រោះពន្ធនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស បានធ្វើឱ្យការនាំចេញរបស់កម្ពុជាមានការកើនឡើងជាលំដាប់ ដែលកាលពីឆ្នាំ2017 កម្ពុជាបាននាំចេញក្នុងទឹកប្រាក់ជាង 11ពាន់លានដុល្លារអាមេរិក។
យោងតាមទិន្នន័យផ្លូវការរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ការនាំចេញរបស់កម្ពុជា នៅក្នុងឆ្នាំ2007 មានទឹកប្រាក់ 3,525លានដុល្លារ ហើយបានកើនឡើងដល់ 11,142លានដុល្លារនៅក្នុងឆ្នាំ2017 ក្នុងនោះផលិតផលនាំចេញមានដូចជា ទំនិញវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងផ្គុំអេឡិចត្រូនិក ទោចក្រយានយន្ត ផលនេសាទ ជ័រកៅស៊ូ ឈើកែច្នៃ និងទំនិញកសិកម្មរួមមាន អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោតក្រហម សណ្តែកសៀង ម្រេច ផ្លែស្វាយស្រស់ និងប្រេងឆៅ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ លើកឡើងពីសក្តានុពល និងកាលានុវត្តភាព នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធ MFN GSP និង EBA ផ្តល់ដោយប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនបានរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើពិពិធកម្មវិស័យការងារ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា កម្ពុជាបានប្រឹងប្រែងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុងតំបន់ និងប្រទេសដៃគូចំនួន 6ទៀត និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ព្រមទាំងចរចាក្រោមក្របខ័ណ្ឌអង្គការ WTO សំដៅដករបាំងពាណិជ្ជកម្មសម្រាប់ផលិតផលនាំចេញពីកម្ពុជាដែលនឹងជួយសម្រួលការធ្វើពិពិធកម្មវិស័យនាំចេញ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕