ទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស គឺជាក្តីស្រមៃមួយរបស់យុវជនខ្មែរជាច្រើនដែលចង់បន្តការសិក្សានៅក្នុងប្រទេសអភិវឌ្ឍន៍នានាដើម្បីទទួលយកចំណេះដឹងប្លែកៗ មកសង្គមកម្ពុជា។ នៅក្នុងដំណើរឆ្ពោះទៅរកការសម្រេចក្តីស្រមៃនោះ មានបុគ្គលខ្លះត្រូវចំណាយពេលវេលាច្រើនឆ្នាំ ខណៈបុគ្គលមួយចំនួនទៀតចំណាយពេលត្រឹមតែមួយឆ្នាំ ឬតិចជាងនេះដើម្បីសម្រេចក្តីស្រមៃទៅសិក្សានៅបរទេស។
ដោយមើលឃើញពីបញ្ហាទាំងអស់នេះអ្នកយកព័ត៌មានផ្នែកអប់រំនៃកាសែត ឡារ៉ែន ពាណិជ្ជ បានជួបសម្ភាសដោយផ្ទាល់ជាមួយនឹងកញ្ញា យុន លីនដាជានិស្សិតថ្នាក់អនុបណ្ឌិតដែលសិក្សាជំនាញវិទ្យាសាស្ត្រអប់រំនៃសាកលវិទ្យាល័យ Tsukuba នៅប្រទេសជប៉ុន ដើម្បីចែករំលែកបទពិសោធជោគជ័យក្នុងការដាក់ពាក្យទៅសិក្សានៅប្រទេសជប៉ុន។
- តើហេតុអ្វីបានជាកញ្ញាលីនដា សម្រេចចិត្តទៅសិក្សានៅប្រទេសជប៉ុន?
បើនិយាយពីគោលដៅទៅសិក្សានៅប្រទេសជប៉ុន ដំបូងឡើយខ្ញុំសូមបង្ហាញបន្តិចពីមូលហេតុដែលខ្ញុំចាប់ផ្តើមចូលចិត្តប្រទេសជប៉ុនជាមុនសិន។
កាលពីនាងខ្ញុំនៅក្មេង មានថ្ងៃមួយខ្ញុំបានមើលទូរទស្សន៍ហើយឃើញពីការពិសោធនៅសាលារបស់ជប៉ុន ពេលនោះខ្ញុំចាប់អារម្មណ៍ខ្លាំង និងគិតថាប្រសិនបើបានរៀនក្នុងបរិយាកាសបែបនោះ ប្រាកដជាអាចធ្វើឱ្យខ្ញុំសប្បាយចិត្ត។ បន្ទាប់មក ខ្ញុំក៏ចាប់ផ្តើមចិញ្ចឹមចិត្តថានឹងទៅប្រទេសជប៉ុនឱ្យបាន។ បន្ទាប់មកទៀត ក៏ចាប់ផ្តើមព្យាយាមស្វែងយល់ពីប្រទេសជប៉ុន និងព្យាយាមចូលរួមកម្មវិធីជាច្រើនដែលពាក់ព័ន្ធនឹងប្រទេសជប៉ុន។
- តើកញ្ញាបានត្រៀមខ្លួនអ្វីខ្លះដើម្បីសម្រេចក្តីស្រមៃទៅសិក្សានៅប្រទេសជប៉ុន?
ដូចបានជម្រាបខាងលើហើយថា ដោយសារតែខ្ញុំចង់ទៅប្រទេសជប៉ុន ខ្ញុំក៏ចាប់ផ្តើមស្វែងយល់ពីប្រទេសនេះឱ្យកាន់តែច្រើន បន្ទាប់មកខ្ញុំក៏ចាប់ផ្តើមដាក់ពាក្យប្រឡងអាហារូបករណ៍នៅវិទ្យាស្ថានភាសាបរទេស (IFL) នៅដេប៉ាតឺម៉ង់ភាសាជប៉ុនក្រោយពេលដែលខ្ញុំបានបញ្ចប់ការសិក្សានៅវិទ្យាល័យ។ នៅពេលនោះខ្ញុំត្រូវសិក្សា2មហាវិទ្យាល័យ គឺទី1 សិក្សាផ្នែកគណនេយ្យ តាមអ្វីដែលគ្រួសារចង់ឱ្យរៀន និងទី2 សិក្សាផ្នែកភាសាជប៉ុន ដែលជាក្តីស្រមៃ និងជំនាញដែលខ្ញុំស្រឡាញ់ពិតប្រាកដ។
ក្រោយមកទៀត ដោយសារតែនិស្ស័យ ឬចិត្តស្រឡាញ់ភាសាជប៉ុន ខ្ញុំអាចទទួលបានលទ្ធផលល្អគួរសមក្នុងការរៀននៅមហាវិទ្យាល័យ ហើយក៏ធ្លាប់ជាប់វគ្គផ្លាស់ប្តូរការសិក្សា (exchange program) នៅប្រទេសជប៉ុន នៅពេលដែលខ្ញុំរៀននៅឆ្នាំទី3 មុននឹងត្រឡប់មកកម្ពុជាវិញដើម្បីបន្តឆ្នាំទី4 និងបញ្ចប់ការសិក្សានៅថ្នាក់បរិញ្ញាបត្រ។ ក្រោយមកខ្ញុំក៏បានបង្រៀននៅដេប៉ាតឺម៉ង់ភាសាជប៉ុន រហូតរកឃើញថា ខ្លួនឯងស្រឡាញ់មុខវិជ្ជាអប់រំ មុនពេលដាក់ពាក្យទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុននេះ។
- តើដើម្បីជាប់ទៅសិក្សានៅប្រទេសជប៉ុន និស្សិតត្រូវឆ្លងកាត់ដំណាក់កាលណាខ្លះ? ហើយកញ្ញាមានគន្លឹះអ្វីខ្លះដើម្បីឆ្លងផុតដំណាក់កាលនីមួយ?
ដំណាក់កាលនៃការដាក់ពាក្យទៅសិក្សានៅប្រទេសជប៉ុន គឺត្រូវសរសេរពាក្យស្នើសុំ (Proposal)និងសម្ភាសពីស្ថានទូតជប៉ុន។ ការសរសេរ Proposal គឺចាំបាច់ត្រូវសរសេរជាភាសាអង់គ្លេស ឬភាសាជប៉ុន ដោយផ្តោតលើបញ្ហានានានៅក្នុងសង្គមដែលយើងចង់ដោះស្រាយតាមរយៈការយកចំណេះដឹងដែលសិក្សានៅប្រទេសជប៉ុន។ យើងត្រូវរកឱ្យឃើញនូវបញ្ហាប្រឈមដែលគ្រប់គ្នាតែងតែជួបប្រទះ ហើយមិនទាន់មានអ្នកណាដោះស្រាយបាន បន្ទាប់មកត្រូវបង្ហាញពីគោលជំហរដែលយើងចង់ដោះស្រាយក្រោយពេលបញ្ចប់ការសិក្សានៅប្រទេសជប៉ុន។
ម្យ៉ាងវិញទៀត នៅក្នុង Proposal ក៏ចាំបាច់ត្រូវបង្ហាញពីចំណុចខ្លាំង និងភាពអភិវឌ្ឍលឿនរបស់យើងដើម្បីបង្ហាញទៅគណៈកម្មការឱ្យឃើញថា យើងជាមនុស្សដែលអាចជ្រើសរើសទៅសិក្សាបន្តបាន ដើម្បីត្រឡប់មកចូលរួមអភិវឌ្ឍសង្គមនៅកម្ពុជាវិញបាន។
ចំណែកឯដំណាក់កាលសម្ភាសវិញ ក៏ត្រូវការត្រៀមច្រើនដែរ តែពេលខ្លះសូមកុំមានអារម្មណ៍ថា ភ័យខ្លាច ព្រោះថាសំណួរមួយចំនួនដែលគណៈកម្មការសួរមិនប្រាកដថាជាសំណួរលំបាកនោះទេ។ សំណួរខ្លះអាចសួរថា តើយើងអាចរស់នៅម្នាក់ឯងនៅជប៉ុនកើតទេ? ឬសំណួរមួយចំនួនទាក់ទងនឹងការដោះស្រាយបញ្ហារបស់យើងតែប៉ុណ្ណោះ។ តែក្នុងចំណោមសំណួរទាំងអស់នោះ ក៏អាចមានសំណួរជីកឫសជីកគល់ពី Proposal ដែលយើងបានសរសេរដែរ។
ដើម្បីងាយស្រួលក្នុងការទទួលបានគំនិតល្អបន្ថែមបេក្ខជនដែលដាក់ពាក្យទៅសិក្សានៅប្រទេសជប៉ុនទាំងអស់ គួរតែទៅសួរសិស្សច្បងដែលធ្លាប់ជាប់មុនៗ ឬស្រាវជ្រាវបន្ថែមពីមុខវិជ្ជាដែលយើងនឹងរៀននោះឱ្យបានល្អិតល្អន់ទើបជាការល្អ។
- តើពេលទៅសិក្សានៅប្រទេសជប៉ុនដំបូងមានការលំបាកអ្វីខ្លះ?
ការទៅសិក្សានៅប្រទេសណាក៏ដោយ ដំបូងឡើយ គឺសុទ្ធតែឆ្លងកាត់ការលំបាកទាំងអស់ តែបើយើងចេះសម្របខ្លួនបានល្អ វានឹងប្រសើរឡើងវិញនៅក្នុងរយៈពេលប្រមាណជា 1ខែ ឬ 2ខែក្រោយ។ សម្រាប់ខ្ញុំ គឺខ្ញុំមានបញ្ហាខ្លះជាមួយនឹងអាកាសធាតុព្រោះខ្ញុំទៅចំខេត្តដែលត្រជាក់ខ្លាំង តែវាមិនសូវជាបញ្ហាធ្ងន់ធ្ងរពេកនោះទេ។
ចំណុចមួយផ្សេងទៀតដែលអាចនឹងជួបប្រទះគឺ របៀបរបបនៃការសិក្សាខុសគ្នាពីការសិក្សានៅប្រទេសយើង ហេតុនេះយើងត្រូវចំណាយពេលវេលាច្រើនក្នុងការតាមឱ្យទាន់របត់ទាំងអស់នោះ ស្របពេលជាមួយគ្នាដែលយើងត្រូវស្វែងរកមិត្តភ័ក្តិថ្មីៗដើម្បីជួយគ្នា។ គ្មានអ្នកណាម្នាក់អាចរស់នៅម្នាក់ឯងដោយគ្មានមិត្តភ័ក្តិបាននោះទេ ហើយជនជាតិជប៉ុនមិនសូវចូលចិត្តមករកយើងមុននោះទេ ហេតុនេះយើងត្រូវចូលទៅរកពួកគេ និងព្យាយាមស្និទ្ធស្នាលជាមួយគេមុន តែទោះជាយ៉ាងណាក្រោយពេលដែលមានមិត្តភ័ក្តិ និងពិភាក្សាជាមួយគ្រូៗច្រើនយើងនឹងអាចទទួលបានភាពកក់ក្តៅច្រើន រួមទាំងចំណេះដឹងជាច្រើនផ្សេងទៀត ទាំងការអប់រំជាក់ស្តែង និងទាំងរបៀបរបបនៃការរស់នៅក្នុងប្រទេសជប៉ុនថែមទៀតផង៕