ខ្សែប្រយុទ្ធ Lionel Messi បានដើរចេញពីកីឡដ្ឋានទាំងការខកចិត្ត ក្រោយពីបានឃើញក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ខ្លួនបានរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល 6-1 ក្រោមស្នាដៃក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការប្រកួតមិត្តភាពត្រៀមសម្រាប់ World Cup ឆ្នាំ2018 កាលពីថ្ងៃអង្គារ។
តារាឆ្នើមរបស់ក្លិប Barcelona រូបនេះ ត្រូវបានគេឃើញដើរទៅកាន់ច្រកទ្វារចេញ ក្រោយពីខ្សែបម្រើ Isco របស់ក្លិប Real Madrid បានស៊ុតបាល់បញ្ចូលទី 3គ្រាប់ និងជាអ្នករកគ្រាប់បាល់ទី6 ឱ្យក្រុមអេស្ប៉ាញនៅរាត្រីនោះ។ Messi ដែលធ្លាប់បានប្រកាសចូលនិវត្តន៍ ក្រោយពីការខកចិត្តក្នុងព្រឹត្តិការណ៍ Copa America នោះ បានអវត្តមានក្នុងការប្រកួតនេះ ដោយសារតែបញ្ហារបួសសរសៃពួរគន្លាក់ជើង។ ខ្សែប្រយុទ្ធ Diego Costa បានវិលទៅលេងក្នុងជម្រើសទាំង 11នាក់ដំបូងជាលើកទី1 ក្នុងចំណោមការប្រកួតអន្តរជាតិ 8លើក ហើយរូបគេបានបង្កើតការចាប់អារម្មណ៍ភ្លាមៗសម្រាប់ការវិលត្រឡប់របស់គេ តាមរយៈការរកគ្រាប់បាល់បើកឆាក ខណៈដែលក្រុមជម្រើសជាតិអេស្ប៉ាញបានលត់គូប្រកួតរបស់ខ្លួន ដែលក៏ជាបេក្ខភាពប្រជែងដណ្តើមពានក្នុងប្រទេសរុស្ស៊ី យ៉ាងចាស់ដៃ។ បន្ទាប់មក Iscoបានស៊ុតបាល់បញ្ចូលទី 2គ្រាប់ នៅចន្លោះគ្រាប់បាល់វាយបក 1គ្រាប់វិញរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន តាមរយៈខ្សែការពារ Nicolas Otamendi នៅមុនពេលខ្សែបម្រើ Thiago Alcantara បានបន្ថែមគ្រាប់បាល់ទី4 នៅមុននាទីទី60។កីឡាករបម្រុង Iago Aspas បានរកគ្រាប់បាល់ទី5 សម្រាប់ក្រុមខ្លួន ក្រោយពីទទួលបានបាល់ពីការបញ្ជូនពីចម្ងាយរបស់អ្នកចាំទី David de Gea នៅមុនពេល Isco រកបានគ្រាប់បាល់ទី3 របស់គេ និងគ្រាប់បាល់ទី6 របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងរយៈពេល 16នាទីចុងក្រោយ៕
ប្រភពពី៖ The Sun