ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបាល់បញ្ចូលទី 2គ្រាប់ ហើយខ្សែបម្រើ Paul Pogba បានស៊ុតបាល់ពិន័យ Free-kick ចូលទីយ៉ាងល្អមួយទៀតដែលធ្វើឱ្យក្រុមបាល់ទាត់ជម្រើសជាតិបារាំងផ្តួលក្រុមម្ចាស់ផ្ទះ World Cup រុស្ស៊ី ក្នុងលទ្ធផល 3-1 ក្នុងការប្រកួតមិត្តភាពមួយនាកីឡដ្ឋាន Saint Petersburg កាលពីថ្ងៃអង្គារ។ គ្រាប់បាល់ស៊ុតបញ្ចូលទី 2គ្រាប់យ៉ាងល្អរបស់ Mbappe និងគ្រាប់បាល់របស់ Pogba បានជួយឱ្យក្រុមម្ចាស់ជើងឯក World Cup ឆ្នាំ2018 មួយនេះ ស្តារមុខមាត់ឡើងវិញក្រោយពីការរងបរាជ័យក្នុងលទ្ធផល 3-2 ក្រោមស្នាដៃក្រុមជម្រើសជាតិកូឡុំប៊ី ស្របពេលដែលគ្រាប់បាល់របស់កីឡាករ FedorSmolov សម្រាប់ក្រុមរុស្ស៊ី ត្រឹមតែជាគ្រាប់បាល់លួងចិត្តប៉ុណ្ណោះ។ លោក Didier Deschamps គ្រូបង្វឹកនៃក្រុមជម្រើសជាតិបារាំង បានឱ្យដឹងថា៖ «យើងតែងតែមានសមត្ថភាពក្នុងការបង្កើតនូវឱកាសផ្សេងៗ ដើម្បីរកគ្រាប់បាល់ ហើយយើងបានស៊ុតបាល់បញ្ចូលទី 3គ្រាប់»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាតែងតែមានចំណុចជាច្រើនដែលយើងអាចធ្វើឱ្យល្អប្រសើរឡើង។ ក្នុងតង់ទី1 យើងបានខ្ជះខ្ជាយបាល់ច្រើនពេក។ ប៉ុន្តែ បញ្ហានោះបានកើតឡើងតិចតួចក្នុងតង់ទី2»។
ការប្រកួតនេះបានចាប់ផ្តើម ក្រោយពីមានការស្មឹងស្មាធរយៈពេល 1នាទី ដើម្បីរំឭកដល់មនុស្សចំនួន 64នាក់ ក្នុងនោះរាប់បញ្ចូលទាំងក្មេងចំនួន 44នាក់ ដែលបានស្លាប់ក្នុងអគ្គីភ័យមួយ នៅឯមជ្ឈមណ្ឌលផ្សាររបស់ស៊ីបេរី កាលពីថ្ងៃអាទិត្យ៕
ប្រភពពី៖ Channel News Asia