ការវិនិយោគរបស់ចិនហុងកុងក្នុងឆ្នាំ2017 គឺមានចំនួន 13គម្រោង ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប និងឧស្សាហកម្មដទៃទៀត ក្នុងទឹកប្រាក់វិនិយោគប្រមាណ 85លានដុល្លារអាមេរិក ស្មើនឹង1.64% នៃទុនវិនិយោគសរុបប្រចាំឆ្នាំ2017 នេះបើយោងតាមរបាយការណ៍កត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ក្នុងជំនួបជាមួយប្រតិភូចិនហុងកុងឱ្យដឹងថា កម្ពុជាមានភាពអំណោយផលនៃបរិយាកាសវិនិយោគ ជាពិសេសស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលបានផ្តល់លទ្ធភាពឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម 7.7 %ក្នុងមួយឆ្នាំក្នុងរយៈពេលជាង 2ទសវត្សរ៍កន្លងទៅ។ កំណើនដ៏រឹងមាំនេះបានធ្វើឱ្យកម្ពុជាធ្វើដំណើរយ៉ាងក្លៀវក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្ដល់ទំនុកចិត្ដដល់អ្នកវិនិយោគបរទេសឱ្យបណ្តាក់ទុនលើគ្រប់វិស័យ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្ដរបស់អ្នកវិនិយោគហុងកុងដែលបានជ្រើសរើសកម្ពុជាធ្វើជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។
ជាមួយគ្នានេះឯកឧត្ដម អ៊េតវឺត យ៉ាវ (Edward Yau) រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មបានថ្លែងដោយសន្យាថា នឹងខិតខំធ្វើការទាក់ទាញ និងផ្សព្វផ្សាយឱ្យអ្នកវិនិយោគហុងកុងឱ្យមកបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀតដើម្បីបន្តរឹតចំណងមិត្តភាព និងទំនាក់ទំនងសេដ្ឋកិច្ចនៃប្រជាជាតិទាំងពីរ។
គួររំឭកផងដែរថា ការវិនិយោគរបស់ហុងកុងនៅកម្ពុជាពីឆ្នាំ1994 ដល់ឆ្នាំ2017 មានចំនួន 257គម្រោង មានទុនវិនិយោគសរុបប្រមាណ 1.33ពាន់លានដុល្លារអាមេរិក ស្មើនឹង 2.14%នៃទុនវិនិយោគសរុប៕