Skip to content

បន្តិចទៀត​នឹងមាន​ជើងហោះហើរ​ត្រង់​ពី​គុន​មីង មក​ខេត្ត​ព្រះសីហនុ

មួយរយៈ​ពេល​ចុង​ក្រោយនេះ ក្រុងព្រះសីហនុ​បានក្លាយ​ជា​តំបន់​ដ៏​មាន​សក្តានុពល​ផ្នែក​សំណង់ អាជីវកម្ម និង​ទេសចរណ៍។ ក្នុងចំណោម​ភ្ញៀវ​បរទេស​ដែល​មក​ទស្សនា មក​វិនិយោគ និង​ប្រកប​អាជីវកម្ម​នៅ​ក្រុងព្រះសីហនុ ភាគច្រើន​ជា​ជនជាតិ​ចិន ដែលមាន​ចំនួន​កើនឡើង​ខ្លាំង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

ស្របពេល​គ្នា​នឹង​ចរន្ត​មួយ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​របស់​ចិន Ruili បាន​បង្កើត​ជើងហោះហើរ​ត្រង់​ពី​តំបន់​គុន​មីង ប្រទេស​ចិន មកកាន់​ខេត្ត​ព្រះសីហនុ​នៃ​ប្រទេស​កម្ពុជា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាជន​ចិន​មក​កម្ពុជា និង​ប្រជាជន​នៃ​ខេត្ត​ព្រះសីហនុ​ទៅកាន់​ប្រទេស​ចិន។

នាយករង​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Ruili លោក Ma Zhanwei បាន​លើកឡើងថា ការបង្កើត​ជើងហោះហើរ​ត្រង់​ពី​ខេត្ត​ព្រះសីហនុ ទៅ​គុន​មីង និង​ពី​គុន​មីង មក​ខេត្ត​ព្រះសីហនុ​នេះ គឺ​ដោយសារតែ​ក្រុមហ៊ុន​បាន​មើលឃើញ​ពី​កំណើន​ភ្ញៀវទេសចរ​ចិន​ដែល​មក​ទស្សនា​កម្ពុជា មានការ​កើនឡើង​ឥតឈប់ឈរ ដោយ​ក្នុងនោះ​ភ្ញៀវ​ច្រើនជាងគេ គឺ​មកពី​ខេត្ត​គុន​មីង។

យន្តហោះ​ដែល​នឹង​ហោះហើរ​ទៅមក​រវាង​ក្រុង​គុន​មីង និង​ខេត្ត​ព្រះសីហនុ​នេះ គឺ​ប្រភេទ​យន្តហោះ Boeing B787 ដែល​នឹង​ប្រតិបត្តិការ 3ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ និង​ហោះ 1ជើង​ក្នុង​មួយថ្ងៃ ហើយ​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ 250នាក់​ក្នុង​មួយថ្ងៃ។

យោងតាម​របាយការណ៍​ពី​ព្រលានយន្តហោះ​អន្តរជាតិ​កម្ពុជា បានឱ្យដឹងថា អ្នកដំណើរ​ដែល​ធ្វើដំណើរ​មកកាន់​ព្រលានយន្តហោះ​កម្ពុជា​ទាំងអស់​មាន​ចំនួន 6.3លាន​នាក់ មានការ​កើនឡើង​ចំនួន 25%។ ក្នុងចំណោម​នោះ ភ្ញៀវទេសចរ​ឆ្លងកាត់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មាន 24.5% អ្នកធ្វើដំណើរ​តាម​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​មាន​ចំនួន 21.8% និង​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ​មាន​ចំនួន 16.2%៕

Leave a Reply

Your email address will not be published. Required fields are marked *