ជុំវិញរឿងរ៉ាវបណ្ដឹង ឡើងតុលាការ ពាក់ព័ន្ធនឹងករណីទម្លាយរូបអាក្រាត និងប្រើហិង្សា របស់អតីតគូដណ្ដឹងលោក គុយ សិទ្ធសក្ដិ ជាមួយនឹងតារាចម្រៀងស្រីវ័យក្មេង ប្រចាំផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា នៅតែមិនទាន់ទទួលបាន យុត្តិធម៌នៅឡើយ ខណៈដែលតុលាការបានចេញសាលដីកា ឲ្យចាប់ឃាត់ខ្លួន ជនចាប់ចោទទៅហើយ កាលពីពេលថ្មីៗកន្លងមក ប៉ុន្តែគេនៅតែឃើញជនចាប់ចោទ ដើរហើរមានសេរីភាព ដូចជាជនសមញ្ញធម្មតា ពោលគឺចំណាត់ការរបស់តុលាការ នៃសាលាដំបូងរាជធានីភ្នំពេញ គ្មានប្រសិទ្ធភាព ទាល់តែសោះ។
ស្រាប់តែនៅពេលថ្មីៗនេះ មានភាពភ្ញាក់ផ្អើលមែនទែន ខណៈដែលនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានទម្លាយរូបបថត Pre wedding ជាច្រើនសន្លឹកត្រូវបានលោកគុយ សិទ្ធិសក្តិ ដែលស្ដែងឱ្យដឹងថា លោកគ្រោងនឹងចូលរោងការនាពេលខាងមុខឆាប់ៗនេះ បាននាំអនាគតភរិយាមកថត Pre wedding នៅបរិវេណនៃប្រាសាទអង្គរវត្ត អមដោយសារនៅលើហ្វេសប៊ុកថា «ថ្ងៃនេះ ខ្ញុំរឹងមាំជាងម្សិលមិញ» នាពេលដែលសាលដីការបស់តុលាការមិនដឹងអនុវត្តដល់កម្រិតណានោះឡើយ ។
សូមរំឭកផងដែរថា កន្លងទៅ លោក សុខ ជំនោរ ធ្លាប់បានបង្ហាញពីការកើតទុក្ខមិនសុខចិត្ត នឹងចំណាត់ការរបស់តុលាការនេះ និងក្នុងនាមជាបងប្រុសបង្កើតរបស់ វ៉ាន់ នីឡា ធ្លាប់បានសរសេរ នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «កុំនិយាយពីច្បាប់ និងតុលាការទៀតអី ខ្ញុំនិងគ្រួសារ ឆ្អែត និងយល់ច្បាស់ ពីអំណាច និងអ្នកមានលុយនៅស្រុកខ្មែរហើយ។ ពេលនេះ យើងចាញ់ ជនល្មើស!!!»។
ជាការពីតណាស់ ពាក់ព័ន្ធបញ្ហានេះ ក៏មានអ្នកលេងបណ្ដាញសង្គមម្នាក់បានបង្ហោះលិខិត ផ្សេងៗពាក់ព័ន្ធទៅនឹងបណ្តឹងរបស់វ៉ាន់ នីឡា ដោយភ្ជាប់រូបថតលោក គុយ សិទ្ធសក្តិ ជាមួយសារថា «បើជនល្មើសជាមនុស្សក្រក្រី គា្មនបុណ្យសកិ្ត ខ្ញុំជឿ100 % ចាប់ខ្លួនមិនបាន10 នាទីទេ ប៉ុនែ្តបើជនល្មើសជាកូនអ្នកមាន ឬបុណ្យសកិ្ត10 ឆាំ្នទៀតក៏ចាប់មិនបានដែរ ។ ជនរងគ្រោះរស់ទាំងភ័យខា្លច តែបែរជាជនល្មើសមានសេរីភាពទៅវិញ ថាខ្ញុំសាំក៏បាន ព្រោះខ្ញុំសាំមែន តែមិនដឹងអ្នកណាសាំជាងខ្ងុំទៅទៀត អង្គុយលើច្បាប់ ស្រស់ៗ »៕