លោក Ronald Koeman បានកត់ត្រាជ័យជម្នះជាលើកទី1របស់ខ្លួនក្នុងនាមជាគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ខណៈដែលក្រុមរបស់លោកដណ្តើមបានជ័យជម្នះដោយងាយក្នុងលទ្ធផល 3-០ លើក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងទីក្រុង Geneva កាលពីថ្ងៃចន្ទ។
ក្រុមម្ចាស់ជើងឯករងនៃយុទ្ធនាការ World Cup 3សម័យកាលមួយនេះ បានខកខានក្នុងការឈ្នះកៅអីរបស់ពួកគេសម្រាប់យុទ្ធនាការជុំផ្តាច់ព្រ័ត្រនៅឆ្នាំនេះក្នុងប្រទេសរុស្ស៊ី ប៉ុន្តែ ការប្រកួតជាលើកទី2 របស់លោក Koeman ក្នុងនាមជាគ្រូបង្វឹក បានបញ្ចប់តាមរយៈការដណ្តើមបានជ័យជម្នះដ៏គួរឱ្យជឿជាក់មួយ ក្រោយពីមានគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Memphis Depay, Ryan Babel និង Virgil van Dijk។
វាបានក្លាយជារាត្រីដ៏ខកចិត្តមួយសម្រាប់ក្រុមម្ចាស់ជើងអឺរ៉ុប ព័រទុយហ្គាល់ នៅមុនពេលយុទ្ធនាការ World Cup ខណៈដែលខ្សែប្រយុទ្ធ Cristiano Ronaldo បានសម្រាកត្រឹមតែ 3ថ្ងៃគត់ ក្រោយពីការស៊ុតបាល់បញ្ចូលទី 2គ្រាប់របស់គេដើម្បីជួយឱ្យក្រុមខ្លួនទទួលជ័យជម្នះ 2-1 លើក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប។ លោក Fernando Santos គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានឱ្យដឹងថា៖ «ពួកគេបានបង្កើតឱកាស 4លើក និងស៊ុតបាល់បញ្ចូលទីបាន 3គ្រាប់ ពួកគេពិតជាស័ក្តិសមក្នុងការទទួលបានជ័យជម្នះ»។
ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ដែលបានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិអង់គ្លេស 1-០ ក្នុងទីក្រុង Amsterdam កាលពីថ្ងៃសុក្រនោះ បានរកគ្រាប់បាល់បើកឆាកនៅនាទីទី11 តាមរយៈគ្រាប់បាល់របស់ Depay នៅមុនពេល Babel និង Van Dijkបានបន្ថែម 2គ្រាប់ទៀតដើម្បីបំពេញជ័យជម្នះសម្រាប់ក្រុមរបស់លោក Koeman៕
ប្រភពពី៖ Channel News Asia