លោក Gareth Southgateបានថ្លែងប្រាប់ពីសេចក្តីសង្ឃឹមក្នុងយុទ្ធនាការ World Cup របស់ក្រុមជម្រើសជាតិអង់គ្លេសថា វានៅតែមានកៅអីជាច្រើនក្នុងការដណ្តើមយក ខណៈដែលគ្រូបង្វឹករូបនេះត្រៀមជ្រើសរើសយកក្រុមចុងក្រោយរបស់លោកសម្រាប់យុទ្ធនាការនៅក្នុងប្រទេសរុស្ស៊ី នាពេលខាងមុខនេះ។
លោក Southgate ត្រូវតែបញ្ជូនឈ្មោះកីឡាករទាំង 23នាក់របស់លោកសម្រាប់យុទ្ធនាការ World Cup មិនឱ្យយឺតជាងថ្ងៃទី4 ខែមិថុនាឡើយ ប៉ុន្តែ អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ចង់បំពេញការជ្រើសរើសរបស់លោកនៅមុនពេលការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិនីហ្សេរីយ៉ា នៅថ្ងៃទី2 ខែមិថុនា។
លោក Southgate ចង់បានក្រុមចុងក្រោយដែលល្អបំផុតរបស់លោកសម្រាប់យុទ្ធនាការ World Cup មកធ្វើការកម្តៅសាច់ដុំរួមគ្នានៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិនីហ្សេរីយ៉ា និងកូស្តារីកា ដែលមានន័យថា ការប្រកួតនៅរាត្រីនេះជាមួយនឹងក្រុមជម្រើសជាតិអ៊ីតាលី នាកីឡដ្ឋាន Wembley នឹងបង្ហាញពីឱកាសដ៏សំខាន់ក្នុងការប្រជែងយកកៅអីមួយទៅកាន់ប្រទេសរុស្ស៊ីរបស់កីឡាករជម្រើសជាតិអង់គ្លេស។
ក្រោយពីក្រុមជម្រើសជាតិអង់គ្លេស ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 1-០ លើក្រុមជម្រើសជាតិហូឡង់ កាលពីថ្ងៃសុក្រ លោក Southgate កំពុងតែមានផែនការក្នុងការផ្លាស់ប្តូរកីឡាករជាច្រើននៅពេលប្រកួតជាមួយនឹងអ៊ីតាលី ដើម្បីផ្តល់ឱកាសចុងក្រោយដល់កីឡាករម្នាក់ៗ ក្នុងការបង្ហាញពីសមត្ថភាពរបស់ពួកគេ។ លោក Southgate បានប្រាប់អ្នកយកព័ត៌មាននៅឯទីលានហ្វឹកហាត់របស់ក្រុមជម្រើសជាតិអង់គ្លេស កាលពីថ្ងៃចន្ទថា៖ «វាមិនទាន់យឺតពេលទេសម្រាប់គ្រប់កីឡាករទាំងអស់។ យើងនឹងនៅតែពិនិត្យមើលគ្រប់ៗគ្នារហូតដល់ចុងរដូវកាលនេះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង1រំលងអធ្រាត្រ៕
ប្រភពពី៖ Channel News Asia