Skip to content

ពាណិជ្ជករ និង​កសិករ​នៅតាម​ខេត្ត​ជាប់​ព្រំដែន​ថៃ ទទួលបាន​ការសម្រួល​ថ្មី ផ្នែក​ពាណិជ្ជកម្ម

ក្រោយពី​ការ​ត្អួ​ញ​ត្អែ​រ​អំពី​ភាពលំបាក​ស្មុគស្មាញ​ក្នុង​ការទទួល​បានការ​អនុញ្ញាតឱ្យ​នាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​បរទេស​អស់​រយៈពេល​ដ៏​យូរ​មក ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើ​ប្រតិភូកម្ម​ដល់​មន្ទីរ​ពាណិជ្ជ​កម្ម​ចំនួន4ខេត្ត ដែល​ស្ថិត​នៅជាប់​ព្រំដែន​ថៃ​ឱ្យ​អាច​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​បាន។

យោងតាម​ក្រសួងពាណិជ្ជកម្ម ខេត្ត​ចំនួន4 ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃឡង់​ដ៍ នឹង​ទទួលបាន​សិទ្ធិ​ចេញ “វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ” ទម្រង់​D សម្រាប់​ការនាំចេញ​កសិផល ដែល​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​អះអាងថា វា​ជា​ផ្នែក​មួយ​ដែល​សម្រួល​ដល់​ការនាំចេញ​កសិផល​ជូន​ពាណិជ្ជករ និង​ប្រជាកសិករ​នៅតាម​បណ្តា​យ​ព្រំដែន​កម្ពុជា-ថៃឡង់​ដ៏។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានចាត់ទុក​ការធ្វើប្រតិភូកម្ម​នេះ​ជា​ភ័ស្តុតាង​ថ្មី​មួយទៀត​ដែល​បញ្ជាក់​ពី​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុងការ​អនុវត្ត​គោលនយោបាយកំណែទម្រង់​របស់​រាជ​រដ្ឋាភិបាល​សម្រាប់​លើកស្ទួយ និង​ការសម្រួល​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​បរទេស។

ខេត្ត​ចំនួន4 ដែល​ទទួលបាន​ការធ្វើ​ប្រតិភូកម្ម​អំណាច​ក្នុងពេលថ្មីៗនេះ រួមមានៈ ខេត្ត​ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ។ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​បញ្ជាក់ថា៖“ ការធ្វើ​ប្រតិភូ​កម្មនេះ​មិន​ត្រឹមតែ​ជាការ​ផ្ទេរ​ភាពជា​ម្ចាស់​នៃ​មុខងារ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ជាការ​ទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង និង​ការអនុវត្ត​មុខងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព ចៀសវាងនូវ​បាតុភាព​អសកម្ម និង​ការកកស្ទះ​កសិផល ជាយថាហេតុ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ទៀតថា ក្រសួង​នឹង​បន្តធ្វើ​ប្រតិភូកម្ម​សេវាសាធារណៈ​នេះ ដល់​បណ្តា​ខេត្ត​ជាប់​ព្រំដែនផ្សេងៗទៀត​នាពេល​អនាគត ទន្ទឹមគ្នា​នឹង​ការបណ្តុះ​ប​ណា្ត​ល​មន្ត្រីរាជការ​មន្ទីរ​ពា​ណិ​ជ្ជ​កម្ម​ជាមុន ទាំង​កម្រិត​ជំនាញ​ទាក់ទង​វិធាន​ប្រភពដើម​ទំនិញ ក៏​ដូច​ការប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​ការចេញ CO ផងដែរ។

យោងតាម​ការបញ្ជាក់រ​បស់ ឯកឧត្តម សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ដែលជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត4 ដែល​ទើប​ទទួលបាន​ប្រតិភូកម្ម​អំណាច​ក្នុង​ការចេញលិខិត​ប្រភពដើម​ទំនិញ​បានឱ្យដឹងថា ប្រជាជន​ក្នុង​ខេត្តបន្ទាយមានជ័យ​ប្រកប​របរ​ដាំ​ដុះ​ដំណាំ​ដំឡូង​មី​ច្រើន​លើសលប់ ដែលមាន​បរិមាណ​រហូត​ដល់ 2លាន​តោន​ក្នុង 1ឆ្នាំៗ ហើយ​ទីផ្សារ​សម្រាប់​ដំឡូង​មី​ពឹងផ្អែក​តែ​លើ​ទីផ្សារ​ប្រទេស​ថៃ​ប៉ុណ្ណោះ។

ក្រសួងពាណិជ្ជកម្ម​បាន​ផ្សព្វផ្សាយ​ថា ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ការខិតខំ​ប្រឹងប្រែង​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សំដៅ​ធានាឱ្យមាន​ការអភិវឌ្ឍ​ដ៏​ទូលំទូលាយ ប្រកបដោយ​និរន្តរភាព ព្រមទាំង​ដើម្បី​ពង្រឹង និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​មូលដ្ឋាន រាជរដ្ឋាភិបាល​កម្ពុជា បានអនុម័ត និង​អនុវត្ត​ក្របខ័ណ្ឌ​យុទ្ធសាស្ដ្រ​ស្តីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ចាប់តាំងពី​ឆ្នាំ2005។

បើតាម​ទិន្ន័យ​របស់​នាយកដ្ឋាន​នាំចេញ-នាំចូល​បានឱ្យដឹងថា ការនាំចេញ​នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅកាន់​ទីផ្សារ​បរទេស​បាន​កើនឡើង​រហូតដល់ 11,153លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2017 ពោលគឺ​ស្មើនឹង​ជាង18% បើ​ប្រៀបធៀប​ឆ្នាំ2016 ដែលមាន​ទឹកប្រាក់​ត្រឹមតែ 9,421លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ដោយឡែក​ការនាំចេញ​តាម​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​D ទៅកាន់​ទីផ្សារ​តំបន់​អាស៊ាន បាន​កើនឡើង​ប្រមាណ​ជាង 66% គឺ​ពី​ទឹកប្រាក់ 728លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2016 រហូតដល់​ទឹកប្រាក់ 1,214លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ2017៕

Leave a Reply

Your email address will not be published. Required fields are marked *