Skip to content

លោកជំទាវ អ៊ុក ម៉ាលី៖ ការប្រើប្រាស់​ប្រាក់រៀល​កាន់តែច្រើន​នឹងធ្វើ​ឱ្យ​កម្ពុជា​ទទួលផល​ចំណេញ

បច្ចុប្បន្ន​គេ​សង្កេតឃើញថា ប្រាក់​ដុល្លារ​អាមេរិក​កំពុង​ចរាចរ​នៅលើ​ទីផ្សារ​កម្ពុជា​យ៉ាង​ទូលំទូលាយ ដែល​ប្រើប្រាស់​ដោយ​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​រួមទាំង​ជនបរទេស​ផងដែរ​តាមរយៈ​ជំនួយ ការបណ្តាក់ទុន និង​ទេសចរណ៍​ជាដើម។ ទោះជា​យ៉ាងនេះ​ក្តី មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅ​មិនទាន់​បានដឹងថា តើ​ប្រាក់​ដុល្លារ​នេះ​ចាប់ផ្តើម​ចរាចរ​ចូលមក​ទីផ្សារ​កម្ពុជា​ចាប់តាំងពី​ពេលណា​មក ហើយ​ប៉ះពាល់​ដល់​រូបិយវត្ថុ​ជាតិ(ប្រាក់រៀល)យ៉ាងដូចម្តេច​នោះទេ?។

លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរង​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ឱ្យដឹង​ក្នុង​ទិវា​ប្រាក់រៀល និង​អបអរសាទរ​ខួប​លើក​ទី38 នៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ​កាលពី​សប្តាហ៍​មុន​ថា កម្ពុជា​បានចាប់ផ្តើម​មាន​រូបិយ​វត្ថុ​ដែល​រួមចំណែក​តំណាងឱ្យ​និមិត្តរូប  និង​អធិបតេយ្យភាព​ជាតិ និង​បម្រើ​ជា​មូលដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម។ ជាការ​ពិតណាស់ នៅ​រយៈកាល​ដំបូងនៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ កម្ពុជា​ជួបនឹង​ឧបសគ្គធំៗជាច្រើន ដោយសារ​ប្រជាជន​មិនសូវមាន​ជំនឿ​ទុកចិត្ត​លើ​រូបិយវត្ថុ​របស់​ជាតិ ហើយ​សេដ្ឋកិច្ច​កំពុងស្ថិត​ក្នុង​ភាព​ខ្សត់ខ្សោយ និង​ប្រជាជន​នៅមាន​ការភ័យខ្លាច​ពី​សង្គ្រាមស៊ីវិល​នៅឡើយ។

នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ1980 ប្រជាពលរដ្ឋ​នៅតែ​ធ្វើការ​ដោះដូរ​ទំនិញ​ជាមួយនឹង​វត្ថុផ្សេងៗដូចជា​មាស ប្រាក់ អង្ករ និង​របស់របរ​ប្រើប្រាស់​មានតម្លៃ​មួយចំនួនទៀត បើទោះបីជា​ប្រាក់រៀល​មាន​វត្តមានហើយក៏​ដោយ។

នៅពេលនោះ រដ្ឋាភិបាល​បាន​ខិតខំ​បញ្ចូល​ការប្រើប្រាស់​ប្រាក់រៀល​ទៅក្នុង​សេដ្ឋកិច្ចជាតិ​ជា​លំដាប់​តាមរយៈ​ការបើក​ប្រាក់ខែ​ដល់​បុគ្គលិក​របស់​រដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ និង​ការចំណាយ​របស់​រដ្ឋ ជាពិសេស​លើ​ការទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ និង​ការផ្តល់​ឥណទាន​ដល់​សហគ្រាស​រដ្ឋ និង​ប្រជាជន​ដើម្បី​ស្តារ​ផលិតកម្ម​ក្នុងស្រុក ដែល​ទទួលរង​ការបំផ្លិចបំផ្លាញ​ទាំងស្រុង​ឡើងវិញ។

ទោះ​យ៉ាងណា ស្ថិតក្នុង​ស្ថានភាព​អូសបន្លាយ​នៃ​សង្គ្រាមស៊ីវិល​គួបផ្សំ​នឹង​ការហូរចូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៃ​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ1992-1993ដែល​នាំមក​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា(UNTAC)បានធ្វើឱ្យ​ប្រជាជន​កម្ពុជា​ដែល​កំពុងមាន​ជំនឿ​ចិត្តទន់​ខ្សោយ​មកលើ​ប្រាក់រៀល​ស្រាប់​ផង​នោះ ក៏​ទទួលយក​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​យ៉ាង​ឆាប់រហ័ស​ចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ1990នោះមក​តែម្ដង។

ស្រប​ពេលដែល​ប្រាក់​ដុល្លារ​ធ្វើ​ចរាចរណ៍​កាន់តែច្រើនឡើងៗនោះ បានធ្វើឱ្យ​ប្រាក់រៀល​ទទួល​រង​នូវ​បញ្ហា​ប្រឈម​ដ៏​ធំថ្មី​មួយទៀត​គឺ បញ្ហា​ដុល្លា​រូបនីយកម្ម​ខ្ពស់​ដែល​តាម​បទពិសោធ​អន្តរជាតិ​បានបង្ហាញថា កម្ពុជា​នៅ​ត្រូវការ​ពេលវេលា​យូរ និង​កិច្ចខិតខំ​ប្រឹងប្រែង​ច្រើន​តទៅទៀត​ទាំងពី​សំណាក់​អាជ្ញាធរ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​គ្រប់រូប ដើម្បី​កាត់បន្ថយ ឬ​លុបបំបាត់​កម្រិត​ដុល្លា​រូបនីយកម្ម​ពី​សេដ្ឋកិច្ច​របស់ខ្លួន។

ប្រាក់​ដុល្លារ​អាមេរិក​នៅតែ​បន្ត​ហូរ​ចូលមក​កម្ពុជា​តាមរយៈ​ជំនួយ ការវិនិយោគ និង​ចំណូល​ពី​ការនាំចេញ និង​ទេសចរណ៍ ខណៈពេលដែល​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​បើកទូលាយ​ទៅកាន់​ពិភពលោក។ លំហូរ​នៃ​ប្រាក់​ដុល្លារ​អាមេរិក​ទាំងនេះ​បានធ្វើឱ្យ​កម្រិត​ដុល្លា​រូបនីយកម្ម​នៅ​កម្ពុ​ជាមាន​កម្រិត​ខ្ពស់​រហូតដល់83% (ដែល​វាស់វែង​ដោយ​ផលធៀប​នៃ​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ និង​រូបិយវត្ថុ​ទូទៅ – FCD/M2)។

ទោះយ៉ាងណា កម្ពុជា​ក៏​ទទួលស្គាល់​ពី​តួនាទី​ដ៏​សំខាន់​របស់​ប្រាក់​ដុល្លារ​អាមេរិក នា​ពេលដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​សេដ្ឋកិច្ច​ទន់ខ្សោយ រួម​នឹង​ជំនឿ​ទុកចិត្ត​ដ៏​តិចតួច​លើ​រូបិយវត្ថុ​ជាតិ​ផងដែរ​នោះ។ ក៏ប៉ុន្តែ​នៅពេលដែល​ទំហំ​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រីកធំឡើង ដុល្លា​រូបនីយកម្ម​បាន​បង្កើន​ការចំណាយ និង​ភាព​ងាយ​រងគ្រោះ​មកលើ​សេដ្ឋកិច្ចកម្ពុជា ដោយសារតែ​ដុល្លា​រូបនីយកម្ម​បានដាក់​កំហិត​លើ​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​រូបិយវត្ថុ​ដែលមាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​រួមចំណែក​រក្សា​ស្ថិរភាព​តម្លៃ និង​កំណត់​កម្រិត​អត្រា​ការប្រាក់​សមស្រប​ដើម្បី​គាំទ្រ​ការវិនិយោគ​ក៏ដូចជា​កំណើនសេដ្ឋកិច្ច។

លោកជំទាវ​បញ្ជាក់ថា ការប្រើប្រាស់​ប្រាក់រៀល​កាន់តែច្រើន​នឹងធ្វើ​ឱ្យ​កម្ពុជា​ទទួលបាន​ផលចំណេញចម្បងៗទាំង​ខាង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ដូចជា៖

1.ពង្រឹង​អត្តសញ្ញាណ​ជាតិ ដោយសារ​ប្រាក់រៀល​ក៏​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​ប្រទេស​កម្ពុជា​ផងដែរ។

2.បង្កើន​ទុនបម្រុង​ជាតិ​របស់​កម្ពុជា​ដែល​ពង្រឹង​ភាព​ធន់​មាំ​នៃ​សេដ្ឋកិច្ច និង​វិស័យ​ហិរញ្ញវត្ថុ។

3.ពង្រឹង​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ​ដែល​នឹង​រួមចំណែក​រក្សា​ស្ថិរភាព​តម្លៃ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

4.ពង្រឹង​ប្រសិទ្ធភាព​គោលនយោបាយ​អត្រា​ប្តូរប្រាក់​ដែល​នឹង​រួមចំណែក​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជា​រួមចំណែក​ជួយ​សេដ្ឋកិច្ច​នៅពេល​មានការ​ប៉ះទង្គិច​ជាយថាហេតុ​ណាមួយ។

5.បង្កើន​ចំណូល​ពី​ការបោះពុម្ព​ក្រដាសប្រាក់​ដែល​នឹង​រួមចំណែក​បង្កើន​ចំណូល​ជូន​រាជរដ្ឋាភិបាល​ដើម្បី​យកទៅ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការចំណាយ​សាធារណៈ​ជាដើម។

និង6.ពង្រឹង​អធិបតេយ្យភាព​រូបិយវត្ថុ ដោយ​កាត់បន្ថយ​ភាព​ងាយ​រង​ឥទ្ធិពល​ពី​ការប្រែប្រួល​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ។

គួរ​បញ្ជាក់ថា ក្នុង​រយៈពេល 20ឆ្នាំ​ចុង​ក្រោយនេះ​កម្ពុជា​ទទួលបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ​ក្នុង​អត្រា​មធ្យម​ប្រមាណ 7% ជាមួយ​អតិផរណា​ទាប​ប្រមាណ3%។ អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព​ល្អប្រសើរ​ក្នុង​អត្រា​មធ្យម​ប្រមាណ4,025 រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក ហើយ​ទុនបម្រុង​ជាតិ​បាន​កើន​ដល់​កម្រិត​ខ្ពស់ និង​អាច​ទូទាត់​ការនាំ​ចូល​ទំនិញ និង​សេវា​បាន 6ខែ ដែល​ខ្ពស់ជាង​កម្រិត​គួរ​មាន​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍(3ខែ)។

កត្តា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ទាំងនេះ គឺជា​មូលដ្ឋានគ្រឹះ និង​ជា​បុ​រេ​លក្ខខណ្ឌ​ដ៏​រឹងមាំ​មួយ​ដែល​ផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា​បង្កើន​ការប្រើប្រាស់​ប្រាក់រៀល​កាន់តែ​ទូលំទូលាយ។ ជាក់ស្តែង​រូបិយវត្ថុ​ក្នុង​ច​រាចរណ៍ និង​ប្រាក់​បញ្ញើ​ជា​រៀល​ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើន​ឡើងជា​មធ្យម16% និង 19% រៀង​គ្នា។ ទោះជា​យ៉ាងនេះ​ក្ដី ក៏​ប្រាក់រៀល​នាពេល​បច្ចុប្បន្ន​នៅតែមាន​កម្រិត​នៅឡើយ ដែល​ទាមទារ​ឱ្យមាន​ការចូលរួម និង​សហការ​ពី​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​គ្រប់រូប ក្នុងការ​លើកកម្ពស់​កា​រ​ប្រើប្រាស់​ប្រាក់រៀល​ឱ្យ​កាន់តែ​ទូលំទូលាយ៕

Leave a Reply

Your email address will not be published. Required fields are marked *