ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៤ យាងចូល ៦៥ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នេះ។
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្ររបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះបិតាទ្រង់បានដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។ មុនពេលឡើងសោយរាជ្យ ព្រះបាទនរោត្តម សីហមុនី ល្បីល្បាញដោយស្នាព្រះហស្ថរបស់ទ្រង់ជាឯកអគ្គរាជទូតវប្បធម៌នៅអង្គការយូនេស្កូ (UNESCO) និងជាគ្រូបង្ហាត់របាំបុរាណដ៏ចំណាន។
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ដ៏ឧត្តុង្គឧត្តមនេះ សារព័ត៌មាន ឡារ៉ែន សូមធ្វើការដកស្រង់ព្រះរាជជីវប្រវត្តិរបស់ព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជនខ្មែរ មកធ្វើការចុះផ្សាយជូនជ្រាបដូចខាងក្រោម៖
ព្រះរាជជីវប្រវត្តិ
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ព្រះរាជសម្ភពនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់ជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះនរោត្ដម សីហនុ និងព្រះមាតាព្រះនាម នរោត្ដម មុនីនាថ សីហនុ និងមានព្រះអនុជមួយព្រះអង្គព្រះនាម នរោត្ដម នរិន្ទ្រពង្ស (សោយទិវង្គត)។ ព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន គ្រងរាជសម្បត្តិបន្តពីព្រះរាជបិតា។
នៅពេលនៃព្រះរាជប្រសូត ទ្រង់ និងព្រះអនុជរបស់ទ្រង់ និងព្រះមាតារបស់ទ្រង់ គឺជាពលរដ្ឋខ្មែរដែលមានដើមកំណើតបារាំង-អ៊ីតាលី និងខ្មែរ និងព្រះរាជមាតារបស់ទ្រង់គឺជាព្រះមហេសីមួយអង្គក្នុងចំណោមព្រះមហេសីដ៏ច្រើនរបស់ព្រះបាទនរោត្តមសីហនុ។
បន្ទាប់ពីបានក្លាយជាគូស្វាមី-មហេសីនឹងគ្នាពិតប្រាកដចាប់តាំងពីថ្ងៃដែលទ្រង់បានជួបគ្នានៅឆ្នាំ១៩៥១ ដែលនៅពេលនោះកញ្ញាម៉ូនិក អ៊ីហ៊្សីកំពុងស្ថិតក្នុងវ័យពេញក្រមុំ និងបានឈ្នះជយលាភីលេខ 1 ក្នុងការប្រកួតបវរកញ្ញាថ្នាក់ជាតិ ដែលក្រោយមកទ្រង់ត្រូវបានផ្ដល់ព្រះគោរមងារជាអ្នកម្នាង និងព្រះនាម “មុនីនាថ”នៅក្នុងពេលរៀបអភិសេករបស់ទ្រង់ជាមួយព្រះបាទនរោត្តមសីហនុនៅឆ្នាំ១៩៥២។ បន្ថែមពីនេះទៀត ម្ចាស់ក្សត្រីយមុនីនាថ គឺជាព្រះនត្តាក្សត្រីចុងរបស់ព្រះអង្គម្ចាស់នរោត្តម ដួងចក្រ និង ជាបុត្រីរបស់លោកស្រីប៉ុមពាង និង ជាកូនប្ដីទីពីររបស់លោកស្រី គឺលោកហ្សង់ ហ្រ្វង់ស្វ័រ អ៊ីហ៊្សី ជាធនាគារិកសញ្ជាតិបារាំង-អ៊ីតាលី។
សម្តេចព្រះនរោត្តម សីហមុនីមានព្រះរៀម និងព្រះអនុជមាតាទីទៃសរុបចំនួន១៣អង្គ និងព្រះអង្គមានព្រះអនុជបង្កើតតែមួយអង្គគត់គឺ សម្តេចនរោត្តម និន្ទ្រពង្ស(១៩៥៤-២០០៣)។
ក្នុងអំឡុងរដ្ឋប្រហារឆ្នាំ១៩៧០ដោយលោកសេនាប្រមុខលន់ នល់ (Lon Nol) ព្រះអង្គស្តេចគង់នៅប្រទេសឆេកូស្លូវ៉ាគី។ ក្នុងឆ្នាំ១៩៧៥ ព្រះអង្គទ្រង់យាងចាកចេញពីទីក្រុងប្រ៉ាក នៃប្រទេសឆេកូស្លូវ៉ាគី និងបានចាប់ផ្តើមការសិក្សាទាក់ទងនឹងវិស័យភាពយន្តនៅប្រទេសកូរ៉េខាងជើង។ នៅក្នុងឆ្នាំ១៩៧៧ ព្រះអង្គស្តេចយាងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញ។ ភ្លាមៗនោះខ្មែរក្រហមដែលកំពុងកាន់អំណាចបានប្រឆាំងនឹងលទ្ធិរាជានិយម និងបានឃុំឃាំងព្រះអង្គនៅក្នុងព្រះបរមរាជវាំងជាមួយព្រះរាជវង្សានុវង្សដទៃទៀតព្រមជាមួយព្រះបិតារបស់ព្រះអង្គ។ រហូតដល់ឆ្នាំ១៩៧៩ក្រោមការអន្តរាគមន៍ពីសំណាក់ប្រទេសវៀតណាម ដែលបានជួយរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ផងនោះ ទើបនៅឆ្នាំ១៩៨១ ព្រះអង្គទ្រង់បានយាងទៅកាន់ទីក្រុងប៉ារីសដើម្បីបង្ហាត់បង្រៀនរាំរបាំបាឡេ និងបានទទួលព្រះរាជតួនាទីជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គទ្រង់គង់នៅប្រទេសបារាំងជិត២០ឆ្នាំ ប៉ុន្តែក្នុងអំឡុងពេលនោះ ព្រះអង្គក៏បានយាងទៅទីក្រុងប្រ៉ាកជារឿយៗដែរ ជាទីដែលព្រះអង្គធ្លាប់បានចំណាយពេលនៅទីនោះដ៏យូរក្នុងព្រះជន្មក្មេងវស្សា។ ព្រះអង្គជាព្រះមហាក្សត្រតែមួយគត់ដែលមានព្រះសមត្ថភាពមានព្រះសុវណ្ណីជាភាសាឆែកបានយ៉ាងច្បាស់លាស់។
នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតែងតាំងជាព្រះរាជប្រតិភូកម្ពុជាប្រចាំអង្គការយូនេស្កូដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង ជាទីដែលព្រះអង្គមានប្រជាប្រិយភាពចំពោះការតស៊ូធ្វើការយ៉ាងស្វិតស្វាញ និងភក្តីភាពចំពោះវប្បធម៌កម្ពុជា។ ព្រះអង្គទ្រង់ធ្លាប់បានបដិសេធចំពោះការតែងតាំងព្រះអង្គជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវជ្រើសរើសដោយសមាជិកទាំង៩នាក់នៃក្រុមប្រឹក្សារាជសម្បតិ្ត ដែលជាផ្នែកមួយនៃដំណើរការយ៉ាងឆាប់រហ័ស និងសមស្រប ក្រោយពីដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនៃការដាក់រាជ្យរបស់សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបិតាកាលពីពេលមុនមួយសប្តាហ៍។ ការជ្រើសរើសនេះគឺស្របតាមការយល់ព្រមពីសំណាក់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលកាលនោះជាព្រះប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា ដែលជាព្រះរៀមមាតាទីទៃនៃព្រះមហាក្សត្រថ្មី ដែលបុគ្គលទាំងពីរសុទ្ធតែជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិ។ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងរាជសម្បត្តិនៅថ្ងៃសុក្រ ២៩ ខែតុលា ឆ្នាំ២០០៤។
ការសិក្សា
នៅឆ្នាំ១៩៥៩ ដល់១៩៦២ ព្រះអង្គទ្រង់បានចូលសិក្សានៅសាលាបឋមសិក្សានរោត្ដម, វិទ្យាល័យដេកាត(សាលាបារាំងដ៏ល្បីល្បាញនៅសម័យនោះ) នៅរាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គត្រូវបានព្រះបិតាបញ្ជូនទៅទីក្រុងប្រ៉ាក (Prague) ប្រទេសឆេកូស្លូវ៉ាគី នៅពីឆ្នាំ១៩៦២។ នៅទីនោះព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា, វិទ្យាល័យ និងសាលាតូរ្យតន្ត្រី ដែលទ្រង់បានសិក្សាផ្នែកតន្ត្រី និងរបាំបុរាណរហូតដល់ឆ្នាំ១៩៧៥។ ព្រះអង្គស្ទាត់ជំនាញខាងភាសាសាស្ត្រ ដោយទ្រង់ចេះភាសាបារាំង និងភាសាឆេកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ទ្រង់ក៏អាចប្រាស្រ័យជាភាសាអង់គ្លេស និងរុស្សីបានយ៉ាងល្អប្រសើរផងដែរ។ នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីទីក្រុងប្រ៉ាក ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្ត នៅប្រទេសកូរ៉េខាងជើង ហើយបន្ទាប់មកទ្រង់បានវិលត្រឡប់ចូលមាតុភូមិវិញនៅឆ្នាំ១៩៧៧។ នៅឆ្នាំ១៩៨១ ព្រះអង្គបានផ្លាស់ទៅប្រទេសបារាំង ដើម្បីបង្រៀនរបាំបាឡេ ហើយបន្ទាប់មកព្រះអង្គបានធ្វើជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គទ្រង់គង់នៅប្រទេសបារាំងអស់រយៈពេលជាង២០ឆ្នាំ។
ព្រះរាជគោរមងារ
មុនពេលដែលទ្រង់ក្លាយជាព្រះមហាក្សត្រ ព្រះអង្គទ្រង់មានគោរមងារជា “ស្ដេចក្រុមឃុន” ដែលព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ទ្រង់ព្រះរាជប្រទាន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ បន្ទាប់មកត្រូវបានដំឡើងជា “សម្ដេចព្រះបរមនាថ” នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤។
ព្រះរាជាភិសេក
បន្ទាប់ពីព្រះបិតាទ្រង់ សម្ដេចព្រះនរោត្ដម សីហនុ ទ្រង់ដាក់រាជ្យសម្បត្តិ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបន្តរាជ្យពីព្រះបិតា។ ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង ក្រុងភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។
ព្រះបរមនាមក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖
“ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី”។
ប្រែសេចក្ដីមកថា៖
“អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភក្តិ និងភក្ដីភាព។ មហាក្សត្រដែលព្រះពុទ្ធ និងព្រះឥន្ទ្រលោកឧបត្ថម្ភ អ្នករួបរួមខេមរជនទាំងអស់ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ។”
ព្រះនាមរបស់ព្រះអង្គ គឺបានមកពីការផ្សំគ្នារវាងព្រះនាមរបស់ព្រះបិតា និងមាតារបស់ព្រះអង្គ គឺ សីហ (សីហនុ) និង មុនី (មុនីនាថ) ចេញជា សីហមុនី។
គ្រឿងឥស្សរិយយស
១ . ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍
២ . ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍
៣ . មន្ត្រីធំនៃកងពលកិត្តិយស នៃសាធារណរដ្ឋបារាំង
៤ . មេដាយប្រាក់របស់ក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង៕
\