កាន់តែប្លែកអារម្មណ៍ទៀតហើយ ជាមួយការសម្ដែងរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ ដែលបានបង្ហាញបទថ្មីស្ទាយប្លែកចង្វាក់កន្ទ្រាក់អារម្មណ៍មានចំណងជើងថា « មាន់ស្រែបន្លែស្រស់ » ព្រមទាំងបានរំលេចពាក្យពេចន៍ទាក់ទាញទន្ទេញជាប់មាត់នោះគឺ «ត្រៀមខ្លួនហើយនៅ? បាចស្រូវបាចអង្ក! »។ បទចម្រៀងថ្មីនេះ ក៏មានការតុងតែងខ្លួនបែបសម័យបារាំង ធ្វើឱ្យមហាជនលោកចាប់អារម្មណ៍ខ្លាំងបំផុត និងជាពិសេសមានការចូលរួមសម្ដែងដោយតារាល្បីៗដូចជា ស្រីស្អាត ប៉ាច គីមមួយ នាយក្រឹម ស្រីលាភ យាយអឿន និងតារាកិត្តិយសជាច្រើនដួងទៀត។
សូមជម្រាបជូនបន្ថែមថា កាលពីឆ្នាំកន្លងទៅកំពូលតារាចម្រៀងរូបនេះ មានទទួលបានប្រជាប្រិយភាពខ្លាំងចំពោះបទចម្រៀងសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើង សង្កេតឃើញមានផ្ទុះខ្លាំងជាមួយបទ«រាំអីចេះ» ដែលនៅគ្រប់ទីវត្តអារ៉ាមទាំងអស់ត្រូវបានចាក់បន្លឺឡើងគ្រប់ទិសគ្រប់ទី និងបទមានសន្ទុះបន្ទាប់គឺបទ« រាំកូរណាស់ចែរ»។ តែដោយឡែកសម្រាប់ឆ្នាំ2018 នេះគេនៅមិនទាន់អាចសន្និដ្ឋានបានទេថា បទចម្រៀងរបស់លោកព្រាប សុវត្ថិ អាចវ៉ាបទតារាចម្រៀងប្រុសៗទាំងឡាយបានទៀតឬយ៉ាងណា ប៉ុន្ដែគេចាប់អារម្មណ៏ថាបទ« មាន់ស្រែបន្លែស្រស់» នេះ នៅទើបចេញជា Audio នោះ ក៏មានការចាប់អារម្មណ៏ច្រើនបាត់ទៅហើយ។
ចង់ដឹងថា តើបទចម្រៀង « មាន់ស្រែបន្លែស្រស់ » ទាក់ទាញដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖