Skip to content

ធនាគារពិភពលោក៖ សេវា​ថាមពល​កើនឡើង ប៉ុន្តែ​គុណភាព​ត្រូវតែ​កែលម្អ

របាយការណ៍​សិក្សា​ថ្មី​មួយ​របស់​ធនាគារពិភពលោក​បាន​រកឃើញថា កម្ពុជា​ទទួលបាន​អគ្គិសនី​ដែល​ផ្គត់ផ្គង់​ដោយ​បណ្តាញ​ចែកចាយ​របស់​រដ្ឋ​កាន់​តែ​ធំ​ទូលាយ​រហូតដល់ 71.5ភាគរយ​នៃ​គ្រួសារ​នៅ​ទូទាំងប្រទេស  ប៉ុន្តែ​សេវាកម្ម​ផ្គត់ផ្គង់​ត្រូវតែ​កែសម្រួល​ឱ្យ​ប្រសើរ​ជាង​នេះ ដោយសារ​ប្រជាជន​រហូត 33ភាគរយ នៅតែ​ត្អួ​ញ​ត្អែ​រ​ពី​ភាពរអាក់រអួល​នៃ​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី។

របាយការណ៍​ធនាគារ​ពិភពលោក​ដែល​ទើប​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ក្រោម​ចំណងជើង​ថា កម្ពុជា​លើសពី​ការតភ្ជាប់​បណ្តាញ៖ ការវិនិច្ឆ័យ​តាម​អភិក្រម​ក្របខ័ណ្ឌ​ពហុ​លំដាប់​លើ​លទ្ធភាព​ទទួលបាន​ថាមពល​បាន​រកឃើញថា នៅ​ទូទាំងប្រទេស គ្រួសារ​ជនកម្ពុជា​ចំនួន​ជិត 90ភាគរយ​មានលទ្ធភាព​ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​យ៉ាងហោចណាស់​រយៈពេល 4ម៉ោង​ក្នុង1ថ្ងៃ។

របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​ដដែល​បានឱ្យដឹងថា នៅ​តំបន់​ជនបទ​បច្ចុប្បន្ន​មានគ្រួសារ​ចំនួន 30ភាគរយ​ដែល​ពឹង​ផ្អែកលើ​ប្រភព​ថាមពល​អគ្គិសនី​មិនមែនបណ្តាញ​ចែកចាយ​រដ្ឋ​ដើម្បី​ទទួលបាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ ក្នុងនោះ​មាន​ប្រព័ន្ធ​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ​ខ្នាត​លំនៅឋាន ចង្កៀងគោម​ប្រើ​ថាមពលព្រះអាទិត្យ និង​អាគុយ​សាក​ភ្លើង។

ការពង្រឹង​ប្រព័ន្ធ​ផ្ទេរ និង​ចែកចាយ​ចរន្ត  ឱ្យបាន​កាន់តែ​ល្អ ក៏ដូចជា​ការលើកកម្ពស់​ពង្រីក​ការតភ្ជាប់​ចរន្តអគ្គិសនី​ជាមួយ​បណ្តាញ​រដ្ឋ និង​ការប្រើប្រាស់​ប្រព័ន្ធ​ស្រូប​ថាមពលព្រះអាទិត្យតាម​លំនៅឋាន និង​នាំឱ្យ​កម្ពុជា​ពង្រឹង​បាន​កាន់តែ​រឹងមាំ​នូវ​សក្តានុពល​នៃ​សេដ្ឋកិច្ច​របស់ខ្លួន។

បើទោះបីជា​កំណើន​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​មាន​ភាពប្រសើរឡើង​យ៉ាងណាក៏ដោយ ប៉ុន្តែ​គុណភាព​របស់​សេវាកម្ម​នៅ​អន់ថយ​នៅឡើយ ដែល​វា​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការរស់នៅ និង ការប្រកប​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ។

របាយការណ៍​នោះបាន​ឱ្យដឹងថា បញ្ហា​ប្រឈម​ធំជាងគេ​គឺ ភាព​ទុកចិត្តបាន (ការ​ដាច់​ចរន្ត​ញឹកញាប់)និង​គុណភាព (បញ្ហា​តង់ស្យុង​ឡើង​ចុះ)នៃ​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​តាម​បណ្តាញ​ចែកចាយ​រដ្ឋ ដោយសារ​ជាង​ពាក់កណ្តាល​នៃ​លំនៅឋាន​ដែល​ភ្ជាប់​ចរន្តអគ្គិសនី​ជាមួយ​បណ្តាញ​ចែកចាយ​របស់​រដ្ឋ​បាន​រង​ការ​ដាច់​ចរន្តអគ្គិសនី​ជាង 14លើក​ក្នុង​មួយ​សប្តាហ៍ (ជា​មធ្យម​ប្រហែល 6នាទី​ក្នុង​មួយ​លើក)។ 33ភាគរយ​នៃ​អ្នកប្រើប្រាស់​អគ្គិសនី​តាម​បណ្តាញ​ចែកចាយ​រដ្ឋ​និយាយថា ពួកគេ​ឧស្សាហ៍​ជួបប្រទះ​បញ្ហា​តង់ស្យុង​អគ្គិសនី​ឡើង​ចុះ​ខ្លាំងណាស់។

លោកស្រី អុ​ី​ន​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ថាមពល​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពង្រីក​សមត្ថ​ភាព​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម​ដែល​បង្កើត​ការងារ​ថ្មី ហើយ​សម្រាប់​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវាសាធារណៈ​ដែល​ពង្រីក​ឱកាស​ក្នុង​ការជួយ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​មាន​ជីវភាព​ប្រកបដោយ​ផាសុកភាព និង​គុណភាព​កាន់តែ​ល្អ​ជាង​មុន។

លោកស្រី​ថែមទាំង​បាន​បញ្ជាក់ថា៖ “កម្ពុជា​ជា​ប្រទេស​ទី1នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ដែល​ត្រូវបានធ្វើ​ការអង្កេត​អភិក្រម​ក្របខ័ណ្ឌ​ពហុ​លំដាប់​នេះ​ដែល​ផ្តល់​ទិន្នន័យ​ពិស្តារ​ស្តីពី​លទ្ធភាព​ទទួលបាន​ថាមពល​អគ្គិសនី​តាម​គ្រួសារ សម្រាប់​យកទៅ​ពង្រឹង​ការរៀបចំ​គោលនយោបាយ​ក្នុង​វិស័យ​ថាមពល​នេះ។

ឯកឧត្តម ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ទទួលស្គាល់ថា  គុណភាព​របស់​សេវាកម្ម​អគ្គិសនី​ពិតជា​នៅ​ខ្សោយ​មែន ដែល​ទាមទារ​ឱ្យមាន​ការពង្រឹង​បន្ថែមទៀត​សម្រាប់​ធានា​ដល់​ការរីកចម្រើន​នៃ​អាជីវកម្ម ដែលជា​ផ្នែក​មួយ​ក្នុងការ​ជំរុញ​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង។ ឯកឧត្តម ទី នរិន្ទ បាន​បញ្ជាក់ថា៖ “កម្ពុជា​សម្រេចបាន​ភាព​រីកចម្រើន​យ៉ាង​លឿន​នៅក្នុង​ការពង្រីក​លទ្ធភាព​ទទួលបាន​ចរន្តអគ្គិសនី​ទៅដល់​បណ្តា​ភូមិ​នានា និង​អ្នកប្រើប្រាស់ ក៏ប៉ុន្តែ​វឌ្ឍនភាព​នេះ​ក៏​ទទួលបាន​នៅក្នុង​តម្លៃ​ខាតបង់​មួយ​ដែរ។ អាស្រ័យហេតុនេះ ពេលនេះ​ជា​ពេលដែល​យើង​ត្រូវ​បង្វែរ​ការយកចិត្តទុកដាក់​របស់​យើង​ទៅ​ពង្រឹង​ភាព​គួរ​ទុកចិត្តបាន និង​គុណភាព​នៃ​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​ដើម្បី​ជួយ​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ និង​ធុរកិច្ច​លួត​លាស់​បានល្អ។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ធ្លាប់បាន​អះអាង​កាលពីពេល​កន្លងមក​ថា ដំណើរការ​ទំនប់​សេ​សាន្ត​ក្រោម2 នឹងធ្វើ​ឱ្យ​វិស័យ​ថាមពល​នៅ​កម្ពុជា​កាន់​តែមាន​ស្ថេរភាព ដោយ​កម្ពុជា​នឹង​កាត់បន្ថយ​ការខ្វះខាត​ថាមពល​អគ្គិសនី​សម្រាប់​ការផ្គត់ផ្គង់​ដល់​អ្នកប្រើប្រាស់​របស់ខ្លួន​ដែលមាន​កំណើន​ក្នុង​រង្វង់​ជិត 20ភាគរយ​ប្រចាំឆ្នាំ បន្ទាប់ពី​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​នូវ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន្ត​ក្រោម2 ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន និង​វៀតណាម។

ឯកឧត្តម ស៊ុយ សែម បាន​អះអាងថា ទំនប់​វា​រី​អគ្គិសនី​សេ​សាន្ត​ក្រោម2 ដែល​សាងសង់ឡើង​នៅ​ខេត្តស្ទឹងត្រែង​នឹងមាន​កម្លាំង​ផលិត​ថាមពល​សរុប 400មេ​ហ្គា​វ៉ា​ត់​ក្នុង​មួយ​ម៉ោង ខណៈដែល​ការផលិត​ថាមពល​នឹងធ្វើ​ឡើង​នៅ​ចុង​ខែតុលា​សម្រាប់​តួប៊ីន​ទី1 រីឯ​តួប៊ីន7ផ្សេងទៀត​នឹងត្រូវ​ដំណើរការ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ2018នេះ។

របាយការណ៍​របស់​អា​ជ្ញា​ធរ​អគ្គិសនី​កម្ពុជា​បង្ហាញថា គិត​ត្រឹម​ចុងឆ្នាំ2016 ការតភ្ជាប់​បណ្តាញ​បាន​ចំនួន 100,589ភូមិ​នៅ​ទូទាំងប្រទេស​ដែល​ស្មើនឹង74.74%នៃ​ភូមិ​សរុប​នៅ​ទូទាំងប្រទេស ហើយភ្ជាប់​ចរន្ត​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​ចំនួន 191ម៉ឺន​ខ្នង​ផ្ទះ ត្រូវជា 58%នៃ​ចំនួន​ខ្នង​ផ្ទះ​សរុប។

របាយការណ៍​ដដែល​បាន​បន្ថែមថា ចំពោះ​កា​រត​ភ្ចា​ប់​បណ្តាញ​អគ្គិសនី​ជាតិ បច្ចុប្បន្ននេះ​មាន​ខ្សែបណ្តាញ​តង់ស្យុង​ខ្ពស់ 115គីឡូវ៉ុល និង 230គីឡូវ៉ុល​ប្រវែង 1,525គីឡូម៉ែត្រ និង​មាន​អនុ​ស្ថានីយ​ចំនួន25កន្លែង​ដែល​គ្របដណ្តប់​លើ​ខេត្ត​ក្រុង​ចំនួន14រួចហើយ និង​ភ្ជាប់​បន្ថែម​នៅ​ខេត្ត​ចំនួន 9ផ្សេងទៀត​នៅ​ឆ្នាំ2018 ហើយ​ខេត្ត​ពីរ​ចុងក្រោយ​គឺ ខេត្តរតនគិរី និង​មណ្ឌលគិរី នឹងត្រូវ​ភ្ជាប់​នៅ​ដើមឆ្នាំ2020៕

Leave a Reply

Your email address will not be published. Required fields are marked *