ការអភិវឌ្ឍធនធានមនុស្សនៅក្នុងសម័យបច្ចេកវិទ្យាបានរីកចម្រើន និងមានការផ្លាស់ប្តូរយ៉ាងលឿនពីមួយថ្ងៃទៅមួយថ្ងៃ។ នាពេលបច្ចុប្បន្ននេះ តាមរយៈការអភិវឌ្ឍលើប្រព័ន្ធអនឡាញ ថ្នាក់រៀននៅក្នុងប្រទេសមួយចំនួនគឺអាចធ្វើទៅបានបើទោះបីជាអវត្តមានគ្រូបង្រៀនក៏ដោយ។
លោក Anthony Seldon អ្នកជំនាញអប់រំនៃចក្រភពអង់គ្លេស បានលើកឡើងនៅក្នុងទិវាវិទ្យាសាស្ត្រថា មនុស្សយន្តអាចនឹងជំនួសគ្រូបាននៅក្នុងឆ្នាំ 2027ខាងមុខ។ លោកជាអ្នកជំនាញដំបូងគេបំផុត ដែលហ៊ានកំណត់ពេលវេលាច្បាស់លាស់ពីបំផ្លាស់ប្ដូរក្នុងវិស័យអប់រំ ឬការបង្ហាត់បង្រៀនពីការងាររបស់មនុស្សទៅជាការងាររបស់ម៉ាស៊ីនវិញ (automation of education)។ តែទោះជាយ៉ាងនេះក្តី គាត់ក៏មិនមែនជាអ្នកវិទ្យាសាស្ត្រដំបូងគេដែរដែលបានមើលឃើញពីសក្តានុពលនៃគ្រឿងម៉ាស៊ីនក្នុងការជំនួសតំណែងមនុស្ស។
ទោះជាយ៉ាងនេះក្តី ការស្រាវជ្រាវពីខួរក្បាលសិប្បនិម្មិត (Artificial Intelligent = AI) បានបង្ហាញឱ្យឃើញថា កម្មវិធីដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ទាំងអស់នៅលើមនុស្សយន្តអាចធ្វើឱ្យមនុស្សកាន់តែងាយស្រួល តែវាក៏អាចឆក់យកឱកាសការងារពីមនុស្សជាច្រើន ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកផងដែរ។ ខណៈពេលដែលអ្នកជំនាញមួយចំនួនទៀតបានលើកឡើងថា ទោះបីជាវាមានគុណវិបត្តិខ្លះក្តីតែវានៅតែក្លាយជាចំណុចដែលត្រូវពិចារណាឱ្យអស់ពីលទ្ធភាព ដើម្បីប្រើប្រាស់វាឱ្យមានតុល្យភាព និងជួយដល់ពិភពលោក។
គួរបញ្ជាក់ផងដែរថា ប្រទេសអភិវឌ្ឍន៍ជឿនលឿនមួយចំនួនបាន និងកំពុងពិចារណាក្នុងការបង្កើតច្បាប់គ្រប់គ្រងលើរបកគំហើញទាំងអស់នេះ ជាពិសេសលើខួរក្បាលសិប្បនិម្មិត ដើម្បីកុំឱ្យអ្នកវិទ្យាសាស្ត្រប្រើប្រាស់វាក្នុងផ្លូវអវិជ្ជមាន៕