ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានត្រៀមលក្ខណៈផ្សេងៗសម្រាប់ការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងទីក្រុងប៊ែរឡាំង នៅរាត្រីថ្ងៃអង្គារស្អែកនេះ ដោយសង្ឃឹមថានឹងគេចផុតពីការរងបរាជ័យក្នុងលទ្ធផល 7-1 ដែលនោះគឺជាលទ្ធផលដែលក្រុមទាំងពីរបានជួបគ្នាជាលើកចុងក្រោយកាលពីព្រឹត្តិការណ៍ World Cup ឆ្នាំ2014 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងទីក្រុង Rio។
ក្រុមជម្រើសជាតិប្រេស៊ីល របស់លោកគ្រូបង្វឹក Titeដែលបានផ្តួលក្រុមជម្រើសជាតិរុស្ស៊ី ក្នុងលទ្ធផល 3-០ ក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃសុក្រនោះ កំពុងតែជឿជាក់ថា ពួកគេអាចបង្ហាញពីទម្រង់លេងល្អប្រសើរជាងមុននៅពេលនេះ។ ពួកគេហាក់កំពុងតែស្ថិតក្នុងការត្រៀមលក្ខណៈយ៉ាងល្អក្នុងពេលហ្វឹកហាត់ កាលពីរសៀលថ្ងៃអាទិត្យ។
តារាឆ្នើមៗជាច្រើនដែលលេងក្នុងក្របខ័ណ្ឌ Premier League ដូចជា Willian របស់ក្លិប Chelsea និង Roberto Firmino របស់ Liverpool បានស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះការណែនាំរបស់គ្រូបង្វឹក ស្របពេលដែល Philippe Coutinho ក៏បានស្ថិតនៅលើទីលានហ្វឹកហាត់ផងដែរ។ លោក Titeបានឱ្យដឹងថា៖ «លទ្ធផល 7-1 គឺជាការប្រកួតចុងក្រោយគេបំផុត។ ពិតណាស់ យើងដឹងថា យើងនឹងប្រកួតជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅទីក្រុងប៊ែរឡាំង។ ពួកគេជាម្ចាស់ជើងឯកពិភពលោក និងបានផ្តួលយើងក្នុងលទ្ធផល 7-1»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងកំពុងតែស្ថិតក្នុងដំណាក់កាលពង្រឹងក្រុម ហើយវានឹងក្លាយជាការប្រកួតដ៏សំខាន់មួយ។ ក្នុងពេលប្រកួតជាមួយនឹងអាល្លឺម៉ង់ យើងចង់លេងបាល់ទាត់ ចង់ប្រជែង ចង់បង្ហាញពីភាពខ្លាំងផ្នែកស្មារតី និងចង់ផ្តោតលើការលេង។ យើងពិតជាចង់បង្ហាញពីទម្រង់លេងរបស់យើងជាខ្លាំង»៕
ប្រភពពី៖ The Sun