ខ្សែប្រយុទ្ធ Pierre-EmerickAubameyang របស់ក្លិប Arsenal បានអវត្តមាន ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិហ្គាបុង បានរងបរាជ័យក្នុងលទ្ធផល 4-2 ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះថៃ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃយុទ្ធនាការ King Cup ក្នុងទីក្រុងបាងកក។
ខ្សែប្រយុទ្ធវ័យ 28ឆ្នាំដែលទើបតែបានផ្ទេរពីក្លិប Borussia Dortmund រូបនេះបានដកខ្លួនចេញពីក្រុមជម្រើសជាតិហ្គាបុង នៅនាទីចុងក្រោយ ក្រោយពីលោកយាយរបស់គេបានទទួលមរណភាពក្នុងប្រទេសអេស្ប៉ាញ។ ក្នុងការសម្តែងនូវអាម្មណ៍ដ៏សោកសៅរបស់គេនៅលើបណ្តាញសង្គម Aubameyang ដែលជាកីឡាករឆ្នើមរបស់ទ្វីបអាហ្វ្រិកប្រចាំឆ្នាំ2015 បានសរសេរថា៖ «យាយបានផ្តល់ក្តីស្រឡាញ់ជាច្រើនដល់ខ្ញុំ យាយបានបង្រៀនខ្ញុំនូវរឿងជាច្រើន។ ខ្ញុំនិយាយភាសាអេស្ប៉ាញបាន ដោយសារតែលោកយាយ។
ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានក្លាយជាចៅប្រុសតូចម្នាក់របស់លោកយាយ។ នេះជាស្នាមថើបចុងក្រោយដើម្បីប្រាប់លោកយាយថា លាហើយ»។ ក្រុមបាល់ទាត់ជម្រើសជាតិហ្គាបុង ក៏បានអវត្តមានខ្សែការពារ Bruno Ecuele Manga និងខ្សែបម្រើស្លាប Denis Bouanga ដោយសារចង់ផ្តោតអារម្មណ៍របស់គេទៅលើអាជីពក្នុងក្លិបនៅអឺរ៉ុបរបស់គេ។ ក្រុមមកពីអាហ្វ្រិកកណ្តាលមួយនេះ ចាប់ផ្តើមមិនបានល្អឡើយក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីនៅមុខអ្នកទស្សនាចំនួន 25,000នាក់ ខណៈដែលអ្នកចាំទីរបស់ក្រុមជម្រើសជាតិថៃ បានសង្គ្រោះបាល់ប៉េណាល់ទី 2លើកដំបូង។
ក្រុមជម្រើសជាតិថៃកំពុងតែស្ថិតក្រោមការដឹកនាំរបស់លោក Milovan Rajevac សញ្ជាតិស៊ែប៊ី ដែលធ្លាប់បានជួយឱ្យក្រុមជម្រើសជាតិហ្គាណា ឈានទៅប្រកួត World Cup នៅឆ្នាំ2010 វគ្គ8ក្រុមចុងក្រោយ នៅអាហ្វ្រិកខាងត្បូង៕
ប្រភពពី៖ The Sun Daily