បើយោងតាមប្រភពនានា Zlatan Ibrahimovic នឹងត្រូវចូលរួមជាមួយនឹងក្លិប LA Galaxy ក្រោយពីក្លិប Manchester United បានយល់ព្រមបញ្ចប់កិច្ចសន្យារបស់គេភ្លាម។ ការប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធជើងចាស់រូបនេះជាមួយនឹងក្រុមរបស់ក្របខ័ណ្ឌអាមេរិក Major League Soccer នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រនេះ ខណៈដែល Ibrahimovic វ័យ 36ឆ្នាំ អាចនឹងធ្វើការផ្ទេរជាលើកចុងក្រោយនៃអាជីពដ៏យូរអង្វែងរបស់គេ។
Ibrahimovic បានបង្ហោះនៅលើបណ្តាញសង្គម Instagram ថា៖ «ទីបំផុត រឿងដ៏អស្ចារ្យមួយក៏ឈានដល់ទីបញ្ចប់ ហើយវាក៏ដល់ពេលហើយដែរសម្រាប់ការផ្លាស់ប្តូរ ក្រោយពីចំណាយពេល 2រដូវកាលជាមួយនឹងក្លិប Man United។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្លិប អ្នកគាំទ្រ ក្រុមគ្រូបង្វឹក បុគ្គលិក និងគ្រប់គ្នាដែលបានចែករំលែកជាមួយនឹងខ្ញុំក្នុងផ្នែកនៃប្រវត្តិរបស់ខ្ញុំ»។ ការប្រកួតលើកចុងក្រោយរបស់ Ibrahimovic បានកើតឡើងនៅថ្ងៃប្រកួត Boxing Day ជាមួយនឹងក្រុម Burnley នាកីឡដ្ឋាន Old Trafford ដែលជាការប្រកួតធ្វើឱ្យរូបគេរងរបួសមួយផ្សេងទៀត។
បទបញ្ជាផ្ទៃក្នុងរបស់ក្របខ័ណ្ឌ Major League Soccer បានអនុញ្ញាតឱ្យក្លិបនានាចុះហត្ថលេខាជាមួយនឹងកីឡាករឆ្នើម 3រូប ដែលមិនកំណត់ទៅលើប្រាក់ខែ ខណៈដែលច្បាប់នេះត្រូវបានអនុម័តនៅពេលដែលកីឡាករ David Beckham បានចូលរួមក្នុងលីកនេះ កាលពីឆ្នាំ2007។ ប៉ុន្តែទោះបីជាយ៉ាងណា ដោយសារតែ Galaxy បានចុះហត្ថលេខាជាមួយនឹងកីឡាកររបស់ពួកគេរួចជាស្រេចក្នុងរដូវកាលឆ្នាំ2018 ប្រាក់ខែរបស់ Ibrahimovic នឹងត្រូវកំណត់ត្រឹម 1.5លានដុល្លារ។
នេះបើយោងតាមកាសែត Sports Illustrated។ Ibrahimovic បានទទួលចំណូលដល់ទៅ 26.8លានដុល្លារអាមេរិក ក្នុងមួយរដូវកាល ក្រោយពីបានចុះហត្ថលេខាជាមួយនឹងក្លិប Man United ដោយចេញពីក្លិប Paris Saint-Germain កាលពីឆ្នាំ2016៕
ប្រភពពី៖ Sky Sports