អាណាព្យាបាលជាច្រើនសុទ្ធតែចង់ឱ្យកូនរបស់គាត់ក្លាយជាមនុស្សដែលចូលចិត្តអាន ឬចូលចិត្តការសិក្សា តែពេលខ្លះគាត់មិនសូវយល់ដឹងច្រើនប៉ុន្មានទេពីវិធីសាស្ត្រក្នុងការទាក់ទាញកូនៗឱ្យចូលចិត្តអានសៀវភៅ ព្រោះពួកគេចូលចិត្តលេង ហើយសួរច្រើនជាងអាន។
ខាងក្រោមនេះជាវិធីសាស្ត្រសំខាន់ៗមួយចំនួនដែលអ្នកជំនាញអប់រំ បានណែនាំសម្រាប់អាណា-ព្យាបាលជាច្រើនដែលចង់ឱ្យកូនរបស់គាត់ក្លាយជាមនុស្សដែលចូលចិត្តអាន និងស្រឡាញ់សៀវភៅ។
- និយាយរឿងឱ្យកូនៗស្តាប់
ក្មេងៗក្រៅពីចូលចិត្តឆ្ងល់គឺចូលចិត្តស្តាប់ព្រោះថាពួកគេចូលចិត្តស្រមើស្រមៃច្រើន ហើយរឿងល្អៗដែលមនុស្សធំនិយាយប្រាប់ គេអាចបង្កើត ជាក្តីស្រមៃយ៉ាងល្អ និងជក់ចិត្តសម្រាប់ពួកគេ។ក្រៅពីនេះ កុមារតូចៗក៏អាចនឹងរីករាយខ្លាំងជាមួយនឹងរឿងរ៉ាវលេងសើចទៅតាមចំណង់ចិត្តក្មេងឬរឿងកំប្លែងដែលអ្នកនិពន្ធសៀវភៅកុមាររំលេចឡើង។
ក្រោយពីបានស្តាប់រឿង ក្មេងនឹងចូលចិត្តនៅក្បែរមនុស្សធំ ហើយចាប់ផ្តើមចេះគិតតាមតម្លៃអប់រំដែលអ្នកនិពន្ធសាច់រឿងចង់ឱ្យក្មេងធ្វើ។ ម្យ៉ាងវិញទៀត ក្រៅពីពួកគេ ចូលចិត្តខ្លាំង ហើយសប្បាយជាមួយនឹងសាច់រឿងដែលយើងនិយាយប្រាប់ ពួកគេនឹងចាប់ផ្តើមស្វែងរក រឿងល្អៗដោយខ្លួនឯងនៅពេលដែលពួកគេចេះអាន។
- យកសៀវភៅដែលមានរូបច្រើនជាងអក្សរឱ្យកូនៗអាន
អាណាព្យាបាលជាច្រើនបរាជ័យក្នុងការឱ្យកូនអានសៀវភៅព្រោះពួកគេមិនយល់ចិត្តក្មេង ហើយអ្វីដែលពួកគេអប់រំកូន គឺចង់ឱ្យក្មេងធ្វើតាមអ្វីដែលគាត់ជាមនុស្សធំចង់ធ្វើ។ នៅពេលដែលចង់ឱ្យកូនតូចអានសៀវភៅ គាត់បែរជាយកសៀវភៅដែលមានតែអក្សរសុទ្ធឱ្យក្មេងអាន មិនមានភាពទាក់ទាញ ហើយជាប្រភេទសៀវភៅមិនត្រូវនឹងវ័យ។ នៅពេលនោះ ការអាននឹងក្លាយជារឿងដ៏គួរឱ្យខ្លាចបំផុតសម្រាប់កុមារតូចៗតែប្រសិនបើអាណាព្យាបាលយល់ពីក្មេង ការអាននឹងក្លាយជាសេចក្តីសុខរបស់ពួកគេ។
អាណាព្យាបាលគួរស្វែងរកសៀវភៅដែលមានរូបភាពច្រើនជាងអក្សរ ហើយរូបភាពទាំងអស់នោះចាំបាច់ត្រូវតែមានពណ៌ដែលទាក់ទាញសម្រាប់កុមារ។ នៅពេលដែលកុមារបានឃើញរូបភាពដែលមានពណ៌ស្រស់បំព្រង គេនឹងអាចងាយយល់ពីអត្ថន័យនៃសាច់រឿងហើយគេអាចមើលច្រើនដងដោយមិនធុញ ព្រោះគេអានតែអក្សរតិចៗតែដឹងសាច់រឿងគួរឱ្យរីករាយជាច្រើន។
- លើកទឹកចិត្តដោយការនាំដើរទិញសៀវភៅថ្មីៗ
ក្មេងៗចូលចិត្តបំផុតគឺការលើកទឹកចិត្ត និងយកចិត្តទុកដាក់ ហេតុនេះនៅពេលដែលគេធ្វើអ្វីមួយបានល្អ ឬស្តាប់តាមការណែនាំល្អរបស់យើង អាណាព្យាបាលអាចសាកល្បងទិញកាដូជាសៀវភៅ ឬជូនគេទិញសៀវភៅដែលគេចូលចិត្តគឺជារឿងល្អមួយដែលធ្វើឱ្យក្មេងខិតខំប្រឹងប្រែងរៀនសូត្រឬធ្វើល្អដើម្បីយកចិត្តមនុស្សធំ ហើយទទួលបានសៀវភៅរឿងល្អៗដែលគេស្រឡាញ់។
វិធីសាស្ត្រនេះ ជាវិធីសាស្ត្រលួងលោមល្អមួយដែលអាចធ្វើឱ្យគេចូលចិត្តអាន ហើយថែមទាំងអាចធ្វើឱ្យគេក្លាយជាក្មេងស្តាប់បង្គាប់ទៀតផង៕