តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី22 ខែមីនា ឆ្នាំ 2018នេះ នាយ ចឺម អតីតអ្នកកំប្លែងក្រុមនាយ ពែកមី និងជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ បានបង្ហោះរូបជាច្រើនសន្លឹកនៅលើគណនីផ្ទាល់ខ្លួន ដែលស្ដែងឱ្យដឹងថា លោក និងក្រុមគ្រួសារកំពុងរៀបចំពីធីសូត្រមន្ដ ក្រុងពាលីបុកគ្រិះសង់វីឡាថ្មី ដែលមានទីតាំងស្ថិតនៅឃុំមហាឫស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយចំណាយទឹកប្រាក់បុកគ្រិះអស់ជាង 14 ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ជាការពិតណាស់ កន្លងមកតារាប្រុសរូបនេះធ្លាប់បានលើកឡើងថា « ក្តីប្រាថ្នាធំមួយ ក្នុងជីវិតនៅលីវរបស់ខ្ញុំ គឺសង់ផ្ទះអោយឪពុកម្តាយនៅស្រុកកំណើត ឱ្យបានស្អាត ឱ្យពួកគាត់រស់នៅ នោះទើបខ្ញុំចាប់ផ្តើមគិតរឿងជីវិតបន្តទៀត »។ យ៉ាងណាមិញ គេសង្កេតឃើញថា លោកតែនៅមិនទាន់បានបង្ហាញតម្រុយជីវិតខ្លួននោះយ៉ាងណាទេ ក្រៅពីបង្ហាញការបរិយាយលើរូបភាពដំបូងនៃការដំណើរការសាងសង់វីឡាថា « វីឡាដែលធ្វើនេះជាប្រភេទវិឡាកូនកាត់ ពីរសន្លឹក ដោយជាងម៉ៅការក្នុងទំហំទឹកប្រាក់ 14 ម៉ឺនដុល្លារអាម៉េរិក ។ ដោយផ្ទះបុកគ្រឹះក្រុងពាលី នៅឃុំមហាឫស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតរបស់ខ្ញុំ »។
គួរបញ្ជាក់ផងដែរថា ការបង្ហើបប្រាប់ពីតម្លៃខាងលើនេះ គឺត្រឹមតែជាងម៉ៅការធ្វើនោះទេ ខ្ទង់ចំណាយសរុបអស់ប៉ុន្មានបន្ថែមទៀតនោះ លោកនៅអាចបញ្ជាក់ឱ្យដឹងច្បាស់នៅឡើយបានទេ ដូច្នោះហើយមានតែរងចាំមើលតាមដានស្ថានភាពជាក់ស្ដែងជាបន្ដទៀត ចំពោះព័ត៌មានបន្ថែម គេហទំព័រឡារ៉ែន ធ្វើបន្ដជម្រាបជូនប្រិយមិត្តជាបន្ដទៀត៕