ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ជាក់ថា កូនសោក្នុងការទទួលបានជោគជ័យដ៏អស្ចារ្យរបស់គេ គឺជាការមិនជឿជាក់លើនរណាទាំងអស់ក្រៅពីខ្លួនឯង ហើយរូបគេបានណែនាំឱ្យមិត្តរួមក្រុមជម្រើសជាតិព័រទុយហ្គាល់របស់គេគួរប្រកាន់យកឥរិយាបថដូចគ្នានេះ។
តារាឆ្នើមរបស់ក្លិប Real Madrid រូបនេះ បានបញ្ចេញមតិរបស់ខ្លួននៅពេលដែលរូបគេបានទទួលពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ព័រទុយហ្គាល់នៅក្នុងទីក្រុង Lisbon។ Ronaldo ដែលបានជួយឱ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ឈ្នះពាន Euro ឆ្នាំ2016 ហើយបច្ចុប្បន្នកំពុងតែផ្តោតអារម្មណ៍ទៅលើការប្រជែងពាន World Cup ឆ្នាំ2018នោះ បានឱ្យដឹងថា៖ «យើងគួរតែជឿជាក់ថា យើងជាក្រុមខ្លាំងបំផុត»។ ខ្សែប្រយុទ្ធរូបនេះបានប្រាប់បន្តថា៖ «អ្នកត្រូវតែគិតឱ្យបានខ្ពស់។ ខ្ញុំតែងតែជឿជាក់ថា គ្មាននរណាម្នាក់ល្អប្រសើរជាងខ្លួនខ្ញុំឡើយ ក្នុងពេលស្ថិតនៅលើទីលានប្រកួត»។
Ronaldo បានបន្ថែមទៀតថា៖ «ក្នុងកម្រិតបុគ្គលិក និងជាក្រុម ខ្ញុំបានជួបឆ្នាំដ៏អស្ចារ្យមួយ។ ខ្ញុំបានឈ្នះពាន5 (ដែលរួមមាន Champions League, UEFA Supercup, World Club Cup, La Liga និង ពាន Supercup របស់អេស្ប៉ាញ) ក៏ដូចជាពាន Ballon D’Or និង FIFA ‘Best»។
Ronaldo ដែលបានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោក Ballon D’Or 5សម័យកាលនោះ បច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងទីក្រុង Lisbon ជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលនឹងត្រូវប្រកួតមិត្តភាពជាមួយនឹងក្រុមអេហ្ស៊ីប នៅថ្ងៃសុក្រនេះ និងក្រុមជម្រើសជាតិហូឡង់ ក្នុងរយៈពេល 3ថ្ងៃក្រោយមក៕
ប្រភពពី៖ Channel News Asia