អាការឈឺថ្កាត់បន្តិចបន្តួចសម្រាប់នារីៗទូទៅជារឿងដែលមិនមានគ្រោះថ្នាក់ ឬគួរឱ្យខ្លាចអ្វីនោះទេ គឺអាចមើលថែទាំខ្លួនឯងឱ្យជាឡើងវិញបានដោយការញ៉ាំថ្នាំបែបមិនចាំបាច់ពឹងគ្រូពេទ្យក៏បានតែបើជានារីដែលកំពុងស្ថិតក្នុងអំឡុងពេលតាំងគភ៌ ហើយកើតមានអាការឈឺថ្កាត់ឡើងនោះ ការមើលថែទាំខ្លួននឹងត្រូវយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ខ្លាំងជាងមនុស្សទូទៅច្រើនណាស់។
ព្រោះកូនតូចនៅក្នុងគភ៌កំពុងស្ថិតក្នុងអំឡុងពេលដែលប្រព័ន្ធការពារជំងឺមិនទាន់ជារឹងមាំប៉ុន្មានឡើយ ខ្លាចក្រែងថា ទារកក្នុងផ្ទៃនឹងមិនពេញលក្ខណៈ មានវិវឌ្ឍនាការចម្រើនធំធាត់មិនបានល្អ ដោយសារតែស្ត្រីមានគភ៌មានឱកាសឈឺថ្កាត់បានដោយងាយ។
អាការឈឺថ្កាត់ ឬគ្រុនក្ដៅផ្សេងៗដែលកើតឡើង មិនគួរទិញថ្នាំយកមកញ៉ាំដោយខ្លួនឯងនោះទេ តែគួរតែទៅជួបលោកគ្រូពេទ្យដើម្បីព្យាបាលអាការឱ្យបានត្រឹមត្រូវ ដើម្បីឱ្យកូនតូចមានសុវត្ថិភាព និងព្យាបាលអាការជំងឺបានយ៉ាងចំចំណុចបំផុត។
ការមើលថែទាំខ្លួនពេលស្ត្រីមានគភ៌កើតជំងឺគ្រុនក្ដៅ
កម្រិតនៃប្រព័ន្ធការពារជំងឺក្នុងអំឡុងពេលតាំងគភ៌ធ្លាក់ចុះទាប រហូតធ្វើឱ្យកើតអាការងាយនឹងឈឺថ្កាត់។ មេរោគបាក់តេរីនៅក្នុងខ្យល់អាកាសដែលមើលមិនឃើញចូលមកប៉ះពាល់រាងកាយរហូតធ្វើឱ្យកើតអាការមិនស្រួលខ្លួន និងក្លាយជាជំងឺគ្រុនក្ដៅនៅទីបំផុត។ នៅពេលឈឺថ្កាត់ហើយ អាការនឹងធ្ងន់ធ្ងរ និងប្រើរយៈពេលយូរក្នុងការព្យាបាលច្រើនជាងប្រក្រតី។ ការព្យាបាលដោយថ្នាំដែលទិញដោយខ្លួនឯង តែ Baby and Mom សូមណែនាំថា ស្ត្រីមានគភ៌គួរចៀសវាងយ៉ាងដាច់ខាត ព្រោះអាចប្រថុយប្រថាននឹងផលបន្ទាប់បន្សំពីថ្នាំដែលអាចនឹងចូលទៅប៉ះពាល់ដល់កូនតូចនៅក្នុងគភ៌។
បើស្ត្រីមានគភ៌គ្រុនក្ដៅខ្លួនខ្លាំងអាចនឹងត្រូវរកឃើញទៀតថា មានផលប៉ះពាល់ធ្វើឱ្យបេះដូងរបស់ទារកក្នុងគភ៌លោតញាប់ខ្លាំងឡើង ហុចផលប៉ះពាល់ដល់កម្មវិធីនៃការចម្រើនធំធាត់របស់ទារក បើមិនប្រញាប់ធ្វើការរក្សាព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។
ការព្យាបាលអាការគ្រុនក្ដៅខ្លួន ស្ត្រីមានផ្ទៃពោះគួរមើលថែទាំខ្លួនឯង បញ្ចុះកម្ដៅមិនឱ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ដោយការជូតខ្លួនដោយជ្រើសរើសប្រើទឹកក្នុងសីតុណ្ហភាពធម្មតាដោយធ្វើការជូតបញ្ច្រាសរន្ធរោមឡើងមកលើដើម្បីឱ្យរាងកាយបន្ថយកម្ដៅបានច្រើនបំផុត។ ចំណែកការលេបថ្នាំវិញ ចូរប្រឹក្សាជាមួយគ្រូពេទ្យជំនាញដែលស្ត្រីមានគភ៌ទៅពិនិត្យផ្ទៃពោះនោះឱ្យច្បាស់ជាមុនសិន។
ការមើលថែទាំខ្លួន ពេលស្ត្រីមានផ្ទៃពោះកើតអាការរាករូស
អាការរាករូសដែលប្រទះឃើញញឹកញាប់នៅលើស្ត្រីមានផ្ទៃពោះ អាចបែងចែកជា 2 ក្រុមធំគឺ រាករូសដែលបណ្ដាលមកពីមេរោគបាក់តេរីនិងមិនបានបណ្ដាលមកពីការឆ្លងមេរោគ។ ការរក្សាព្យាបាលគួរការពាររាងកាយកុំឱ្យកើតសភាវខ្វះជាតិទឹក។ គោលការណ៍គឺ រឹតតែរាងកាយបាត់បង់ជាតិទឹកច្រើនប៉ុន្មាន ចូរបន្ថែមជំនួសដោយជាតិទឹកច្រើនឡើងប៉ុននោះដែរ អាចនឹងតាមរយៈការញ៉ាំទឹកអំបិលរ៉ែ ឬទឹកស្អាតធម្មតា ដើម្បីបំពេញជាតិទឹកដែលបាត់បង់ទៅ។ ក្នុងសភាវរាករូស ពោះវៀនថែមទាំងមានអាការហើមទៀតផង ដូច្នេះគួរថែទាំខ្លួនឯងដោយការជ្រើសរើសញ៉ាំអាហារណាដែលងាយស្រួលរំលាយ និងមានប្រយោជន៍ ដូចជា បបរស បបរសាច់ត្រី និងសង្កត់ធ្ងន់លើអាហារប្រភេទស្ងោរ ចំហុយដែលរសជាតិមិនប្រៃខ្លាំង ហឹរខ្លាំង ឬផ្អែមខ្លាំងយកបែបសាបៗជាចម្បង ដើម្បីឱ្យរាងកាយបានសម្របសម្រួលខ្លួនសន្សឹមៗ កូនក្នុងផ្ទៃនឹងមានសុវត្ថិភាព ថែមទាំងបានទទួលសារធាតុអាហារដែលមានប្រយោជន៍យ៉ាងពេញលេញទៀតផង។
ក្រៅពីនេះ នៅមានអាការរោគផ្សេងៗទៀតដែលប្រទះឃើញនៅលើស្ត្រីមានគភ៌ ច្រើនតែជាអាការដែលជួបប្រទះទូទៅ ដោយសារតែប្រព័ន្ធប្រែប្រួលរបស់រាងកាយដែលខុសពីប្រក្រតី។
ការទទួលទានអាហារដែលមានប្រយោជន៍ ឧស្សាហ៍មើលថែទាំសុខភាពខ្លួនឯងមិនឱ្យប្រឈមនឹងគ្រោះថ្នាក់ដែលបណ្ដាលមកពីថ្នាំនឹងហុចផលឱ្យវិវឌ្ឍនាការរបស់ទារកក្នុងគភ៌រឹងប៉ឹងធំធាត់ឡើងតាមប្រក្រតី៕