មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា គោលដៅអភិវឌ្ឍន៍អគ្គិសនីភាវូបនីយកម្ម របស់រាជរដ្ឋាភិបាល នឹងពង្រីកបណ្តាញអគ្គិសនីនៅឆ្នាំ 2020 ទៅគ្រប់ភូមិទាំងអស់នៅកម្ពុជាដើម្បីឱ្យពលរដ្ឋមានអគ្គិសនីប្រើប្រាស់គ្រប់លំនៅដ្ឋាន។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានលើកឡើងថា កាលពីឆ្នាំ2016កន្លងទៅក្រសួងបានផ្តល់សម្បទានអ្នកកាន់អាជ្ញាប័ណ្ណរដ្ឋ និងវិស័យឯកជន វិនិយោគរៀបចំផ្គត់ផ្គង់អគ្គិសនីចំនួន 13,803 ភូមិ ស្មើជាង97%នៃភូមិសរុបទូទាំងប្រទេសហើយបាននិងកំពុងបន្តការសាងសង់បណ្តាញអគ្គិសនីឱ្យភូមិចំនួន 10,549 ត្រូវនឹងជាង74% នៃភូមិសរុបទូទាំងប្រទេស រួចហើយនឹងកំពុងបន្តការសាងសង់បណ្តាញអគ្គិសនីជាបន្តបន្ទាប់ផងដែរ។
ជាមួយគ្នានេះដែរឯកឧត្តម ស៊ុយ សែម ក៏បានធ្វើការណែនាំដល់អង្គភាពពាក់ព័ន្ធ និងអ្នកកាន់អាជ្ញាប័ណ្ណទាំងអស់ ត្រូវយកចិត្តទុកដាក់ពន្លឿនការអភិវឌ្ឍបណ្តាញបញ្ជូនអនុស្ថានីយ ខ្សែបញ្ជូនរង និងបណ្តាញចែកចាយ ដើម្បីធ្វើយ៉ាងណាឱ្យការផ្គត់ផ្គត់អគ្គិសនីពីបណ្តាញជាតិ អាចពង្រឹង និងទៅជំនួសការនាំចូលអគ្គិសនីពីប្រទេសជិតខាង និងទៅជំនួសម៉ាស៊ីនដ្យេហ្ស៊ែលតូចៗ ព្រមទាំងទៅគ្របដណ្តប់ តំបន់ដែលនៅសេសសល់មិនទាន់មានអគ្គិសនីប្រើប្រាស់ផងដែរ។ សម្រាប់ទិសដៅអភិវឌ្ឍន៍នេះ នៅត្រឹមឆ្នាំ2018 ក្រសួងបានជំរុញការងារសាកល្បងមុនគេ លើការគ្របដណ្តប់ និងគ្រប់គ្រងអគ្គិសនីឱ្យបាន100% នៅក្នុងខេត្តពោធិ៍សាត់ផងដែរ។
គួរបញ្ជាក់ថាថ្មីៗនេះ កម្ពុជាកំពុងពិចារណាលក់អគ្គិសនីមួយចំនួនទៅឱ្យប្រទេសវៀតណាម ប្រើប្រាស់បន្ត ខណៈដែលឆ្នាំមុនៗកម្ពុជាធ្លាប់ទិញពីប្រទេសជិតខាងយកមកប្រើប្រាស់រួចហើយដែរ ៕