បច្ចុប្បន្នគេសង្កេតឃើញថា វិស័យសំណង់នៅកម្ពុជាមានការរីកចម្រើនកាន់តែខ្លាំងឡើងៗ ដោយសារវិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេសដែលបានចូលមកបណ្តាក់ទុនលើវិស័យនេះកាន់តែច្រើនឡើងៗនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC មានប្រសាសន៍ថា កត្តាដែលធ្វើឱ្យបរទេសចូលមកវិនិយោគទុនលើវិស័យសំណង់កាន់តែច្រើននៅកម្ពុជានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺដោយសារតែគោលនយោបាយរដ្ឋាភិបាលក្នុងការផ្តល់សិទ្ធិឱ្យជនបរទេសអាចទិញផ្ទះចាប់ពីជាន់ទី2ឡើងទៅ ហើយអ្វីដែលពិសេសជាងនេះទៀត គឺថា តម្លៃដីនៅក្នុងប្រទេសកម្ពុជាមានតម្លៃទាបជាងប្រទេសជិតខាងក្នុងតំបន់ ដូចជាប្រទេសម៉ាឡេស៊ី ថៃ និងវៀតណាមជាដើម ដែលធ្វើឱ្យវិនិយោគិនបរទេសមានឱកាសរកប្រាក់ចំណេញបានច្រើនជាង។
លោកបានមានប្រសាសន៍ថា ការចូលមកវិនិយោគលើវិស័យសំណង់នេះ ភាគច្រើនមិនប៉ះពាល់ដល់វិនិយោគិនក្នុងស្រុកនោះទេដោយបានចែកដាច់គ្នាជាពីរដែលភាគច្រើនវិនិយោគិនក្នុងស្រុកវិនិយោគទៅលើសំណង់ផ្ទះល្វែងនៅតាមបុរី ឬខុនដូលក្ខណៈជាផ្ទះដាច់ពីគ្នា(Single house)ដើម្បីលក់ជូនអតិថិជនជាប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកប៉ុណ្ណោះ។ ចំណែកវិនិយោគិនបរទេសភាគច្រើនវិនិយោគលើសំណង់អគារខុនដូខ្ពស់ៗមានកម្ពស់ច្រើនជាន់ ដោយភាគច្រើនសំដៅដល់អតិថិជននៅក្រៅស្រុកទិញទុកលក់បន្តដើម្បីស្វែងរកប្រាក់ចំណេញនៅពេលក្រោយ។
ទោះយ៉ាងណា លោកបានថ្លែងប្រាប់ពីក្តីបារម្ភថា ទៅថ្ងៃអនាគតបើសិនជាសំណង់អគារខ្ពស់ៗរបស់បរទេសដែលបានដាក់ទិញ-លក់ដើម្បីរកប្រាក់ចំណេញបន្តគ្នានោះ អាចនឹងជួបវិបត្តិ(មានតែបន្ទប់អគារតែមិនមានមនុស្សស្នាក់នៅ) យកល្អគួរវិនិយោគទៅជាផ្សារទំនើប លក់ដូរទំនិញផ្សេងៗវិញប្រសើរជាង។ សម្រាប់ការសង់អគារខ្ពស់ៗនេះក៏អាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនាំឱ្យមានការលំបាកក្នុងការធ្វើដំណើរផងដែរ “ជាធម្មតាមិនថាតែនៅប្រទេសកម្ពុជាទេ នៅប្រទេសណាក៏ដូចប្រទេសណាដែរ នៅពេលដែលមានអគារខ្ពស់ៗរីកលូតលាស់ច្រើនដូច្នេះ វាតែងប៉ះពាល់ដល់ការធ្វើចរាចរនៅលើដងផ្លូវដោយនឹងជួបការកកស្ទះជាអន្លើៗដោយចៀសមិនផុតនោះទេ ប៉ុន្តែយ៉ាងណារដ្ឋាភិបាលបានដោះស្រាយជាបន្តបន្ទាប់ផងដែរ តាមរយៈការសាងសង់ស្ពានអាកាសនានា និងការធ្វើផ្លូវក្រវាត់ក្រុង ការពង្រឹងផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាដើម។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ឡៅ ទិព្វសីហា ប្រធាននាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថា ការចូលមកវិនិយោគនៅកម្ពុជារបស់ជនបរទេសលើវិស័យសំណង់នេះ ដោយសារកម្ពុជាមានប្រព័ន្ធច្បាប់រឹងមាំ មានស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចថេរ 7%ជារៀងរាល់ឆ្នាំក្នុងរយៈពេល 2ទសវត្សរ៍ចុងក្រោយនេះ។ វិស័យសំណង់ភាគច្រើនដែលបរទេសចូលមកបណ្តាក់ទុន គឺការសាងសង់សំណង់អគារខ្ពស់ៗ ខុនដូ ផ្សារទំនើប អគារពាណិជ្ជកម្ម សំណង់សណ្ឋាគារ និងរោងចក្រជាដើម ហើយក្នុងចំណោមជនបរទេសទាំងនោះ វិនិយោគិនចិនមានចំនួនច្រើនជាងគេដែលអាចផ្លាស់ប្តូរមុខមាត់ទីក្រុងភ្នំពេញឱ្យកាន់តែមានភាពទាក់ទាញឡើង។
ឯកឧត្តមបានលើកឡើងថា គិតចាប់តាំងពីឆ្នាំ 2000 ដល់ឆ្នាំ2017កន្លងទៅ វិនិយោគិនបរទេសបានចូលមកបណ្តាក់ទុន នាំមុខគេលើវិស័យសំណង់នៅកម្ពុជា គឺជាជាតិចិនដែលបោះទុនវិនិយោគសរុបមានចំនួន 2,086លានដុល្លារ លើ 128គម្រោងដែលមានផ្ទៃក្រឡាសាងសង់សរុបចំនួនជាង 7លានម៉ែត្រការ៉េ។ ចំណែកវិនិយោគិននាំមុខទី2 គឺកូរ៉េដែលបានបោះទុនវិនិយោគសរុបចំនួន 1,640លានដុល្លារ លើ 49គម្រោង ដែលមានផ្ទៃក្រឡាសាងសង់សរុបចំនួន 3លាន7សែនម៉ែត្រការ៉េ។
ទី3 គឺវិនិយោគិនជនជាតិជប៉ុន មាន 38គម្រោង លើផ្ទៃដីសាងសង់ជាង7 សែនម៉ែត្រការ៉េ ទុនវិនិយោគសរុបចំនួន 246លានដុល្លារ។ ទី4 គឺវិនិយោគិនថៃបោះទុន169លានដុល្លារ សាងសង់សំណង់ចំនួន 28គម្រោង នៅលើផ្ទៃដីសរុបជាង 4សែនម៉ែត្រការ៉េ។ និងទី5 គឺវិនិយោគិនសិង្ហបុរីបោះទុនសរុបចំនួន 158លានដុល្លារ សាងសង់សំណង់ចំនួន 10គម្រោង នៅលើផ្ទៃដីសរុបចំនួន 4សែនម៉ែត្រការ៉េ។
ឯកឧត្តមបានមានប្រសាសន៍ទៀតថា វិស័យសំណង់គឺជាសសរស្តម្ភសេដ្ឋកិច្ចដ៏មានសក្តានុពលមួយក្នុងចំណោមវិស័យ 3ផ្សេងទៀត មានដូចជាវិស័យឧស្សាហកម្មកាត់ដេរ វិស័យកសិកម្ម និងវិស័យទេសចរណ៍៕