មនុស្សម្នាក់ៗតែងតែមានក្តីប្រាថ្នាចង់ក្លាយទៅជាអ្នកមានដូចៗគ្នា ទោះជាកើតក្នុងត្រកូលវណ្ណៈណាក៏ដោយ តែងប្រាថ្នាចង់មានធនធានទ្រព្យសម្បត្តិស្តុកស្តម្ភ ប៉ុន្តែធនធានទាំងនោះមិនមែនកើតឡើងដោយភាពចៃដន្យនោះទេ ឧទារហណ៍ដូចជាលោកបណ្ឌិត តាន់ មុនីវណ្ណ ជាក្មេងឆ្លងកាត់សង្គ្រាម និងគ្រួសារគ្មានបន្សល់អ្វីទុកឱ្យក្រៅពីបាតដៃទាំងពីរនោះទេ ប៉ុន្តែដោយភាពតស៊ូ និងចេះឆក់ឱកាស លោកបានក្លាយជាអគ្គនាយកក្រុមហ៊ុនជាច្រើន។
ក្រឡេកមើលបច្ចុប្បន្នកាល លោក តាន់ មុនីវណ្ណ ត្រូវបានគេស្គាល់គ្រប់ៗគ្នាថាជាអគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាដ៏លេចធ្លោម្នាក់។ នេះគ្រាន់តែជាការងារមួយចំណែកនៃជីវិតរបស់លោកតែប៉ុណ្ណោះ បើនិយាយពី ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុបតែមួយគឺមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង 10ទៅហើយ ក្នុងនោះមានដូចជាក្រុមហ៊ុនចម្ការដូងប្រេង ក្រុមហ៊ុនចម្ការកៅស៊ូ ក្រុមហ៊ុនចិញ្ចឹមជ្រូក ចិញ្ចឹមសត្វ ក្រុមហ៊ុនកំពង់ផែឯកជន ក្រុមហ៊ុនសំណង់ក្មេងវត្ត ក្រុមហ៊ុននាំចូលសម្ភារគ្រឿងចក្រជាដើម។
ក្រៅពីក្រុមហ៊ុនដែលទទួលគ្រប់គ្រងជួយឪពុកក្មេក (លោក ឧកញ៉ា ម៉ុង ឬទ្ធី) លោកបណ្ឌិត តាន់ មុនីវណ្ណ ក៏មានក្រុមហ៊ុនផ្ទាល់ខ្លួនជិត 10ផ្សេងទៀតដែរ មានដូចជាក្រុមហ៊ុនប្រឹក្សាយោបល់ធុរកិច្ច ក្រុមហ៊ុនមេធាវីប្រឹក្សាផ្នែកច្បាប់ ក្រុមហ៊ុននាំចេញ-នាំចូល ក្រុមហ៊ុនរើសពលករទៅធ្វើការក្រៅប្រទេស ក្រុមហ៊ុនជ្រើសរើសបុគ្គលិក ក្រុមហ៊ុនបកប្រែភាសាជាដើម ដែលភាគច្រើនមានដៃគូជាមួយអ្នកជំនួញបរទេសច្រើនជាងដៃគូក្នុងស្រុក។ ថ្មីៗនេះលោកបានសហការជាមួយអ្នកជំនួញបរទេសម្នាក់ បង្កើតផ្សារ One dollar ចែកចាយសម្ភារប្រើប្រាស់ អាហារ និងភេសជ្ជៈនៅលើទីផ្សារកម្ពុជាទៀតផង។
ចំណែកការងារជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាវិញ លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាពាណិជ្ជកម្មកម្ពុជា-ថៃ(Thai Cambodia Business council) សមាជិកក្រុមប្រឹក្សាពាណិជ្ជកម្មចិន-អាស៊ាន (China Asean Business council) សមាជិកក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មអាស៊ីអាគ្នេយ៍ (Association of South East Asia Business Council) និងជាសមាជិកក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ានឥណ្ឌា (Asean-Indian Business Council) ផងដែរ។ ក្នុងទស្សនវិស័យវែងឆ្ងាយក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងក្នុងនាមជាសភាពាណិជ្ជកម្មកម្ពុជា លោកត្រូវបានចាត់តាំងឱ្យទទួលបន្ទុកផ្នែកច្បាប់ ដើម្បីបង្កើតការិយាល័យសភាពាណិជ្ជកម្មក្រៅប្រទេស ក្នុងគោលដៅទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេសឱ្យបានកាន់តែច្រើនថែមទៀត។
ការិយាល័យនេះនឹងបង្កើតក្នុងប្រទេស ឬរដ្ឋទាំងឡាយណា ដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើន ដោយបច្ចុប្បន្នលោកបានសរសេរច្បាប់ និងអនុក្រឹត្យ រួចរាល់ហើយ នៅរង់ចាំតែពេលវេលាបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មក្រៅ ប្រទេសមកដល់តែប៉ុណ្ណោះ។
បន្ថែមពីលើនេះទៀតលោកក៏ជាសមាជិកសមាគមអ្នកសាងសង់អាស៊ាន ជាទីប្រឹក្សាជាន់ខ្ពស់ (Senior Adviser) នៃសមាគមអភិវឌ្ឍន៍លំនៅដ្ឋាន ជាអគ្គលេខាធិការសមាគមអ្នកសាងសង់កម្ពុជា ជាទីប្រឹក្សាភិបាលសមាគមស្ត្រីកម្ពុជា និងជាក្រុមប្រឹក្សាបណ្តុះបណ្តាលថ្នាក់ជាតិ (National Training Board) របស់ទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ។
ប្រវត្តិពីកុមារភាព និងផលលំបាកក្នុងសម័យសង្គ្រាមទោះបីបច្ចុប្បន្ន លោកមានភាពជោគជ័យក្នុងជីវិតដូច្នេះក៏ដោយ បើក្រឡេកមើលអតីតកាល លោកគឺជាកុមារកំព្រាម្នាក់ ដែលម្តាយស្លាប់ចោលក្នុងសម័យប៉ុលពត មានជីវិតលំបាកស្ទើរបរិយាយមិនកើត ចុះហេតុអ្វីបានជាលោកមានជីវិតជោគជ័យដូច្នេះ?កុមារា តាន់ មុនីវណ្ណ ចាប់កំណើតនៅក្នុងក្រុងភ្នំពេញ អំឡុងឆ្នាំ1973 ដោយមានឪពុកជាខ្មែរកាត់ចិន និងមានម្តាយជាបារាំងកាត់វៀតណាម ប៉ុន្តែក្រោយពីចាប់កំណើតមិនបានប៉ុន្មានឆ្នាំផង វិនាសកម្មបានចូលមកដល់ ទីក្រុងភ្នំពេញត្រូវបានពួកខ្មែរក្រហមចូលកាន់កាប់ លោកត្រូវបានពួកវាជម្លៀសទៅរស់នៅ ភូមិផ្ទះវាល ឃុំព្រៃដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ដោយសារគោលនយោបាយសម្លាប់អ្នកចេះដឹង ក្រុមកម្មាភិបាលខ្មែរក្រហម បានប្រកាសរកអ្នកចេះដឹង ម្តាយលោកក៏ចូលធ្វើការជាអ្នកបកប្រែ បានប្រហែល3ទៅ4ខែ ម្តាយលោកត្រូវគេយកទៅសម្លាប់ចោល។ ជីវិតជាកូនកំព្រារស់នៅជួបការលំបាកស្ទើរធ្លាក់ដល់ចំណុចសូន្យ ចាប់ពីពេលនោះមកគ្រួសារមិនដែលស្គាល់ឡើយ ថាបានបាយឆ្អែតមួយពេល គឺហូបតែបបរ និងបាយលាយក្តួចឬបាយលាយពោតប៉ុណ្ណោះ។
និយាយទាំងក្តុកក្តួលអួលដើមក លោក មុនីវណ្ណ បានរំឭកថាទោះជាកាលណោះលោកនៅតូចក៏ដោយតែនៅចាំបានខ្លះៗថា កាលគ្រាមួយនោះគ្រួសារគ្មានអ្វីហូបក៏ប្រមែប្រមូលអង្ករបានកន្លះកំប៉ុង ដាំបាយឱ្យយាយទួតហូប ដើម្បីឱ្យគាត់បានឆ្អែតដោយគិតថាគាត់ចាស់ហើយ ហើយនៅពេលយាយហូបបាយជ្រុះមួយគ្រាប់ លោកក៏រើសមកហូបវិញស្គាល់បាយជាតិព្រះមេ គឺមានរសជាតិផ្អែមឆ្ងាញ់ពេញក្នុងមាត់។
ជីវវិតជួបការលំបាក លំបាកស្ទើររៀបរាប់មិនចេញមិនដូចសម័យនេះទេ យុវជនសម័យនេះលំបាកត្រឹមគ្មានម៉ូតូជិះទៅរៀន ពិបាករកការងារធ្វើ ពិបាករកការងារដែលមានប្រាក់ខែច្រើន ពិបាកគ្មានលុយទិញឡានថ្លៃៗ ឬពិបាកមិនបានប្រើទូរស័ព្ទទំនើប ប៉ុន្តែសម្រាប់រូបលោកគឺខុសគ្នា និយាយសឹងតែស្រក់ទឹកភ្នែក ពិបាកក្នុងសង្គ្រាម ពិបាករកអ្វីមកប្រដូចមិនបាន គឺពិបាកគ្មានអីហូបតែម្តង បើយករឿងនេះមកថតកុនជាសាច់រឿងវិញអ្នកណាមើលក៏យំដែរ។
ជីវិតតស៊ូក្រោយសម័យប៉ុល ពត និងការសិក្សាកាលខ្ញុំនៅតូចអាយុប្រហែល10ឆ្នាំខ្ញុំរើសសម្បកដបលក់មួយថ្ងៃរកបានពី 3ទៅ5រៀល បន្ទាប់មកឪពុករត់កាណូតដខ្ញុំក៏ទិញស្ករគ្រាប់ពីផ្សារចាស់ទៅលក់នៅឯស្រុក បានចំណេញច្រើនមួយស្បោង3រៀល (ប្រហែល3ដុល្លារបច្ចុប្បន្ន) ហើយទិញ10ស្បោងយកទៅលក់ មួយថ្ងៃលក់អស់ប្រហែល30% បានលុយវិញ90រៀល គិតទៅស្ករគ្រាប់ចំណេញច្រើនណាស់គុណនឹង10ឯណោះ។ ខ្ញុំចាំថាអ្នកស្រុកខ្ញុំស្គាល់ខ្ញុំច្បាស់ណាស់ ខ្ញុំឈ្មោះ ខួច ដោយសារថ្ពាល់ខួច កាលណោះខ្ញុំដើររើសដើមឆៃថាវដែលគេបោះចោលយកទៅជ្រក់ ដើរលក់បានលុយមួយចំណែកទៀត ហើយធ្វើការរែកទឹកមួយថ្ងៃ40អម្រែកក៏មាន។
ពេលរៀនចប់ថ្នាក់ទី3 មកដល់ភ្នំពេញខ្ញុំក៏លំបាកដែរ តែគ្រាន់តែថាខ្ញុំមានគំនិតជាអ្នករកស៊ីតាំងពីក្មេង ខ្ញុំឆ្ងល់ខ្លួនឯងដែរ កាលណោះខ្ញុំគ្មានចំណេះដឹងខ្ពង់ខ្ពស់អ្វីទេ តែចេះរកស៊ីតាំងពីតូច។ ពេលមកដល់ភ្នំពេញដំបូងឡើយខ្ញុំមកនៅជាមួយម្តាយមីងនៅអូរឬស្សីជួយលក់ស្បែកជើង ដើរលក់ឆ្នោតផង លក់កាសែតផង គ្មានលុយកាក់ទេគ្រាន់តែខោរហែកគូទ យកទៅឱ្យជាងដេរសាប់ៗរហូតជាងលែងសាប់ឱ្យដោយសាររហែកច្រើនពេក ពេលខ្លះខ្ញុំអង្គុយស្រក់ទឹកភ្នែកម្នាក់ឯងអាណិតខ្លួន ព្រោះគ្រាន់តែខោស្លៀកទៅរៀនក៏គ្មាន។
ដល់ពេលខ្ញុំអាយុជិត20ឆ្នាំខ្ញុំធ្វើជាអ្នកកួកជេម៉ូតូ ឡាន កួកជេដី ធ្វើត្បូងជាដើម រហូតដល់អាយុ20ជាង ខ្ញុំសល់លុយជាង10ម៉ឺនដុល្លារស្មើនឹងជាង10លានដុល្លារធៀបសម័យបច្ចុប្បន្ន។ ដូច្នេះមុនខ្ញុំការជាមួយកូនលោកឧកញ៉ាខ្ញុំសល់លុយរាប់សែនដុល្លាររួចទៅហើយ មានលុយទិញឡាន ទិញផ្ទះ ទាំងនេះមិនមែនជាការចៃដន្យទេតែជាការប្រឹងប្រែងរបស់ខ្ញុំ។
គួររំឭកថា ពេលមកដល់ភ្នំពេញ លោកចូលរៀននៅសាលាចតុមុខ បន្តមកសាលាស៊ីសុវត្ថិ ហើយបានចូលបន្តនៅសាកលវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បន្ទាប់មកចូលទៅថ្នាក់ MBM, MBA, ថ្នាក់MASTER ចូលដល់ PHD ច្បាប់ និងបន្ត DBA ចុងក្រោយចូលទៅ DPA ហើយបន្ទាប់មក ចូលធ្វើការងារមកទល់សព្វថ្ងៃនេះ ដែលសព្វថ្ងៃលោកក៏ជាមេធាវី សមាជិកនៃគណៈមេធាវីកម្ពុជា និងបង្កើតក្រុមហ៊ុនមេធាវីអន្តរជាតិផងដែរ។ ក្រោយពីរៀបការរួចលោកក៏ប្តូរអាជីពពីអ្នកច្បាប់មកជាអ្នកជំនួញវិញ យ៉ាងណាលោកសប្បាយចិត្តក្នុងការចូលរូមពិភាក្សាផ្នែកច្បាប់ផ្សេងៗ និងចូលរួមធ្វើជាសហប្រធានក្រុមការងារផ្សេងៗក្នុងនាមតំណាងឱ្យសមាគមនានា។
ទោះជាលោករៀបការរួចហើយក៏ដោយ ក៏លោកនៅតែទៅរៀនបន្ត និងមិនសូវបានជុំគ្រួសារទេទោះសៅរ៍-អាទិត្យក្តីតែលោកបានបំពេញភារកិច្ចជាស្វាមី ជាឪពុកដ៏ល្អឱ្យគ្រួសាររស់នៅបានសុខដុមរមនា។ ចំណុចនេះលោកក៏បានអរគុណទៅដល់ឧត្តមភរិយា ដែលបានអនុញ្ញាតផ្តល់ពេលវេលាឱ្យលោកបានធ្វើការ បានរៀនសូត្រ បានជួយដល់សង្គមមកទល់សព្វថ្ងៃ។
ការចូលរួមជួយលើកកម្ពស់ការងារសង្គមទោះជាមានការងារច្រើនរាប់មិនអស់ក៏ដោយ ក៏លោកតែងតែបានចូលរួមក្នុងសកម្មភាពសង្គមជារឿយៗ ដូចជាចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីជាច្រើន ដែលលោកតែងផ្តល់អនុសាសន៍ ក្នុងការជំរុញអភិវឌ្ឍន៍សមត្ថភាព ជួយដល់សហគ្រិនក្នុងស្រុកឱ្យមានសមត្ថភាពកាន់តែខ្លាំងឡើង ឱ្យពួកគេយល់ច្បាស់ពីរបៀបធ្វើពាណិជ្ជកម្ម ឬស្វែងរកគ្រូពូកែៗមកជួយពួកគេសម្រាប់បណ្តុះបណ្តាលបន្ថែមលើកិច្ចការជំនួញ។
ក្រៅពីនេះ លោកក៏តែងតែបានផ្តល់អនុសាសន៍ល្អៗដល់យុវជនជានិស្សិតជំនាន់ក្រោយ ឱ្យចេះតស៊ូក្នុងការរៀនសូត្រ ចេះបង្កើតឱកាសការងារ បណ្តុះគំនិតលើកិច្ចការជំនួញដើម្បីជោគជ័យទៅថ្ងៃអនាគត។
តាមរយៈវោហោរស័ព្ទដ៏ទាក់ទាញនៅក្នុងវេទិកាសាធារណៈនានា បានធ្វើឱ្យកេរ្តិ៍ឈ្មោះលោកកាន់តែល្បីសុសសាយឡើង “ខ្ញុំឡើងធ្វើជាវាគ្មិនម្តងៗខ្ញុំសប្បាយចិត្តណាស់ ព្រោះខ្ញុំបានចែករំលែកចំណេះដឹងបន្តតទៅទៀត។ ដូច្នេះយុវជន ឬនិស្សិតគួរតែចូលរួមស្តាប់វាគ្មិនពូកែៗឱ្យបានច្រើន។
របៀបក្នុងការគ្រប់គ្រងអាជីវកម្មសំនួរសួរថា លោកមានក្រុមហ៊ុនច្រើន ហើយក៏បានចំណាយពេលជាមួយការងារសង្គមច្រើនរាប់មិនអស់ដូចនេះ តើលោកអាចគ្រប់គ្រងក្រុមហ៊ុនផ្ទាល់ខ្លួនឱ្យដំណើរការល្អដូចម្តេចទៅ? ត្រង់នេះលោកបានឆ្លើយដោយមិនស្ទាក់ស្ទើរឡើយថា ការគ្រប់គ្រងក្រុមហ៊ុនដោយជោគជ័យ គឺត្រូវមានធនធានមនុស្សពូកែៗ មានអ្នកទុកចិត្ត មានក្រុមប្រឹក្សាផ្សេងៗគ្នាទៅតាមក្រុមហ៊ុននីមួយៗ ដែលមានការបែងចែកការទទួលខុសត្រូវផ្សេងៗគ្នា ទាំងការសម្រេចចិត្តការងារ សម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុ ការរកធនឧបត្ថម្ភជាដើម។ ចំណែករូបលោកមិនមែនជាអ្នកដឹកនាំដោយផ្ទាល់នោះទេ លោកគ្រាន់ជាអ្នកបង្កើតក្រុមហ៊ុនមួយឡើងហើយជ្រើសរើសអ្នកពូកែៗមកធ្វើការងារ មកដឹកនាំជំនួសជាការស្រេច។
លោកបញ្ជាក់ដូច្នេះថា “ជាធម្មតាមានក្រុមហ៊ុនច្រើនវាពិបាកជាងក្រុមហ៊ុនតែមួយ ប៉ុន្តែពេលមានក្រុមហ៊ុនច្រើនវាជួយគ្នាទៅវិញទៅមក ប៉ុន្តែសម្រាប់មនុស្សម្នាក់មានក្រុមហ៊ុនតែមួយក៏បានដែរ ឱ្យតែគាត់យល់ថាចំណូលប៉ុណ្ណឹងវាគ្រប់គ្រាន់។ បើយើងយល់ថា ការបង្កើតអ្វីមួយដែលខ្លួនឯងគ្រប់គ្រងមិនបាន យើងមិនគួរបង្កើតវាទេ។
ក្រុមហ៊ុនខ្លះ បើសិនជាមានលទ្ធភាពទាំងដើមទុន ទាំងធនធានមនុស្ស មានទំនាក់ទំនង និងមានដៃគូល្អច្រើន កាន់តែប្រសើរ។ ឧទាហរណ៍ក្រុមហ៊ុនចម្ការដូងប្រេងរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី មានដៃគូជាជនជាតិថៃ ជនជាតិថៃនោះមានក្រុមហ៊ុនផ្ទាល់ខ្លួនជាង200ក្រុមហ៊ុនផ្សេងទៀតហើយសួរថាតួអង្គគាត់តែម្នាក់ធ្វើកើតដែរឬទេ? ចម្លើយគឺ បើក្រឡេកមើលលោក Jack Ma ជាប្រធានក្រុមហ៊ុន Alibaba គ្រុបមានក្រុមហ៊ុនរាប់មិនអស់ ដូចគ្នាអ៊ីចឹងដែរ ព្រោះសម័យនេះ ភាគច្រើនគេធ្វើការតាមប្រព័ន្ធ (System) យើងធ្វើទៅតាមប្រព័ន្ធការងារបែបសម័យទំនើប ដូច្នេះតិចឬច្រើនអាស្រ័យលើយើងហ៊ានជ្រើសរើសធនធានមនុស្ស រើសអ្នកពូកែ អ្នកទុកចិត្តមកធ្វើការជំនួសយើង ឬយ៉ាងណា?
ត្រង់នេះលោកបញ្ជាក់ថា បើសិនក្រុមហ៊ុនមួយយើងជាអ្នកអនុវត្តផ្ទាល់ ធ្វើការដោយខ្លួនឯង គ្រប់គ្រងក្រុមហ៊ុនតែមួយសឹងមិនបានផង បើក្រុមហ៊ុននោះតូចមិនសូវមានបញ្ហាទេ ប៉ុន្តែបើក្រុមហ៊ុនធំវិញគឺធ្វើមិនបានតែម្តង។ បើក្រុមហ៊ុនធំគឺយើងត្រូវតែទុកចិត្តទៅលើធនធានមនុស្ស រើសធនធានមនុស្សដែលមានសមត្ថភាពមកគ្រប់គ្រងជំនួសយើង ដោយយើងគ្រាន់តែជាអ្នកឃ្លាំមើល ចាំតាមដានដាក់កម្មវិធីប៉ុណ្ណោះមិនចាំបាច់ធ្វើខ្លួនឯងទេ។ ជួលមនុស្សតែម្នាក់មកធ្វើប្រតិបត្តិការ ហើយជួលមនុស្សមួយក្រុមមកតាមដានប្រតិបត្តិការគឺជាការប្រសើរហើយ។ ដូច្នេះខ្លួនឯងគ្រាន់តែអង្គុយចាំស្តាប់ និងពិនិត្យរបាយការណ៍លទ្ធផល និងកែលម្អតែប៉ុណ្ណោះ។
ប៉ុន្តែទោះជាយ៉ាងណានៅក្នុងការងារផ្ទាល់ខ្លួន យើងមិនត្រូវដើរចោលនោះទេ ទោះបីយើងចំណាយពេលវេលាខាងក្រៅច្រើនក៏ដោយ ជាដំបូងយើងត្រូវរៀបចំស្ថាប័នរបស់យើងឱ្យបានរៀបរយជាមុនសិន បណ្តុះបណ្តាលបុគ្គលិកផ្ទៃក្នុងរបស់យើងឱ្យមានចំណេះដឹង មានសមត្ថភាពគ្រប់គ្រាន់ ឱ្យពួកគាត់ធ្វើការបានល្អប្រសើរជំនួសយើង។
លោកថា អ្នកខ្លះបើកក្រុមហ៊ុនមួយអត់ហ៊ានជួលគេមកធ្វើ ពោលគឺធ្វើដោយខ្លួនឯង វាពិតជាលំបាកជាងបើកក្រុមហ៊ុន10ទៅទៀត។ គេមានក្រុមហ៊ុន10 ជួនកាលគេមិនលំបាកទេ បើគេហ៊ានជួលមនុស្សមកប្រើ ហើយបើសិនគេមានដៃគូល្អថែមទៀតកាន់តែប្រសើរ។ ដៃគូមិនមែនសំដៅតែអ្នកមានលុយទេ អ្នកជំនួញដែលឆ្លាតគឺគេរកដៃគូដែលមានពេលវេលាធ្វើការជាមួយគ្នា មានជំនាញចំណេះដឹង និងស្មោះត្រង់ចំពោះគ្នា ដូច្នេះទោះមានក្រុមហ៊ុន10-20 ឬមានដល់50ក្រុមហ៊ុនក៏យើងមិនខ្វល់ដែរ “ខ្ញុំឧទាហរណ៍ផ្សារ One Dollar ខ្ញុំមិនបាច់ហត់ទេខ្ញុំមានដៃគូបរទេស គេជាអ្នកធ្វើខ្ញុំទុកពេលតាមដានរបាយការណ៍គឺគ្រប់គ្រាន់ហើយព្រោះថាលំហូរសាច់ប្រាក់ផ្សេងៗគ្រប់គ្រងដោយប្រព័ន្ធ (System) មិនអាចបាត់សាច់ប្រាក់នោះទេ ដូច្នេះពេលខ្លះយើងធ្វើការតាមអនឡាញក៏បាន។ ទោះយ៉ាងណាឧបសគ្គមិនមែនថាអត់ទេ វាតែងតែកើតមានជារឿយៗ ប៉ុន្តែអ្វីគ្រប់យ៉ាងយើងមានគោលការណ៍ច្បាស់លាស់ យើងហ៊ានធ្វើ យើងនឹងមិនខ្លាចបញ្ហានោះទ។
មហិច្ឆតា និងទស្សនវិស័យទោះមានការងារច្រើនដូច្នេះក្តី ក៏លោកនៅតែមានមហិច្ឆតាបង្កើតក្រុមហ៊ុនផ្សេងៗទៀតទៅថ្ងៃអនាគត។ សម្រាប់ទស្សនវិស័យនៅពេលខាងមុខបើលោកមានទុនហើយរកបានដៃគូល្អ លោកនៅតែបើកក្រុមហ៊ុនបន្តទៀត ចំណែកដើមទុននិយាយឱ្យចំទៅ អ្នកដែលមិនខ្វះទុនគឺជាអ្នកដែលមិនរកស៊ី សម្រាប់អ្នករកស៊ីធំៗទុននោះមិនចេះគ្រប់ទាល់តែសោះ អ្នករកស៊ីកាន់តែធំខ្ចីលុយគេកាន់តែច្រើន។
ពេលខ្លះយើងខ្វះទុនយើងអត់អាចធ្វើការបានទេ ប៉ុន្តែបើយើងធ្វើឱ្យក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បី យើងធ្វើឱ្យក្រុមហ៊ុនជោគជ័យ ក្រុមហ៊ុនដែលមានគុណធម៌ សុជីវធម៌ត្រឹមត្រូវជួយដល់សង្គមបានច្រើននោះ គឺទុនខ្លះមិនចាំបាច់ចេញក៏មានដែរ ហើយបើមានផែនការអាជីវកម្មត្រឹមត្រូវ ធនាគារចាំជួយផ្តល់ទុនទៀតផង មិនចាំបាច់យកប្លង់ដីទៅដាក់ទេ។ ឧទាហរណ៏ ក្រុមហ៊ុនអាហារ និងភេសជ្ជៈរបស់លោក មានធនាគារឱ្យខ្ចីលុយរួចទៅហើយមិនបាច់ប្រើទុនបង្វិលផ្ទាល់ខ្លួននោះទេ គ្រាន់តែចំណាយតិចតួចសម្រាប់ធ្វើប្រតិបត្តិការប៉ុណ្ណោះ។
លោក មុនីវណ្ណ គឺជាមនុស្សម្នាក់ ដែលមិនឱ្យមានពេលទំនេរដល់ទៅមួយម៉ោងនោះទេ ទោះជាធ្វើកិច្ចការជំនួញ ហាត់កីឡា រៀនសូត្រ ឬធ្វើកិច្ចការសង្គមផ្សេងៗលោកមិនឱ្យខ្លួនឯងទំនេរដាច់ខាត។ លោកអំពាវនាវទៅដល់យុវជនត្រូវខំប្រឹងរៀនសូត្រ ក្រេបយកចំណេះដឹង ក្លាយជាមនុស្សពូកែនៅក្នុងគ្រួសារ ជួយដល់គ្រួសារ និងសង្គមជាតិទាំងមូល ដើម្បីរួមគ្នាឱ្យសង្គមជាតិយើងបានរីកចម្រើនទៅមុខ។
ជាមួយគ្នានេះ លោកក៏សុំអំពាវនាវ ឱ្យអ្នកមានលុយមានចំណេះដឹង ជួយបរិច្ចាគដល់សង្គម ទោះជាបរិច្ចាគជាធនធានចំណេះដឹងក៏ដោយ។ ការកសាងសង្គមមួយ មនុស្សម្នាក់មិនអាចធ្វើបាននោះទេ លុះត្រាតែយើងរួមគ្នាធ្វើ ទើបសង្គមយើងបានសម្បូរសប្បាយ និងរីកចម្រើនដូចអរិយប្រទេស៕