Skip to content

ឯកឧត្តម គង់ វិបុល៖ អ្នក​ប្រកាស​ពន្ធ 99% ប្រើ​វិក្កយបត្រ​មិន​ត្រឹមត្រូវ

អគ្គនាយក​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកឡើងថា អ្នក​ជាប់ពន្ធ​ស្ទើរតែ​ទាំងអស់​នៅ​កម្ពុជា​ច្រើន​រៀបចំ​វិក្កយបត្រ​បង់ពន្ធ​មិនបាន​ត្រឹមត្រូវ​តាម​ផលរបរ​ដែល​ខ្លួន​ប្រកប​អាជីវកម្ម។

ការ​ថ្លែង​របស់​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ពន្ធដារ​បាន​ធ្វើឡើង​ក្នុង​សិក្ខា-សាលា​ប្រចាំឆ្នាំ​ស្តីពី កាតព្វកិច្ច និង​របៀប​បំពេញ​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ ព្រមទាំង​បច្ចុប្បន្នភាព​បទ​ប្បញ្ញត្តិថ្មីៗស្តីពី​ពន្ធដារ ដែលមាន​អ្នកចូលរួម​ជាង1,000នាក់ ដោយ​ភាគច្រើន​ជា​គណនេយ្យករ​មកពី​បណ្តា​ក្រុមហ៊ុន​សហគ្រាស និង​សមាគម​ក្នុងស្រុក។

ឯកឧត្តម គង់ វិបុល បាន​បញ្ជាក់ថា នៅក្នុង​ដំណើរការ​ទូទាត់​សាច់ប្រាក់​ក្នុង​វិក្កយបត្រ ម្ចាស់​អាជីវកម្ម​មិនបាន​ភ្ជាប់​មកជា​មួយ​នូវ​ប្រភេទ​ពន្ធអាករ​ដែលមាន​នៅក្នុង​សេវាកម្ម​របស់ខ្លួន​ឱ្យបាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​តាម​ប្រភេទ​ពន្ធ​ត្រូវ​បង់​នោះទេ​ដោយ​ក្រុមហ៊ុន ឬ​ម្ចាស់​អាជីវកម្ម​បានដាក់​ត្រឹមតែ​ពន្ធអាករ​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​នៅក្នុង​នោះ​មាន​អាករ​ពិសេសផ្សេងៗទៀត​ជាច្រើន ដែល​មិន​ត្រូវបាន​បញ្ចូល​ក្នុង​វិក្កយបត្រ ដើម្បី​ធានា​នូវ​តម្លាភាព​ឱ្យបាន​ច្បាស់លាស់។

ឯកឧត្តម ប្រតិភូ​រាជរដ្ឋាភិបាល បាន​លើក​ឧទាហរណ៍​ថា ការលក់​ម្ហូបអាហារ​ក្នុង​ភោជនីយដ្ឋាន មិន​ជាប់​អាករ​បំភ្លឺ​សាធារណៈ​នោះទេ ប៉ុន្តែ​ការលក់​បារី សូម្បីតែ​មួយកញ្ចប់ក៏ត្រូវ​ជាប់​អាករ​ពិសេស​ផ្សេងទៀត​ដែរ ហើយ​បើ​មាន​បម្រើ​សេវាកម្ម​កម្សាន្ត​មាន​ភ្លេង​ជាដើម គឺ​ត្រូវ​ជាប់​អាករ​ពិសេស​មួយទៀត គឺ​អាករ​កម្សាន្ត (Entertainment Tax) តែ​ដល់ពេលប្រកាស គ្មានទេ​ពន្ធអាករ​ទាំង​អស់នេះ ដោយមាន​ចេតនា​គេច​ពី​ពន្ធ​ពិសេស​ទាំងអស់នេះ តាមរយៈ​ការកែច្នៃ​របៀប​នៃ​ការប្រកាស​ពន្ធ។

ឯកឧត្តម គង់ វិបុល បញ្ជាក់ថា៖ “នៅក្នុង​ការរៀបចំ​វិក្កយបត្រ ខ្ញុំ​សង្កេតឃើញថា វិក្កយបត្រ​ស្ទើរតែ 99% នៃ​វិក្កយបត្រ​ដែលមាន​សព្វថ្ងៃ​នេះ មិនបាន​ឆ្លុះបញ្ចាំង​នូវ​ការពិត​នោះទេ។

ឯកឧត្តម គង់ វិបុល ក៏បាន​លើកឡើង​ដែរ​ថា ដើម្បីឱ្យ​ស្របគ្នា​ចំពោះ​ការប្រកាស​ពន្ធ​ទាំងនោះ ម្ចាស់​អាជីវកម្ម ឬ​ម្ចាស់​ក្រុមហ៊ុន​ត្រូវ​បន្ថយ​ផលរបរ​របស់ខ្លួន។ ពេល​បន្ថយ​ផលរបរ ពន្ធអាករ​ត្រូវ​បង់​ក៏ត្រូវ​តិច​តាម​នោះ ហើយអ្វីផ្សេងៗទៀត ក៏ត្រូវ​តែ​តិច ឬ​បន្ថយ​តាម​នោះដែរ។

ដើម្បី​ធានា​នូវ​តម្លាភាព​ក្នុងការ​ប្រកាស​ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ត្រៀម​ដាក់ឱ្យ​ដំណើរការ​ការប្រកាស​ព​ន្ធ​តាម​អន​ឡាញ ដែល​ពេលនោះ​ហើយ តម្លាភាព​ក៏ត្រូវ​បាន​ធានា​កាន់តែ​ប្រសើរ ជាងពេលបច្ចុប្បន្ន​នេះដែរ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម គង់ វិបុល។ យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រោយ​ការអនុវត្ត​មធ្យោបាយ​ប្រមូល​ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ដែល​បាន​ដាក់ឱ្យអនុវត្ត​ចាប់តាំងពី​ឆ្នាំ2016មក ឃើញថា​ចំណូល​នៅក្នុង​វិស័យ​ពន្ធដារ​បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយមាន​ប្រមាណ 1,800លាន​ដុល្លារ នៅក្នុង​ឆ្នាំ2016 និង​ប្រមាណ 1,900លាន​ដុល្លារ​នៅ​ឆ្នាំ2017កន្លងទៅ ព្រមទាំង​ការរំពឹងទុក​ប្រមាណ 2,000លាន​ដុល្លារ​ក្នុង​ឆ្នាំ2018នេះ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ផ្តាស់​ប្តូរ​របៀប​កំណត់​ការប្រមូល​ពន្ធ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ2015 កន្លងមក ដោយ​ប្តូរ​ពី​ការបង់ពន្ធ​តាម​របប​ម៉ៅការ​មកជា​ការបង់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ឬ​របប​ពិត​វិញ។ ក្នុង​ប្រកាស​កាលពី​ឆ្នាំ2015នោះ បានកំណត់​អ្នក​ជាប់ពន្ធ​តាម​ប្រភេទ​អ្នក​ជាប់ពន្ធ​តូច មធ្យម និង​ធំ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​បានចេញ​សេចក្ដីប្រកាស​ចុងក្រោយ ចុះ​ថ្ងៃទី24 ខែមករា ឆ្នាំ2018នេះ ដោយបាន​កំណត់​ជាថ្មី​ចំពោះ​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ត្រូវបាន​បែងចែក​ជា 3ប្រភេទ គឺ​អ្នក​ជាប់ពន្ធ​តូច អ្នក​ជាប់ពន្ធ​មធ្យម និង អ្នក​ជាប់ពន្ធ​ធំ។

សម្រាប់​អ្នក​ជាប់ពន្ធ​តូច គឺកំណត់​នៅ​ដដែល​ធៀប​នឹង​សេចក្ដីប្រកាស​ដែល​ចេញ​កាលពី​ចុងឆ្នាំ2015 ដោយ​អ្នក​ជាប់ពន្ធ​តូច គឺជា​សហគ្រាស​ឯកបុគ្គល ឬ​សហគ្រាស​សហកម្មសិទ្ធិ មាន​ផលរបរប្រចាំឆ្នាំ​ចាប់ពី 250លាន​រៀល  ដល់700លាន​រៀល។  ដោយឡែក​អ្នក​ជាប់ពន្ធ​មធ្យម ត្រូវបាន​ដំឡើង​ចំនួន​ទឹកប្រាក់​អតិបរមា​ពី 2,000លាន​រៀល​រហូតដល់4,000លាន​រៀល។

សេចក្ដីប្រកាស​ចុងក្រោយ​នោះបាន​បង្ហាញថា អ្នក​ជាប់ពន្ធ​មធ្យម​ត្រូវបាន​កំណត់ថា សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី 700លាន​រៀល​ដល់ 4,000លាន​រៀល ខណៈដែល​ប្រកាស​កាលពី​ចុងឆ្នាំ2015 បាន​កំណត់ថា អ្នក​ជាប់ពន្ធ​មធ្យម ជា​សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី700លាន​រៀល ដល់2,000លាន​រៀល និង​ជា​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​នីតិបុគ្គល​គឺជា​អ្នក​ជាប់ពន្ធ​មធ្យម។

ប្រកាស​នោះបាន​កំណត់​ផងដែរ​ថា អ្នក​ជាប់ពន្ធ​ធំ​ត្រូវបាន​កំណត់​ដំឡើង​ទឹកប្រាក់​អតិបរមា​រហូតដល់4,000លាន​រៀល។ សេចក្ដីប្រកាស​នោះ​ក៏បាន​បង្ហាញថា អ្នក​ជាប់ពន្ធ​ធំ​ជា​សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ លើសពី 4,000លាន​រៀល ឬ​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុ​ជាតិ សាខា​ក្រុមហ៊ុន​បរទេស ឬ​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់៕

Leave a Reply

Your email address will not be published. Required fields are marked *