Skip to content

គម្រោង​អចលនទ្រព្យថ្មីៗបន្ត​បង្ហាញខ្លួន ខណៈ​ការអភិវឌ្ឍ​ជាក់ស្តែង​ស្ថិតក្នុង​ភាពអាថ៌កំបាំង

គម្រោង​សាងសង់​អគារខ្ពស់ៗនៅ​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​ផ្សព្វផ្សាយ និង​បង្ហាញ​គម្រោងថ្មីៗក្នុង​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ដដែល​ទោះបីជា​គម្រោង​ខ្លះ​ត្រូវ​ប្រកាស​ពន្យារពេល​ម្តង​ហើយ​ម្តងទៀត គម្រោង​ខ្លះ​មិន​ដំណើរការ​តែម្តង និង​គម្រោង​ខ្លះ​បានធ្វើ​ដំណើរ​ទៅមុខ​តាម​ការគ្រោងទុក​ក៏ដោយ។

អគារ​ពាណិជ្ជកម្ម​ភ្លោះ​កម្ពស់ 62ជាន់​ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា អគារ Royal One ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន OTK Royal One Co.,Ltd របស់​អ្នកឧកញ៉ា គិត ធាង និង​ក្រុមហ៊ុន​សំណង់​មកពី​តៃវ៉ាន់​Huashi Group គ្រោង​នឹង​ចំណាយ​ទុនវិនិយោគ 150លាន​ដុល្លារ ត្រូវបាន​ចុះហត្ថលេខា​ដោយ​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​ទាំងពីរ និង​គ្មាន​វត្តមាន​ថ្នាក់ដឹកនាំ​ក្រសួង​ណា​ម្នាក់​ចូលរួម​ឡើយ។

បន្ទាប់ពី​ការចុះហត្ថលេខា​ជាមួយ​ដៃគូ​វិនិយោគ​រួចមក អ្នកឧកញ៉ា គិត ធាង អគ្គនាយក​ក្រុមហ៊ុន OTK Royal One Co.,Ltd បាន​ប្រាប់​អ្នកយកព័ត៌មាន​ប្រកបដោយ​ភាព​ជឿជាក់ថា មុន​ការប្រកាស​គម្រោង​មួយ​នេះ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា​បានធ្វើ​ទីផ្សារ​រួចស្រេច​ទៅហើយ ដូចនេះ​លោក​ឧកញ៉ា​ហាក់​គ្មាន​សេចក្តី​ព្រួយបារម្ភ​ចំពោះ​ការ​ដំណើរការ​ទៅមុខ​របស់​គម្រោង​មួយ​នេះ​ទេ។

នៅពេល​អ្នកសារព័ត៌មាន​បាន​សាកសួរ​អំពី​អនាគត​របស់​គម្រោង​អគារ​មួយ​នេះ ស្រប​ពេលដែល​គម្រោង​ខ្លះ​ត្រូវបាន​លុបចោល គម្រោង​ខ្លះ​ត្រូវ​ផ្អាក និង​គម្រោង​ខ្លះទៀត​កំពុង​អភិវឌ្ឍ​យ៉ាងយឺតៗនោះ អ្នកឧកញ៉ា គិត ធាង បាន​អះអាងថា រហូតមក​ដល់ពេល​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ដៃគូ ក្តីសង្ឃឹម​ចំពោះ​គម្រោង​អគារ​ភ្លោះ​មួយ​នេះ​គឺ​ស្មើនឹង 50% អាច​ដំណើរការ​ទៅមុខ​រួច។

ឧកញ៉ា គិត ធាង និយាយថា៖ “ធម្មតា​ការរកស៊ីនីមួយៗ មានគំនិតខុសៗគ្នា អ្នកខ្លះ​ធ្វើទៅ​ប៉ះពាល់​នឹង​បញ្ហា​ហិរញ្ញវត្ថុ ការជ្រើសរើស​ទីផ្សារ​មិន​ត្រឹមត្រូវ ឬ​ប្រហែល​គេ​ធ្វើ​រួច​ទើប​រក​ទីផ្សារ​ក៏​មិនដឹង ឬអ្វី​មួយ​ផ្សេងទៀត​ដែល​ខ្ញុំ​មិនដឹង ប៉ុន្តែ​ពួក​ខ្ញុំ​វិញ គឺ​រៀប​ចំរក​ទីផ្សារ​ឱ្យ​ហើយ មុននឹង​ចាប់​ផ្តើមកសាង។

បើតាម​ការអះអាង​រប​ស់ អ្នកឧកញ៉ា គិត ធាង អគារ​ពាណិជ្ជកម្ម​ភ្លោះ Royal One នេះ​គ្រោង​នឹង​ចាប់ផ្តើម​បុកគ្រឹះ​នៅ​ចុង​ត្រីមាស​ទី3 ឆ្នាំ2018នេះ ដោយ​នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ឆ្នាំ 2021ខាងមុខនេះ។ រហូតមកដល់​ពេលនេះ មាន​គម្រោងធំៗជាច្រើន​មិនទាន់​បញ្ចប់​ការសាងសង់ មិនទាន់​ចាប់ផ្តើម​សាងសង់ និង​គម្រោង​ខ្លះទៀត​ត្រូវ​បានប្រកាស​ពន្យារពេល​ម្តង​ហើយ​ម្តងទៀត ដែល​បង្ហាញឱ្យឃើញ​ពី​ភាពមិនរ​លួ​ន​ទៅមុខ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

អ្នកជំនាញ​មួយចំនួន​ក្នុង​វិស័យ​អចលនទ្រព្យ ហាក់​មិន​ហ៊ាន​បញ្ចេញយោបល់​ចំពោះ​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នេះ​ទេ៕

Leave a Reply

Your email address will not be published. Required fields are marked *