Skip to content

រោងចក្រ​ខ្នាត​ធំ​នៅ​កម្ពុ​ជាមាន​ជាង 1,500ស្ថាប័ន និង​ផ្តល់​ការងារ​ជិត 1លាន​នាក់

គិត​ត្រឹម​ដំណាច់ឆ្នាំ2017កន្លងទៅ កម្ពុ​ជាមាន​រោងចក្រ​ខ្នាត​ធំ​ប្រមាណ​ជាជាង 1,500រោងចក្រ​ដែល​បាន​ចុះបញ្ជី និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ចំនួន​ប្រមាណ​ជាង 98ម៉ឺន​នាក់ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម។

ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​មានប្រសាសន៍​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ2017 និង​លើក​ទិសដៅ​ការងារ​ឆ្នាំ2018 បានឱ្យដឹងថា គិត​ត្រឹម​ដំណាច់ឆ្នាំ2017 រោងចក្រ​ខ្នាត​ធំ​ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​សរុប 1,522 រោងចក្រ ស្មើនឹង 137% ធៀប​នឹង​ឆ្នាំ2013។

ក្នុងនោះ​ផ្នែក​ឧស្សាហកម្ម​តម្បាញ កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​មាន​ចំនួន 1,031រោងចក្រ ស្មើនឹង129% ដែល​បានផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​សរុប​មាន​ចំនួន 982,203 នាក់ ស្មើនឹង143% ប្រៀបធៀប​នឹង​ឆ្នាំ2013។ ចំណែកឯ​សហគ្រាស​ធុន​តូច មធ្យម និង​សិប្បកម្ម​មាន​ចំនួន​សរុប 155,640មូលដ្ឋាន ស្មើនឹង130% បើ​ធៀប​នឹង​ឆ្នាំ2013 ហើយ​បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ប្រមាណ 1,106,745នាក់ ស្មើនឹង229% ធៀប​នឹង​រយៈពេល​ដូចគ្នា​ខាងលើនេះ។

ចំណុច​នេះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ទាញ​ការចាប់អារម្មណ៍​ថា ក្នុង​ទិដ្ឋភាព​បច្ចុប្បន្ន កម្ពុជា​កំពុងតែ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ទៅជា​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ជាក់ស្តែង​តាម​តួលេខ​បង្ហាញថា វិស័យ​ឧស្សាហ​កម្មបាន​ចូលរួមចំណែក​នៃ​កំណើន​ផលទុន​សរុប​ក្នុងស្រុក​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ គឺ​ពី​ទំហំ 24.1% នៅ​ឆ្នាំ2013 ដល់​ទំហំ 30.9%នៅ​ឆ្នាំ 2017 ស្រប​ពេលដែល​វិស័យ​កសិកម្ម​មាន​ទំហំ 24.9% នៅ​ឆ្នាំ2017 ។

ប្រការនេះ​ធ្វើឱ្យ​កម្ពុជា​ប្រែក្លាយ​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​កំពុង​បន្តដំណើរ​ឈានទៅ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030៕

Leave a Reply

Your email address will not be published. Required fields are marked *