ក្លិប Liverpool នឹងត្រូវប្រឈមមុខនឹងការតស៊ូជាមួយនឹងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកចំនួន 200លានផោន (ស្មើនឹង 280.5លានដុល្លារអាមេរិក) ដើម្បីរក្សាទុកខ្សែប្រយុទ្ធដែលកំពុងតែឡើងទម្រង់លេងខ្លាំង Mohamed Salah ខណៈ ក្លិប Real Madrid ក្លិបBarcelona និងParis Saint-Germain សុទ្ធសឹងតែចង់បានខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបរូបនេះ។
Salah ដែលកំពុងតែជួបរដូវកាលយ៉ាងល្អឥតខ្ចោះរបស់គេជាមួយនឹងក្លិប Liverpool តាមរយៈការរកគ្រាប់បាល់បញ្ចូលទីបាន 37គ្រាប់ ក្នុងការប្រកួត 43លើកសម្រាប់ក្លិប និងប្រទេសរបស់គេ ហើយការបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់គេបានផ្តល់នូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិបយក្សៗប្រចាំតំបន់អឺរ៉ុប។
លោក Jurgen Klopp គ្រូបង្វឹករបស់ក្រុម Liverpool នឹងត្រូវតែច្រានចោលការផ្តល់តម្លៃខ្លួនជាកំណត់ត្រាពិភពលោកទាំងអស់ ដើម្បីរក្សាទុកតារាឆ្នើមរបស់ខ្លួន។ ក្លិប Liverpool បានចាញ់ក្នុងការប្រជែងមួយរួចស្រេចទៅហើយ ខណៈដែលពួកគេមិនមានជម្រើសអ្វីក្រៅពីការលក់ខ្សែបម្រើដ៏មានឥទ្ធិពល Philippe Coutinho ទៅឱ្យក្លិប Barcelona ឡើយ ក្រោយពីក្លិបយក្សរបស់អេស្ប៉ាញមួយនេះ បានផ្តល់តម្លៃខ្លួន 145លានផោន។ ហេតុនេះ រឿងមួយនេះអាចនឹងមានលក្ខណៈដូចគ្នាទៅនឹង Salah វ័យ 25ឆ្នាំនេះដែរ។
ក្លិបយក្សៗទាំង3ប្រចាំតំបន់អឺរ៉ុប ជឿជាក់ថា ក្រុមហ៊ុន Fenway Sports Group ម្ចាស់ក្លិប Liverpool នឹងមិនអាចច្រានចោលនូវសំណើមួយដែលនឹងមានចំនួនច្រើនជាង 198លានផោន ដែលក្លិប PSG បានចំណាយទិញ Neymar កាលពីរដូវក្តៅមុនឡើយ។ Liverpool បានចំណាយប្រាក់ត្រឹមតែ 34.3លានផោនប៉ុណ្ណោះសម្រាប់ការផ្ទេរ Salah ពីក្លិប Roma កាលពីរដូវក្តៅមុន៕
ប្រភពពី៖ The Sun