ក្រោមគោលនយោបាយជំរុញផលិតកម្មស្បៀងដែលគាំទ្រថវិកាពីរាជរដ្ឋាភិបាលបានធ្វើឱ្យទិន្នផលស្រូវនៅកម្ពុជានាចុងឆ្នាំ2017 និងដើមឆ្នាំ2018នេះ កើនឡើងប្រមាណជាង2% ធៀបនឹងឆ្នាំចាស់កន្លងផុតទៅ។
ឯកឧត្តមហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា កាលពីឆ្នាំ2016កន្លងទៅ កំណើនវិស័យកសិកម្មទាំងមូលមានប្រមាណជិត 3% ហើយការរួមចំណែករបស់វិស័យកសិកម្មក្នុងសេដ្ឋកិច្ចជាតិមានចំនួន 26.30% ដែលក្នុងនោះអនុវិស័យដំណាំមានចំនួន14.60% នៃផលិតផលក្នុងស្រុកសរុប ឬស្មើនឹង62.39%នៃចំណែកវិស័យកសិកម្មទាំងមូលក្នុងសេដ្ឋកិច្ចជាតិ។
ឯកឧត្តមបន្តថា តាមការប៉ាន់ស្មានផលិតកម្មដំណាំកសិកម្មក្នុងឆ្នាំ2017 និងដើមឆ្នាំ2018 កន្លងទៅនេះឃើញថា ផ្ទៃដីដាំដុះស្រូវអាចសម្រេចបានចំនួនជាង3.18លានហិកតា មានកំណើន1.9% ទិន្នផលស្រូវអាចទទួលបាន 3.287តោន/ហិកតា មានកំណើន2.36% បរិមាណផលស្រូវទទួលបានជិត10.5លានតោន មានកំណើន4.52% និងអតិរេកស្បៀងគិតជាអង្ករមានចំនួន3.5លានតោន មានកំណើន 7% ធៀបឆ្នាំ2016 និង2017។
ក្រៅពីដំណាំស្រូវ កម្ពុជាមានផលិតកម្មដំណាំរួមផ្សំដែលមានសក្តានុពលផ្សេងៗទៀតដូចជាពោត ដំឡូងមី ដំឡូងជ្វា បន្លែ និងសណ្តែកបាយ កើនឡើងប្រមាណជា19.84%។ រីឯការនាំចេញផលិតផលកសិកម្មមាននិន្នាការកើនឡើងជាលំដាប់ ហើយមានសម្ទុះខ្លាំងក្នុងរយៈពេល4ឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងការនាំចេញអង្ករជាផ្លូវការបានកើនឡើងពី205,717តោន នៅឆ្នាំ2012 ដល់635,679តោន នៅឆ្នាំ2017 គឺកើនឡើង17.25% ធៀបនឹងឆ្នាំ2016 ដែលមានចំនួន542,144តោន។ កំណើននៃការនាំចេញផលិតផលកសិកម្ម តាមរយៈការចេញវិញ្ញាបនបត្រភូតគាមអនាម័យបានកើនឡើងប្រមាណជា 9% ធៀបនឹងឆ្នាំ2016៕